ណាហ្គាវើល បញ្ចប់ក្ដីសង្ឃឹមក្រុមទ័ព ដោយលទ្ធផល ២-០ ខណៈបឹងកេត និង Cam-Tiger បន្ថែម ៣ពិន្ទុរៀងខ្លួន

ភ្នំពេញ៖ ក្ដីស្រម៉ៃរបស់ក្រុមក្រុមក្រសួងការពារជាតិ(ទ័ព) ក្នុងការស្វែងរកកៅអី Top-4 ដើម្បីឡើងទៅប្រកួតវគ្គ Play-Off ក្របខណ្ឌពានរង្វាន់លីកកំពូលកម្ពុជា រដូវកាលថ្មី ត្រូវបានកាត់បន្ថយហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវណាហ្គាវើល ជាមួយនឹងលទ្ធផលបច្ចេកទេស ២-០ កាលពីម្សិលមិញ គ្រាដែលក្រុមបឹងកេតអង្គរ និងក្រុម Cambodian Tiger សុទ្ធតែទទួលបាន ៣ពិន្ទុដូចគ្នា ក្រោយប្រកួតឈ្នះគូប្រកួតរៀងៗខ្លួន ។

ការបាត់បង់ក្ដីសង្ឃឹមឡើងទៅវគ្គបន្ដរបស់ក្រុមកំពុងឡើងជើងខ្លាំងក្រសួងការពារជាតិ ក្នុងការប្រកួតបង្ហើយកិច្ចសប្ដាហ៍ទី២០ កាលពីថ្ងៃទី០១ ខែតុលាម្សិលមិញនេះ គឺដោយសារកីឡាករ ទៀប វណ្ណៈ បានទាត់បាល់ទម្លុះសំណាញ់ទីក្រុមទ័ប ២គ្រាប់ម្នាក់ឯង នៅចុងម៉ោងទាំង ២គ្រាប់តែម្ដង ពោលគឺនាទីទី៨០ និងនាទីទី៩០ ដើម្បីជួយក្រុមណាហ្គាវើល ពង្រឹងតំណែងចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិន្ទុបណ្ដោះអាសន្នកាន់តែរឹងមាំថែមទៀត ។

គួរបញ្ជាក់ថា មុនការប្រកួតចាប់ផ្ដើមលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ធ្លាប់បានលើកឡើងថា សម្រាប់ជំនួប ៤ប្រកួតចុងក្រោយ ក្នុងនោះមានការប្រកួតជាមួយក្រុមណាហ្គាវើលនេះផងដែរ ប្រសិនបើទ័ព អាចយកឈ្នះក្រុមណាហ្គាវើលបាន នោះការរំពឹងឡើងទៅវគ្គ Play-Off គឺមានសង្ឃឹម ១០០%តែម្ដង ។ ប៉ុន្ដែឥលូវនេះការរំពឹងដ៏ខ្ពស់បែបនេះ ត្រូវបានរលាយហើយ ប៉ុន្ដែក្រុមទ័ព ក៏នៅសល់ ៣ប្រកួតទៀត ដើម្បីស្វែងរកពិន្ទុផងដែរ ដូច្នេះឱកាសឡើងវគ្គបន្ដមិនទាន់រលាយទាំងស្រុងឡើយ ។

ដោយឡែកក្រុមជើងខ្លាំងបឹងកេតអង្គរវិញ គឺបានពង្រឹងកៅអីលេខ២ ក្នុងតារាង និងតាមស្មើពិន្ទុក្រុមកំពូលតារាងភ្នំពេញក្រោន ៤៨ពិន្ទុដូចគ្នា បន្ទាប់ពីលុតក្រុមមជ្ឈលកំចាត់មីនកម្ពុជា(CMAC) ដោយលទ្ធផល ៣-០ កាលពីម្សិលមិញ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ៣គ្រាប់របស់ក្រុមបឹងកេត គឺធ្វើសម្រេចដោយកីឡាករប្រធានក្រុម ឃួន ឡាបូរ៉ាវី ១គ្រាប់, ចាន់ វឌ្ឍនាកា ១គ្រាប់ និងកីឡាករ រស់ សំអឿន ១គ្រាប់ ហើយជ័យជំនះ គឺជាលើកទី១៥ ក្នុងចំណោម ១៩ប្រកួត ដែលស្គាល់ពាក្យម្ដង និងស្មើ ៣ប្រកួត ។

ចំណែកក្រុម Cambodian Tiger បានរើសបំរះខ្លួនសាជាថ្មី មកឈរចំណាត់ថ្នាក់លេខ៥ ដោយចាញ់ពិន្ទុក្រុមឈរចំណាត់ថ្នាក់លេខ៣ គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមចំណាត់ថ្នាក់លេខ៤ ណាហ្គាវើល តែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីបន្ថែម ៣ពិន្ទុ តាមរយៈការប្រកួតឈ្នះក្រុមអាស៊ីអឺរ៉ុបទាំងប្រផិតប្រផើយបំផុតក្នុងលទ្ធផល ១-០ ។ ពេលនេះក្រុម Cambodian Tiger បានឆ្លងផុត ២០ប្រកួតទៅហើយ ដោយមាន ៣៤ពិន្ទុក្នុងដៃ ដូច្នេះក្រុមទើបប្ដូរឈ្មោះពីក្រុមត្រាយអាស៊ីមួយនេះ នៅសល់ ២ប្រកួតទៀត នឹងបញ្ចប់ការប្រកួតជើងទី២ ហើយក៏ជាការប្រកួតកាត់សេចក្ដីស្វែងរកក្រុមកំពូលតារាងឡើងទៅប្រកួតវគ្គ Play-Off ឬវគ្គ ៤ក្រុមចុងក្រោយតែម្ដង ៕

ណាហ្គាវើល បញ្ចប់ក្ដីសង្ឃឹមក្រុមទ័ព ដោយលទ្ធផល ២-០ ខណៈបឹងកេត និង Cam-Tiger  បន្ថែម ៣ពិន្ទុរៀងខ្លួន

ណាហ្គាវើល បញ្ចប់ក្ដីសង្ឃឹមក្រុមទ័ព ដោយលទ្ធផល ២-០ ខណៈបឹងកេត និង Cam-Tiger  បន្ថែម ៣ពិន្ទុរៀងខ្លួន