ក្មេង​ទំនើងកែ​ច្នៃ​បំពង់​ស៊ី​មុាំង​ឲ្យ​ឮខុស​លក្ខណៈ​បច្ចេកទេស ​នគរបាល​ចាប់​មក​អប់រំ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បី​រក្សា​បាន​ពី​សណ្តាប់ធ្នាប់​សង្គម ពិសេស​គឺ​បញ្ហា​ម៉ូតូ​ដែល​ឮលាន់​ដោយសារ​ការ​កែ​ច្នៃ​បំពង់​​ស៊ី​មុាំង​​នោះ លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជាដល់​កម្លាំង​នគរបាល​ការពារ​ និង​អន្តរាគមន៍ ចុះ​ប្រតិបត្តិការ​ចាប់​យក​មក​ធ្វើការ​អប់រំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី​សូ​យ សំណាង នាយការិយាល័យ​នគរបាល​ការពារ​ និង​អន្តរាគមន៍​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បាន​បទបញ្ជារបស់​លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមាន​ជ័យ  លោក​បាន​ដាក់​កម្លាំង​ចុះ​ធ្វើ​ប្រតិបត្តិការនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ជា​លទ្ធផលនៅ​ថ្ងៃ​ទី​០១​ តុលា ​២០១៥ កម្លាំង​របស់​លោក​បាន​ចាប់​ឃាត់​បាន​​មនុស្ស​ចំនួន​៤​នាក់ និង​ម៉ូតូ​៤​គ្រឿង​ជា​បន្តបន្ទាប់ដែល​កែ​ច្នៃ​ដាក់​បំពង់​ស៊ី​មុាំង​ខុស​លក្ខណៈ​បច្ចេកទេសឲ្យ​លាន់​ឭ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋដេក​ពួន​ពេល​យប់​មិន​បាន ។​

​​ក្រុម​ក្មេង​ទាំង​អស់នេះ ​លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តធ្វើការ​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​កើត​មាន​ជា​លើក​ទី​២ បន្ទាប់​មក​បាន​ឲ្យ​ម្ចាស់​ម៉ូតូ​យក​ជាងធ្វើ​ដោះ​ដូរ​បំពង់​ម៉ាំង​ប្រែ​ន​(​កែ​ច្នៃ​)​ចេញ​នៅ​ស្នងការដ្ឋានដាក់​បំពង់​​ស៊ី​មុាំង​​ដែល​ត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកទេស​វិញ​ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​៕ ​