បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​បឹង​ឈូក​(​មុខ​មន្ទីរពេទ្យ​លោកសង្ឃ​)​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់​ផងដែរ​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក មិនចេះ​អស់នោះ​ទេ ព្រោះ​កន្លងមក​សមត្ថកិច្ច​ប​ង្ក្រា​ប​បានតែ​ជនសង្ស័យ​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច ចំណែក​មេខ្លោង​ធំៗ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ជាងនេះទៅទៀត​សមត្ថកិច្ច​ក្នុង​សង្កាត់​ទឹកថ្លា និង​ខណ្ឌ​សែន​សុខ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​សមត្ថភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា នោះឡើយ​។​

កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​។ ប្រភពពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ គឺ​ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ម្នាក់ ឈ្មោះ តាំង ឃុនលី ហៅ​អា​ខ្មៅ​តូច ក្នុងចំណោម​បក្ខពួក​៣​នាក់​ដែល​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បង្ក្រាប​នាពេល​កន្លងមក​។ ក្នុងការ​បង្ក្រាប​ជនសង្ស័យ​៨​នាក់​កាលពី​ព្រលប់ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​ដូចជា ម្ស៉ៅ​ក្រាម​ពណ៌​ស​៤​កញ្ចប់​ក្នុងនោះ​មាន​១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ និង​ទូរស័ព្ទ​២​គ្រឿង​ព្រមទាំង​ប្រដាប់ប្រដា​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា បាន​រិះគន់​ចំៗ​ថា មេ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទឹកថ្លា និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះទេ​។ ជាក់ស្ដែង​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់ និង​រឹបអូស​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នាពេល​កន្លងមក គ្រាន់តែ​ធ្វើឡើង​តាមរបៀប​លេងសើច​ប៉ុណ្ណោះ ព្រោះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ដូច្នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក ជាបន្ទាន់​កុំ​ឲ្យ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​តទៅទៀត​៕

CH-00037 CH-00033​    ​