លោក សម រង្ស៊ី ព្រមាន​ខ្លាំងៗ​ដល់​អ្នកជំនួញ​មាន​ឥទ្ធិពល​នៅ​ស្រុក​ខ្មែរ​ដែល​រកស៊ី​ខុសច្បាប់​

​នៅថ្ងៃនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន ព្រមាន​ចំពោះ​អ្នកមាន​ស្រុក​ខ្មែរ​ដែល​រកស៊ី​ខុសច្បាប់​ថា អាច​នឹង​ប្រឈមមុខ​នឹង​តុលាការ​ឯករាជ្យ​មួយ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​។ តុលាការ​ឯករាជ្យ​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​នៅពេលនេះ គឺ​គ្រោង​នឹង​បង្កើតឡើង ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយផ្ទាល់​បើ គណបក្ស​មួយ​នេះ ឈ្នះឆ្នោត​។ គួរ​បញ្ជាក់ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​សិក្ខាសាលា​ស្តីពី​ដំណើរការ​នៃ​ការបោះឆ្នោត​ដើម្បី​ឈានទៅរក​ការផ្លាស់ប្តូរ​ដែល​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀល​នៅថ្ងៃនេះ​។​

​ក្នុង​សិក្ខាសាលា​ខាងលើនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត បាន​បកស្រាយ​ឆ្លើយតប​នឹង​អ្នក​ដែល​និយាយថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នឹងមាន​សង្គ្រាម​កើតឡើង​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ដោយ​មិន​ញញើត​ថា អ្នក​ដែល​និយាយ​បែបនេះ គឺ​ដោយសារ​អ្នកនោះ​នៅជាប់​អនុស្សាវរីយ៍​ពី​ខ្មែរក្រហម​មក​។​

​គួររំលឹកថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាលពី​ចុងខែ កញ្ញា ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ បាន​ព្រមាន​ខ្លាំងៗ អំពី​ការកើត​សង្គ្រាម ប្រសិនបើ​គណបក្សជំទាស់​ឈ្នះឆ្នោត ហើយ​ការព្រមាន​របស់លោក ហ៊ុនសែន ត្រូវគេ​សង្កេតឃើញថា​មិនមែនជា​លើក​ទី​១​នោះទេ គឺ​បាន​ព្រមាន​ច្រើនដង​មកហើយ ពិសេស​ជិត​ដល់ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​ការព្រមាន​នេះ​ត្រូវគេ​ដឹងថា​ជា​ល្បិចកល​នយោបាយ​បំភិតបំភ័យ​អ្នកបោះឆ្នោត​។​

​ជុំវិញ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ប្រទេស​កម្ពុជា​នឹង​គ្មាន​សង្គ្រាម​នោះទេ​។ លោក សម រង្ស៊ី បាន​បន្ថែមទៀតថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រកាន់​គោលការណ៍​មិន​យក​ប្រជាជន​ខ្មែរ​ណា​ធ្វើជា​សត្រូវ​នោះទេ ហើយ​ពាក់ព័ន្ធ​បញ្ហា​ជាមួយ​ប្រទេសជិតខាង​ពិសេស​បញ្ហា​ព្រំដែន និង​អធិបតេយ្យ​ជាតិ ជាដើម​នោះ ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹងធ្វើ​ការដោះស្រាយ​បញ្ហា​តាមផ្លូវ​ការទូត និង​សន្តិវិធី​ដោយ​ប្រើប្រាស់​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្កត់ធ្ងន់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​គ្មាន​សត្រូវ នោះ​លទ្ធភាព​នៃ​ការកើត​សង្គ្រាម​ក៏​មិនអាច​កើតឡើង​បានដែរ​៕

12096069_1208112802539350_4996623531689911092_n 12112180_1208112495872714_2144063010235119977_n