បទល្មើស​នាំចូល​ម៉ូតូ​គេចពន្ធ​តាម​ច្រក​ចាំ​យាម កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាល់តែសោះ​។ ជាក់ស្ដែង​លោក ថេ​ង ម៉ុង​ហួន បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ច្រក​ចាំ​យាម ក្នុង​មួយខែៗ​រាប់រយ​រាប់ពាន់​គ្រឿង ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ពិនិត្យមើល​ជាបន្ទាន់​ចំពោះ​អំពើពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​របស់លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម​ជាបន្ទាន់​។​

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​គយ​ច្រក​ចាំ​យាម​ក្រោម​ការគ្រប់គ្រង​របស់លោក ថេ​ង ម៉ុង​ហួន បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ក្នុង​មួយខែៗ​រាប់រយ​រាប់ពាន់​គ្រឿង​។ មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ថេ​ង ម៉ុង​ហួន កំពុង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត​។ នៅពេលដែល​អ្នកសារព័ត៌មាន​ចុះ​ទៅយក​ព័ត៌មាន​នៅ​ចំណុចឃ្លាំង​ដែល​ឈ្មួញ​ខិលខូច​ស្តុក​ម៉ូតូ​គេចពន្ធ ត្រូវ​ឈ្មួញ​រកស៊ី​នាំចូល​ម៉ូតូ​គេចពន្ធ​ប្រមាថ​ដល់​អាយុជីវិត​ថែមទៀត​។ ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​បានបង្ហាញ​នូវ​ឥទ្ធិពល​ដ៏​គឃ្លើន​របស់​ពួកគេ ដោយ​គ្មាន​ញញើត​ច្បាប់ទម្លាប់​អ្វី​ទាំងអស់ និង​គំរាម​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថតរូប​ឃ្លាំង​ស្តុក​ម៉ូតូ​គេចពន្ធ​ទៀតផង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ម៉ូតូ​គេចពន្ធ​ដែល​លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​ចាំ​យាម បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​នោះ មាន​ម៉ាក​ទំនើបៗ​ដូចជា MSX និង ZOOMER ព្រមទាំង​ម៉ាក​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុងតម្លៃ​ខ្ពស់​។ ម៉ូតូ​ទាំងនោះ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​រថយន្ត​ធំៗ ដោយ​ក្នុង​មួយ​រថយន្ត​ផ្ទុក​បាន​ប្រមាណ​៧០​គ្រឿង​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ការដែល​លោក ថេ​ង ម៉ុង​ហួន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​ប្រធាន​សាខាគយ​ខេត្តកោះកុង និង​មេ​គយ​ធំៗ​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ផងដែរ​។ ហេតុនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ថេ​ង ម៉ុង​ហួន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​តាម​អំពើ​ចិត្ត​ទៀត​៕

59292 30-09-201559291​    ​