ប្រជាពលរដ្ឋ សង្ស័យ​អាជ្ញាធរ ចេញ​ប្លង់រឹង​ឲ្យ​ឯកជន កាត់​យក​ដី​បឹង​ធម្មជាតិ នៅក្នុង​ឃុំ​រការ​ខ្ពស់ ស្រុកស្អាង

ខេត្តកណ្តាល: លោក ញ៉ែម វ​ន្ថា អភិបាលរង​ស្រុក​ស្អាង បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ពិនិត្យ​ចំណុច​ដី​របស់លោក វិត ធា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកណ្តាល ដែល​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ នៅ​ស្រុក​ស្អាង​ថា លោក វិត ធា​រិ​ទ្ធ បាន​រំលោភ​បំពាន​ជីក​ទំនប់​ព័ទ្ធ​យក​ដី​បឹង​ធម្មជាតិ ចំនួន ១៨ ហិកតា កាលពី​ល្ងាច ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​។​

​លោក ញ៉ែម វ​ន្ថា អភិបាលរង​ស្រុក​ស្អាង បាន​ថ្លែងថា ក្រោយពី​ការពិនិត្យ​ទៅ យើង​បាន​ឯកភាព​ជាមួយ​ប្រជាពលរដ្ឋ និង​លោក វិត ធា​រិ​ទ្ធ ហើយ គឺ​ខាង​លោក វិត ធា​រិ​ទ្ធ មិន​ទាមទារ​អ្វី​ធ្ងន់ធ្ងរ​ទេ គាត់​ថា គាត់​នឹង​យកទៅ​តាម​ប្លង់​របស់គាត់ ដែលមាន​ស្រាប់​។ ចំណែក​ប្រជាពលរដ្ឋ ក៏​គាត់​ចង់បាន​អញ្ចឹង​ដែរ គឺ​ចង់បាន​បឹង ដែលមាន​ស្រាប់​ពីមុនមក ដែល​នៅសល់​ពី​ប្លង់រឹង​។​

​លោក​អភិបាលរង​ស្រុក បាន​ថ្លែង​បន្តទៀតថា "​បឹង​នេះ មិន​មែនមាន​ទៅតាម​ប្រជា​ពលរដ្ឋ​​គាត់​កំណត់​ទេ គឺមាន​នៅក្នុង​ផែនទី​រដ្ឋបាល ដែលមាន​ស្រាប់ ពាក់ព័ន្ធ​នឹង​បឹង​ហ្នឹង​។ អញ្ចឹង​បើ​បងប្អូន​ប្រជាពលរដ្ឋ​ទាមទារ ១៨ ហិកតា សួរថា​? ទៅរក​ឯណា​បាន​ជូន​គាត់​! អញ្ចឹង​យើង​កំណត់ថា ជាក់ស្តែង ក្រៅពី​ប្លង់រឹង​មក ដែល​គេ​មាន​របស់គេ​ចុះ​ជា​ប្រព័ន្ធ​ហ្នឹង អាហ្នឹង​ហើយ​ដែល​យើង​កំណត់ថា​ជា​របស់​បឹង​ហើយ​។ តែ​បើសិនជា​ដី​របស់លោក វិត​ធា​រិ​ទ្ធ ដែល​គាត់​កំណត់ថា ប្លង់រឹង​ត្រឹមហ្នឹង រឺ​ត្រឹមណា តែ​នៅពេល​ដែល​យើង​ឆែក​មើលទៅ​ឃើញថា វា​ថយ​ពិតមែន ចាំ​យើង​គិត​ទៀត​! មិនមែន​ថា​យើង​អត់​ដំណោះស្រាយ​ទេ យើង​មាន​ដំណោះស្រាយ​មួយ សមស្រប​សម្រាប់​ពួកគាត់​ទទួល​យក​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ ទាំង​លោក វិត ធា​រិ​ទ្ធ មិន​ឲ្យ​ខាង​ណា រំលោភ​​លើ​ខាង​ណា​នោះទេ​"​។

​ការបកស្រាយ​បែបនេះ របស់លោក​អភិបាលរង​ស្រុក​ស្អាង បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​មិន​អស់ចិត្ត និង​មានការ​ព្រួយបារម្ភ​ដដែល​។ ប្រជាពលរដ្ឋ ខ្លាចក្រែង​អាជ្ញាធរ​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មន្ត្រី​ជំនាញ លួច​ច្រឹប​ដី​បឹង រួច​ធ្វើ​ប្លង់រឹង លក់​ឲ្យ​លោក វិត ធា​រិ​ទ្ធ​។

​ដោយឡែក​ខាង​លោក វិត ធា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកណ្តាល ក៏បាន​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផងដែរ​ថា លោក​សប្បាយរីករាយ ដែល​ឃើញ​ប្រជាពលរដ្ឋ មាន​ឧ​ត្ត​ម​គតិ​គ្រប់គ្នា ដើម្បី​រក្សា​ដី​បឹង​។

​លោក វិត ធា​រិ​ទ្ធ បាន​សំណូមពរ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឲ្យ​មាន​ឧ​ត្ត​ម​គតិ​ដូច​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង​។​

