វិធីធម្ម​ជាតិ ​ដើម្បី​ធ្វើ​ឱ្យស្បែក​របស់​អ្នកទន់​រលោង​

ទោះបី​ជាមាន​ផលិតផល​ថែសម្ផស្ស​ច្រើន​ប្រភេទ​ ដាក់លក់​នៅ​ក្នុងទីផ្សារ ​ដែល​សន្យាថា​នឹងផ្ដល់​ឱ្យអ្នកនូវ​ស្បែក​ទន់ម៉ត់​រលោង​ក៏ដោយ​ ប៉ុន្ដែ​វាអាច​មានតម្លៃថ្លៃ​ និង​មានសមាសធាតុ​មិនល្អ​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់ស្បែក។  ​ប៉ុន្ដែ​ជាភ័ព្វ​ល្អ ​ស្បែក​របស់​អ្នក​អាច​ ប្រែ​ជាទន់រលោង​ និង​ភ្លឺថ្លា​ដោយ​ជំនួយ​ពីគ្រឿង​ផ្សំ​បែប​ធម្មជាតិ​ដូច​ខាង​ក្រោមនេះ៖​
វិធីធម្ម​ជាតិ ​ដើម្បី​ធ្វើ​ឱ្យស្បែក​របស់​អ្នកទន់​រលោង​វិធីធម្ម​ជាតិ ​ដើម្បី​ធ្វើ​ឱ្យស្បែក​របស់​អ្នកទន់​រលោង​

១. ទឹក៖​ រឿងដ៏​សំខាន់​បំផុតមួយ​ ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ញ៉ាំង​ឱ្យ​ស្បែក​របស់​អ្នក​ទន់ម៉ត់​រលោង ​គឺ​ត្រូវ​ពិសាទឹក​ឱ្យបាន​ច្រើន។​ អ្នកគួរ​ពិសា​ទឹកពី ​៨ ទៅ ១០​កែវ​ក្នុងមួ​យថ្ងៃ។ ​ទឹកជួយឱ្យ​រាងកាយ​របស់​អ្នក​បណ្ដេញ​ចោល​នូវជាតិពុល​ និងកាក​សំណល់។​ ប៉ុន្ដែ​ទោះ​ជាយ៉ាងណា ​សូមចៀស​វាងការ​ពិសាភេសជ្ជៈ​ដាក់​ជាតិស្ករ ​គ្រឿង​ស្រវឹង ​និងភេសជ្ជៈ​ផ្ទុក​កាបូណាត។ ​ម្យ៉ាងទៀត​ សូមព្យាយាម​ពិសាផ្លែ​ឈើ ​និងបន្លែ​ ដែល​ផ្ទុកជាតិ​ទឹកខ្ពស់។​ ការសម្អាត​មុខរបស់​អ្នកយ៉ាង​តិចពីរដង​ក្នុងមួយ​ថ្ងៃនឹងជួយ​លើកកម្ពស់​សុខភាព​ស្បែក​របស់អ្នក​ឱ្យមានភាព​ស្រស់ស្អាត។​

២.  ក្រូចឆ្មារ៖ ​ក្រូចឆ្មារ​អាចយក​ទៅប្រើប្រាស់​ដើម្បីសម្អាត​ស្បែក​របស់អ្នក​ ធ្វើឱ្យ​ស្នាមខ្មៅស​ឡើងវិញ ​ព្រមទាំង​ធ្វើឱ្យ​ស្បែក​ទន់ម៉ត់រលោង។ ​ផ្លែឈើ​ជូរប្រភេទ​នេះមាន​ផ្ទុកនូវ​អង់ហ្ស៊ីម​លាង​សម្អាត​ ដែល​កម្ចាត់ចោល​នូវកោសិកា​ស្បែកខូច ​ដោយញ៉ាំង​ឱ្យស្បែក​របស់អ្នក​ទន់រលោង​ និង​ស្រស់ថ្លា។ ​ដោយសារ​គុណប្រយោជន៍​ទប់​ស្កាត់​របស់វា ​ធ្វើឱ្យ​ក្រូច​ឆ្មារ​​ក្លាយ​ជាភ្នាក់ងារ​សម្អាត​បែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស ​ដែល​មាន​ស្បែកខ្លាញ់។​

•ដើម្បី​បំបាត់​នូវស្នាម​អុជខ្មៅ ​និ​ងស្នាម​មុន ​អ្នកអាច​ប្រើ​ក្រូចឆ្មារ​ច្របាច់​ស្រស់ៗ ​និង​លាប​វាទៅ​លើស្បែកមុខ ​និង​ករបស់​អ្នក។ ​ទុកវា​ឱ្យបាន ​១០នាទី ​ហើយ​បន្ទាប់​មកលាង​ជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ។​ អ្នកអាច​អនុវត្ដ​វិធីនេះ​​ឱ្យ​​បានរាល់​ថ្ងៃ ​ឬ​ច្រើន​ដងក្នុង​មួយ​សប្ដាហ៍។​•ដើម្បីឱ្យស្បែក​ទន់រលោង​ សូមលាយ​ទឹកក្រូចឆ្មារ​ដែល​ច្របាច់​ចេញពីក្រូច​ឆ្មារមួយចំហៀង​ និងស៊ុត​ចំណែក​​មួយ​គ្រាប់។​ លាប​សមាសធាតុ​លាយផ្សំ​នៅលើ​មុខ​របស់អ្នក។​ ទុក​វាឱ្យបាន ​១០នាទី​បន្ទាប់​មក​លាង​ជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ​។ ​អនុវត្ដ​វា ម្ដង​ ឬ​ពីរដង​ក្នុងមួយ​សប្ដាហ៍។​

៣. ប៉េងប៉ោះ៖ ​ប៉េងប៉ោះ​គឺជាគ្រឿង​បំប៉ន​ស្បែកបែប​ធម្មជាតិ​ដ៏​ប្រសើរ​មួយប្រភេទ។​ មិន​តែប៉ុណ្ណោះ​ វាអាច​ជួយព្យាបាលស្នាមមុន​ និងស្នាមជាំ។​•ដើម្បីធ្វើ​ឱ្យស្បែក​របស់អ្នក​ទន់ម៉ត់​រលោង ​សូមកាត់​ប៉េងប៉ោះ​ស្រស់ដាក់​ក្នុងម៉ាស៊ីន​ក្រឡុន ​និងកិន​ឱ្យម៉ត់។ ​សូមលាប​ប៉េងប៉ោះ​កិនម៉ត់​ទៅលើ​មុខ​របស់​អ្នក ​និងទុកវា​ឱ្យបាន​ ១០នាទី​ បន្ទាប់មក​លាងសម្អាត​វាដោយ​ទឹកធម្មតា។ ការប្រើវាជារៀង​រាល់​ថ្ងៃ​អាច​ពង្រួម​រន្ធញើស ​ដែល​រីកធំ ​និងផ្ដល់​ឱ្យអ្នក​នូវ​ស្បែក​ទន់ម៉ត់​រលោង។​•ម្យ៉ាងទៀត​ អ្នក​ក៏អាច​ប្រើ​ប៉េងប៉ោះ​កិនម៉ត់​នេះដើម្បី​ព្យាបាល​មុនផងដែរ។​ លាប​វាត្រង់​កន្លែង​កើតមុន ​និងទុកវា​ឱ្យបាន ​មួយម៉ោង​ បន្ទាប់​មកលាង​ជម្រះ​វាដោយ​ទឹកធម្មតា៕​

អត្ថបទ៖ ដេវីដ
ប្រភព៖ top10homeremedies