អំពើពុករលួយ​របស់​លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី ត្រូវបាន​លាតត្រដាង​

មន្ត្រីរាជការ​ក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចាត់វិធានការ​លើ​លោក ឆាយ សាវុធ តាមច្បាប់​ជាបន្ទាន់​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី បាន​ប្រព្រឹត្ត​អំពើពុករលួយ ដឹកនាំ​គ្រប់គ្រង​ការងារ​តាមរបៀប​ផ្ដាច់ការ​និង​បន្លំ​ឯកសារ​សាធារណៈ​ផងដែរ​។ ដូច្នេះ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មិនត្រូវ​បណ្ដោយ​ឲ្យ​លោក ឆាយ សាវុធ ព្រមទាំង​បក្ខពួក​មួយ​ក្ដាប់​តូច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី ជាច្រើន​នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ថ្មីៗ​នេះ​លោក ឆាយ សាវុធ បាន​ក្លែង​ឯកសារ​ក្នុង​ការប្ដូរ​ប្រវត្តិរូប​អតីតមន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​ឈ្មោះ ថុល យុ​ពង្ស ដែលមាន​អាយុ​៥០​ឆ្នាំ​គឺ​ថ្ងៃខែ​ឆ្នាំ​កំណើត ០១ មករា ១៩៦៥ ឲ្យ​មក​នៅត្រឹម​អាយុ​២៧​ឆ្នាំ ដោយ​ប្ដូរ​ថ្ងៃខែ​ឆ្នាំ​កំណើត​មក​នៅ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៨៧​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មោះ ថុល យុ​ពង្ស បម្រើ​ការងារ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​របស់​មន្ទី​រ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី​១០​ឆ្នាំ​ហើយ តាំងពី​គាត់​អាយុ​ជាង​៤០​ឆ្នាំ​ម្ល៉េះ​។ មន្ត្រីរាជការ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​រិះគន់ថា​លោក ឆាយ សាវុធ កំពុង​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ជាងនេះទៅទៀត​តាម​ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ភាគច្រើន​បាន​ឲ្យ​ដឹងថា លោក ឆាយ សាវុធ ចាយវាយ​ថវិកា​សម្រាប់​មន្ទីរ​ដោយមាន​ភាពមិនប្រក្រតី និង​តែងតាំង​មន្ត្រីក្រោមឱវាទ​ដោយ​គិតគូរ​បញ្ហា​បក្ខពួកនិយម​ជាធំ​។ មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី លោក ឆាយ សាវុធ បានធ្វើការ​តែងតាំង​ក្មួយ​ស្រី​ម្នាក់​ឲ្យ​មកកាន់​ការងារ​គណនេយ្យ​ក្នុង​មន្ទីរ​យ៉ាង​ក្រអឺតក្រទម​ទៀតផង នេះ​មិនទាន់​គិតដល់​អំពើពុករលួយ​ជាច្រើន​រូបភាព​ដែល​នឹងត្រូវ​លាតត្រដាង​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​នោះទេ​។ ដូច្នេះ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ឆាយ សាវុធ ជាបន្ទាន់ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​គួរ​បើក​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី ជាបន្ទាន់​ផងដែរ​៕

b64c5e43-aac6-4b5f-b4c5-e3fa3be6cbc6