PATA ​លើក​យក​សក្ដានុពល​វិស័យ​ទេសចរណ៍​ចែក​រំលែក​ដល់​និស្សិត​ភូមិន្ទ​ភ្នំពេញ

PATA ​លើក​យក​សក្ដានុពល​វិស័យ​ទេសចរណ៍​ចែក​រំលែក​ដល់​និស្សិត​ភូមិន្ទ​ភ្នំពេញ

និស្សិត​ឆ្នាំ​ទី ៣ ​និង​ទី ៤ ​ជំនាញ​ទេសចរណ៍ ​និង​បដិសណ្ឋារកិច្ច​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង​ ១០០ ​នាក់​បាន​ចូល​រួម​ស្វែង​យល់​ពី​សក្ដានុពល​នៃ​វិស័យ​នេះ​​ក្នុង​សិក្ខា​សាលា​មួយ​ដែល​រៀបចំ​ដោយ​​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា​ដែល​ហៅ​កាត់​ថា ​PATA កាល​ពី​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​ទី ​១ ​តុលា​​​​​នៅ​បន្ទប់​លេខ​ ១២១ ​អគារ​ A ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

​​​​​​លោក​ វង្ស មោហ្គេន​ ​Managing Partner ​នៃ​ក្រុមហ៊ុន​ B2B ​​បាន​លើក​យក​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​មួយ​ចំនួន​ដែល​​​យើង​មាន​ និង​អាច​បង្អួត​ដល់​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត។ ​​​​​កម្ពុជា​​មាន​វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់ ​និង​សម្បូរ​បែប​ជាង​គេ​ក្នុង​តំបន់​ដោយ​ក្នុង​នោះ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ទី​សក្ការៈ​ធំ​បំផុត​ក្នុង​លោក​​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ។ ​ប្រជាជន​កម្ពុជា​​​ពោរពេញ​ដោយ​ស្នាមញញឹម ​​និង​បម្រើ​ដោយ​អស់​ពី​ចិត្ត។ ​​ក្រៅ​ពី​នេះ​ កម្ពុជា​ក៏​មាន​ផលិតផល​ទេសចរណ៍​ជា​ច្រើន​ផ្សេង​ទៀត​ចម្រុះ​​គ្នា​​រាប់​តាំង​ពី​​វប្បធម៌ ​ធម្មជាតិ ដល់​​អេកូ​ទេសចរណ៍។

 

PATA ​លើក​យក​សក្ដានុពល​វិស័យ​ទេសចរណ៍​ចែក​រំលែក​ដល់​និស្សិត​ភូមិន្ទ​ភ្នំពេញ

 

​​បើ​ទោះ​ជា​មាន​សក្ដានុពល​ទាំង​អស់​នេះ​ក្ដី ​លោក​បាន​លើក​យក​ចំណុច​មួយ​ចំនួន​ដែល​ក្នុង​នាម​ប្រជាជន​កម្ពុជា​មិន​ត្រូវ​មើល​រំលង។ ​​ចំណុច​ទាំង​នោះ​រួមមាន ​​មិន​ត្រូវ​ពឹង​តែ​លើ​ប្រាសាទ​អង្គរវត្ត​​តែ​មួយ​ ​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ទៀត​ដើម្បី​ទាក់​ចិត្ត​ទេសចរណ៍។ ​​កុំ​ពឹង​លើ​ទីផ្សារ​ទេសចរណ៍​ដែល​មាន​ស្រាប់​ ត្រូវ​ស្វែងរក​គោលដៅ​ថ្មីៗ​ដើម្បី​ទាញ​ទេសចរ​ចម្រុះ។ ​​​​ត្រូវ​ការពារ​​សត្វព្រៃ និង​ធម្មជាតិ​ដែល​​នឹង​វិនាស​ជា​រៀង​រហូត​ព្រោះ​ទេសចរណ៍​កម្ពុជា​ពឹង​ផ្អែក​ច្រើន​លើ​ធម្មជាតិ ​និង​អេកូ​ទេសចរណ៍។ ​​

 