​លោក វិត ធា​រិ​ទ្ធ នៅ​ចំពោះមុខ​អ្នកកាសែត និង​ប្រជាពលរដ្ឋ បាន​ថ្លែងថា "​គាត់​ទាំង​អស់គ្នា អញ្ចឹង ខ្ញុំ​កោត​សើរ​ដល់​គាត់ ដែល​គាត់​មាន​ឧ​ត្ត​ម​គតិ​រក្សា​បឹង​ធម្មជាតិ ដែលជា​កេរ្តិ៍ដំណែល​របស់​ដូនតា ដើម្បី​កុំ​ឲ្យ​គេ​រុករាន​យក ហើយ​ពួកគាត់ យល់ច្រឡំ​ថា ខ្ញុំ​បិទ​ផ្លូវទឹក ផ្លូវ​អីហ្នឹង មិន​ត្រឹមត្រូវ​ទេ​។​រហូតដល់​បច្ចុប្បន្ន គឺ​យើង​បាន​បើក​ឲ្យ​ទឹក​ចូល​ហើយ តែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ មួយចំនួន ពួកគាត់​មិនសូវ​សប្បាយចិត្ត​ទេ ដោយសារ​ពេលដែល​បើកទឹក​ទៅ​លិច​ពោត លិច​សណ្តែក​របស់​ពួកគាត់​។ តែ​ចំពោះ​ខ្ញុំ ដែលជា​ម្ចាស់​ដី នៅ​ជុំវិញ​បឹង​នេះ គឺ​ខ្ញុំ​ចង់​ឲ្យ​ទឹក​ចូល​បឹង ដើម្បី​ប្រលែង​ពូជ​ត្រី ពីព្រោះ​ខ្ញុំ ក្នុង​មួយឆ្នាំៗ ខ្ញុំ​ប្រលែង​ពូជ​ត្រី ១​ម៉ឺន ទៅ ២​ម៉ឺន​កូន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ដាក់​ស​ន្ទួ​ច ដាក់មង រក​ទទួលទាន​"​។​
 
​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ ក៏មាន​ប្រតិកម្ម​ភ្លាមៗ​ផងដែរ នូវ​ការបកស្រាយ​របស់លោក វិត ធា​រិ​ទ្ធ ដូច្នេះ ដោយ​ប្រជាពលរដ្ឋ និយាយថា ការនិយាយ​នេះ គឺ​មិន​ពិត​ទេ ជា​រៀងរាល់ឆ្នាំ មិនដែល​ឃើញ​លោក វិត ធា​រិ​ទ្ធ ប្រលែង​កូន​ត្រី​ចូលក្នុង​បឹង​នោះទេ​។ រីឯ​ការបើក​ឲ្យ​ទឹក​ចូលក្នុង​បឹង​នេះ គឺធ្វើឡើង ក្រោយ​ប្រជាពលរដ្ឋ មានការ​តវ៉ា​កាលពី​សប្តាហ៍​មុន​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ អំពី​ការខ្លាច​លិច​ពោត សណ្តែក ដែល​លោក វិត ធា​រិ​ទ្ធ បានលើកឡើង​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា គឺ​គ្មានទេ ការបកស្រាយ​ដូច្នេះ គ្រាន់តែ​ជា​លេស និង​ល្បិច​មួយ​ប៉ុណ្ណោះ​។

​គួរ​បញ្ជាក់ថា ខណៈដែល​កម្លាំងចម្រុះ ចុះទៅ​ត្រួតពិនិត្យ​ចំណុច​ដី​បឹង​ធម្មជាតិ​នោះ គេ​បានឃើញ​លោក វិត ធា​រិ​ទ្ធ ជជែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​តឹង​ស​សៃ​ក​។​

​ប្រជាពលរដ្ឋ និយាយថា ប្រសិនបើ​លោក វិត ធា​រិ​ទ្ធ មិនបាន​រំលោភ​យក​ដី​បឹង ក៏​ពួកគាត់ មិន​និយាយ​ដែរ​។ ប៉ុន្តែ​នេះ​ជាការ​ពិត ឃើញ​រំលោភ​យក​ជាក់ស្តែង​អញ្ចឹង ទើប​ប្រជាពលរដ្ឋ ហ៊ាន​និយាយ​។​

​ប្រជាពលរដ្ឋ នៅ ៣​ឃុំ នៅ​ស្រុក​ស្អាង នៅតែ​ទទូច​ស្នើសុំ​ដល់​អភិបាល​ខេត្តកណ្តាល ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន មេត្តា​ពិនិត្យ​លើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ស្អាង ដែល​ចេញ​ប្លង់រឹង កាត់​ដី​បឹង​ធម្មជាតិ ធ្វើជា​កម្មសិទ្ធិឯកជន ព្រោះ​បើ​ធ្វើ​ដូច្នេះ​មែន នោះ​ដី​បឹង​ធម្មជាតិ នឹងត្រូវ​ឯកជន ចាក់ដី​លុប​ដោយ​ស្របច្បាប់​ហើយ​៕​

ប្រជាពលរដ្ឋ សង្ស័យ​អាជ្ញាធរ ចេញ​ប្លង់រឹង​ឲ្យ​ឯកជន កាត់​យក​ដី​បឹង​ធម្មជាតិ នៅក្នុង​ឃុំ​រការ​ខ្ពស់ ស្រុកស្អាង

ប្រជាពលរដ្ឋ សង្ស័យ​អាជ្ញាធរ ចេញ​ប្លង់រឹង​ឲ្យ​ឯកជន កាត់​យក​ដី​បឹង​ធម្មជាតិ នៅក្នុង​ឃុំ​រការ​ខ្ពស់ ស្រុកស្អាង

ប្រជាពលរដ្ឋ សង្ស័យ​អាជ្ញាធរ ចេញ​ប្លង់រឹង​ឲ្យ​ឯកជន កាត់​យក​ដី​បឹង​ធម្មជាតិ នៅក្នុង​ឃុំ​រការ​ខ្ពស់ ស្រុកស្អាង