បក្សប្រឆាំងនៅ មីយ៉ាន់ម៉ា ចេញសេចក្តីថ្លែងការណ៍ ពីបញ្ហារុកគួនក្នុង យុទ្ធនាការឃោសនា

រ៉ង់ហ្គូន៖ គណបក្សប្រឆាំង ដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា គឺគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិ ប្រជាធិបតេយ្យ (LDP) របស់លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវឲ្យបេក្ខជនតំណាងរាស្ត្រ ព្រមទាំងសមាជិករបស់ខ្លួនទាំងអស់ អនុវត្តន៍យុទ្ធនាការឃោសនា បោះឆ្នោតសកលនៅខែ វិច្ឆិកា ខាងមុខនេះ ទៅតាមច្បាប់ និង បទបញ្ជា នៃគណកម្មការជាតិរៀបចំការបោះឆ្នោតរបស់ សហភាព ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ នេះ ដោយ យោងទៅតាមសេចក្តីថ្លែងការណ៍របស់ LDP ទៀតថា មានតំបន់មួយចំនួន នៅក្នុងប្រទេស ដែល ទង់ និង ស្លាកសញ្ញាគណបក្ស បានទទួលរងការបំផ្លាញដោយជនមិនស្គាល់មុខ ហើយជាង នេះទៅទៀតសមាជិកគណបក្សរបស់ LDP មួយចំនួន ក៏ត្រូវក្រុមជនទុច្ចរិត រារាំង សកម្មភាព ព្រមទាំងប្រើប្រាស់អំពើហិង្សាមកលើខ្លួនផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ គណបក្ស LDP របស់លោកស្រី ស៊ូជី បានទទួលរង នូវសកម្មភាពរារាំងជាច្រើន ពីក្រុមមួយចំនួន ដូចជាការលើកបដាប្រឆាំងនឹងគណបក្សលោក ស្រី ព្រមទាំងមានក្រុមខ្លះទៀត រារាំងផ្លូវមិនឲ្យក្បួនរបស់គណបក្សលោកស្រី ធ្វើការដង្ហែ ទៅ តាមគោលដៅឲ្យបានរលូននោះ។ គណបក្ស LDP បានហៅទង្វើទាំងនេះថាជាការប្រឆាំង ចំពោះច្បាប់បោះឆ្នោត ឬ ជាបទឧក្រិដ្ឋកម្មក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបញ្ហានេះជាបន្ទាន់៕

បក្សប្រឆាំងនៅ មីយ៉ាន់ម៉ា ចេញសេចក្តីថ្លែងការណ៍ ពីបញ្ហារុកគួនក្នុង យុទ្ធនាការឃោសនា