ប្រទេស​ជាច្រើន​គាំទ្រ​សំណើ​បារាំង​កំណត់​ការប្រើ​សិទ្ធិ​វេតូ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ

កាលពី​ថ្ងៃ​ពុធ​ធ ប្រទេស​ជាច្រើន​បាន​ចុះហត្ថលេខា​លើ​សំណើ​របស់​បារាំង​ដើម្បី​កំណត់​ការប្រើប្រាស់​សិទ្ធិ​វេតូ​របស់​សមាជិក​អចិន្ត្រៃយ៍​ទាំង៥ ក្នុង​ដំណើរ​ការអនុម័ត​ដំណោះស្រាយ​នានា ជាពិសេស​ចំពោះ​ករណី​សម្លាប់​រង្គាល ប្រល័យពូជសាសន៍​ជាដើម។ ប្រទេស​ប្រហែល ជា៧៥ មកពី អាមេរិក​ឡាទីន អឺរ៉ុប អាស៊ី និង​អាហ្វ្រិក បានបង្ហាញ​ការគាំទ្រ​របស់ខ្លួន​លើ​សំណើ​របស់​បារាំង​ចំពោះ​ការប្រើប្រាស់​សិទ្ធិ​វេតូ។

ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Laurent Fabius បានលើកឡើង​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុងប៉ារីស​ក្នុងការ​លុបបំបាត់​ការសម្លាប់​រង្គាល​ដូចដែល​បាន​កើតឡើង​ក្នុងប្រទេស​ស៊ី​រី។ លោក​ចង់​បញ្ជាក់ថា បញ្ហា​នេះ​បានកើត​ឡើង​ក៏​ដោយសារ​ការប្រើប្រាស់​សិ​ទ្ធិ​វេតូ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ។
លោក​ថា៖ «បារាំង​ដែលមាន​សិទ្ធិ​វេតូ​ក្នុង​ដៃ តែ​បារាំង​សម្រេច​មិន​ប្រើ​សិទ្ធិ​នេះ​ក្នុង​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការសម្លាប់​រង្គាល ឫ​ករណី​ប្រល័យពូជសាសន៍​ទេ។ យ៉ាងណាក៏ដោយ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​ដែលមាន​សិទ្ធិ​វេតូ ដូចជា ចិន រុស្សី អាមេរិក និង​អង់គ្លេស មិនបាន​គាំទ្រ​ការផ្ដួចផ្ដើម​នេះឡើយ»

យោងតាម​សេចក្តីព្រាង​សេចក្ដីថ្លែងការណ៍​របស់​បារាំង  សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិនគួរ​ប្រើ​សិទ្ធិ​វេតូ​ដើម្បី​រារាំង​ដល់​ដំណោះស្រាយ​ទាំងឡាយណា​ដែល​ឈានដល់​បញ្ចប់​អំពើ​ប្រល័យពូជសាសន៍។ សេចក្ដីព្រាង​បានបញ្ជាក់ ទៀតថា សិទ្ធិ​វេតូ​មិនមែនជា​របស់​អ្នកណា​ទេ តែ​ជាការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​ពិភពលោក​ទាំងមូល។

ប្រទេស​ចិន​និង​រុស្សី​បាន​ប្រើប្រាស់​សិទ្ធិ​វេតូ​របស់ខ្លួន​ចំនួន៤ដង​ប្រឆាំងនឹង​វិធានការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ចំពោះ​ករណី​ប្រទេស​ស៊ី​រី។ ក្នុងនោះ​បី​លើក​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី​លោក បា​សា អាល់​អាសាដ និង​មួយ​លើក​ប្រឆាំង​ដំណោះស្រាយ​ដែល​ប៉ង​បញ្ជូន​របប​ស៊ី​រី​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

បើ​យោងតាម មន្ត្រីការទូត​អង្គការសហប្រជាជាតិ ចក្រភព​អង់គ្លេស​គាំទ្រ​ការផ្ដួចផ្ដើម​របស់​បារាំង។ ឯ​សហរដ្ឋអាមេរិក​បានបង្ហាញ​សញ្ញា​វិជ្ជមាន ប៉ុន្តែ​រុស្សី​និង​ចិន បាន​បដិសេធ​ការលើកឡើង​នេះ។

សូម​រម្លឹកថា ការ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​សំដៅ​ដល់​ការកំណត់​ការប្រើប្រាស់​សិ​ទិ្ធ​វេតូ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ខណៈ​មានការ​លើកឡើងថា សិទ្ធិ​វេតូ​មិនមែន​ប្រើ​សម្រាប់​ផលប្រយោជន៍​ពិភពលោក​នោះទេ តែ​ត្រូវបាន​ប្រើ​សម្រាប់​ការពារ 
 ប្រទេស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បញ្ហា​ដល់​ពិភពលោក​ទៅវិញ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម