ម៉ូតូ​ស៊េរី​ថ្មី​ៗ​ឆ្នាំ​២០១៥ កំពុង​បន្ត​សម្រុក​នាំ​ចូល​តាម​ច្រកចូល​អន្តរជាតិ​ចាំ​យាម​ឱ្យទាន់​រដូវ​បុណ្យ

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ មាន​រថយន្ត​ថៃ​​មួយ​គ្រឿង ដឹក​ម៉ូតូ​ស៊េរី​ថ្មី​ៗ​ឆ្នាំ​២០១៥ ចម្រុះ​ដូច​ជា​ម៉ាក PCX, MSX, Clike, Zoomer x និង Scopy ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ។

តាម​សមត្ថកិច្ច​ច្រក​ទ្វារ​បញ្ជាក់​ថា អត្រា​នៃ​ការ​នាំ​ម៉ូតូ​ចូ​​​ល គឺ​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ហើយ​តាម​ការ​កត់សម្គាល់​ជាក់​ស្តែង គឺ​ក្នុងអំឡុងពេល​តែ​១០​ថ្ងៃ មាន​ចំនួន​ម៉ូតូ​នាំ​ចូល​រាប់រយ​គ្រឿង​ទៅ​ហើយ ។ ជាក់ស្តែង​ថ្ងៃ​ទី​១៩ កញ្ញា ២០១៥ ម៉ូតូ​នាំ​ចូល​២​រថយន្ត​ចំនួន​៧៤​គ្រឿង ថ្ងៃ​ទី​២២ កញ្ញា ២០១៥ ១​រថយន្ត​មាន​ចំនួន​៣៣​គ្រឿង ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ ២​រថយន្ត​មាន​ចំនួន​ប្រមាណ​៨០​គ្រឿង ថ្ងៃ​ទី​២៨ កញ្ញា ២០១៥ ១​រថយន្ត​ប្រមាណ​៤០​គ្រឿង ហើយ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ នាំ​ចូល​១​រថយន្ត​ជាង​៣០​គ្រឿង ។

ប្រភព​ពី​មន្ត្រី​គយ​ច្រក​ទ្វារ​ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ម៉ូតូ​ទាំងនេះ​ត្រូវ​បាន​នាំ​ចូល​មក​បង់ពន្ធ​១០០% តែ​បាន​បដិ​សេធ​មិន​ព្រម​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​ឱ្យ​កាសែត​ដឹង​ឡើយ ។

បរិមាណ​នាំ​ចូល​ខាងលើ​នេះ ជា​ដំណឹង​ក្រៅផ្លូវការ​ប៉ុណ្ណោះ ព្រោះ​មន្ត្រី​គយ​ច្រក​ទ្វារ​និយាយ​ថា ឃើញ​ប៉ុន្មាន​ដាក់​ប៉ុណ្ណឹង​ទៅ កុំ​ចង់​ដឹង​ពេក ។ ចំពោះ​ម៉ូតូ​ថ្មី​ៗ ដែល​នាំ​ចូល​​តាម​ផ្លូវទឹក​វិញ ក៏​មាន​ចំនួន​ច្រើន​ដែរ លើក​ពី​ទូក​ដាក់​លើ​រថយន្ត​ដោយ​រលូន ។ ឃើញ​ប៉ូលិស​​សេដ្ឋកិច្ច​អត់​ស្ងាត់​ៗ​ដែរព្រោះ​គេ​ថា ក្រុមហ៊ុន​តែ​មួយ​ទេ​... សុទ្ធតែ​ស្គាល់​... សុទ្ធតែ​គ្នា​ឯង ។