​តុលាការ​បើកសវនាកា​រ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៨ និង​៤៥​នាទី ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥​នេះ លោក​ចៅក្រម រស់​ពិ​សិ​ដ្ផ និង លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​តុលាការ​បាន​បើកសវនាការ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ​។ 

​    ​លោក ហុង សុខ​ហួរ បាន​ថ្លែងថា បញ្ហា​សុខភាព​របស់លោក​មិនអាច​ទ្រាំ​នឹង​ការ​នៅក្នុង​ឃុំ​ទេ ។ ដូច្នេះ​លោក​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​លោក​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​លោក​ទទួល​យកតាម​លក្ខ​ខណ្ឌ​របស់​តុលាការ ដូចជា​ដាក់​លិខិតឆ្លងដែន ដាក់​ប្រាក់​តម្កល់ ឬក៏​តម្រូវ​ឲ្យ​មាន​សមាជិក​ព្រឹទ្ធសភា​ណា​ផ្សេង​ធានា​ជាដើម​។ 

​    ​លោក​មេធាវី ជួង ជូ​ងី បាន​លើកឡើងថា កូនក្ដី​របស់លោក​ព្រម​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល បើ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ហុង សុខ​ហួរ នៅក្រៅ​ឃុំ​។ លោក​មេធាវី​បានទាមទារ​ឲ្យ​តុលាការ​អនុវត្តតាម​ខ្លឹមសារ​មាត្រា​២០៣​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ 

​    ​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ជាអាទិ៍​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​បង្ហោះ​ព័ត៌មាន​ទាំងនោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

​តុលាការ​បើកសវនាកា​រ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ
​តុលាការ​បើកសវនាកា​រ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