លោក​លើក​យក​លក្ខណៈសម្បត្តិ​បួន​ដែល​អាច​ទាញ​ទេសចរ​មក​លំហែ​កាន់​តែ​ច្រើន ​​ដោយ​ក្នុង​នោះ​រួម​មាន​សុវត្ថិភាព ​​​​ភាព​អាច​ទៅ​ដល់ ​(ផ្លូវ​ហោះហើរ ​ផ្លូវ​ថ្នល់ ​ផ្លូវទឹក) ​​​គោលដៅ​កម្សាន្ត​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ​(ផ្លូវ​ថ្នល់ ​សណ្ឋាគារ ​​អាកាសយានដ្ឋាន)។

 

​​ក្នុង​សិក្ខាសាលា​នោះ​ដែរ ​អ្នក​នាង​ Micky ​​​មក​ពី​សណ្ឋាគារ​សាន់វ៉េ​បាន​និយាយ​ដែរ​ថា ​ក្រៅ​ពី​កន្លែង​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​ស្រាប់​ ​​កម្ពុជា​មាន​អំណោយ​ផល​ល្អៗ​ជា​ច្រើន​ទៀត​​ក្នុង​នោះ​ប្រជាជន​មាន​ភាព​រួសរាយ​រាក់ទាក់ ​​ហើយ​​​ការ​ប្រាស្រ័យ​ទាក់ទង​​ជា​ភាសា​អង់គ្លេស​បាន​ល្អ​ក្នុង​ចំណោម​ប្រជាជនកម្ពុជា​ក៏​ជា​ចំណុច​វិជ្ជមាន​ដែរ។ ​​​​​​​តំណាង​សណ្ឋាគារ​សាន់វ៉េ​​រូប​នេះ​បន្ត​ថា ​​​ដើម្បី​ឲ្យ​ទេសចរណ៍​យើង​កាន់​តែ​​ប្រសើរ​គឺ​ផ្ដើម​ចេញ​ពី​យើង​ម្នាក់​ៗ​​រួម​ចំណែក​ផ្សព្វផ្សាយ ​​មិន​ថា ​ដោយ​ផ្ទាល់ ​ឬ​ដោយ​ប្រយោ​ល​ដូចជា​​នៅ​លើ​បណ្ដាញ​សង្គម​ទេ។ ​

 

អ្នក​នាង​ថា ​ពេល​យើង​បង្ហោះ​រូបភាព​សកម្មភាព​អសកម្ម ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​បញ្ហា​នានា​គឺ​មិន​បាន​ជួយ​អ្វី​ដល់​សង្គម​ទេ ​តែ​វា​អាច​​​ឲ្យ​បរទេស​ឃើញ​នឹង​គិត​ថា ​ប្រទេស​យើង​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​កម្សាន្ត។ ​តែ​បើ​ប្រើ​លើ​ផ្លូវ​ត្រូវ​ដូចជា​បង្ហោះ​ពី​ប្រាង្គប្រាសាទ ​និង​តំបន់​ទេសចរណ៍​ល្អ​ៗ​ដែល​ប្រទេស​ដទៃ​គ្មាន​បង្អួត​វិញ ​ពេល​ណាមួយ​​​​បរទេស​​នឹង​ Search ​ឃើញ​ហើយ​គេ​អាច​​​កត់​ទុក​ក្នុង​ចិត្ត​ថា ​នឹង​មក​នៅ​ថ្ងៃ​ណាមួយ។ ​ក្រៅ​ពី​នេះ​ អ្នក​នាង​ក៏​​ក្រើន​រំលឹក​ឲ្យ​​ប្រជាជន​កម្ពុជា​គ្រប់​រូប​​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​គំរូ​ដល់​ភ្ញៀវ​ដែល​មក​លំហែ​ដូចជា​ ​ការ​គោរព​ច្បាប់​ចរាចរណ៍ ​មិន​ចោល​សំរាម​ដែល​សុទ្ធ​សឹង​ជា​រឿង​តូចៗ​តែ​បង្ហាញ​ពី​​​​ភាព​ថ្លៃថ្នូរ​របស់​ជាតិសាសន៍​យើង។

 

PATA ​លើក​យក​សក្ដានុពល​វិស័យ​ទេសចរណ៍​ចែក​រំលែក​ដល់​និស្សិត​ភូមិន្ទ​ភ្នំពេញ

 

​​និស្សិត​ឆ្នាំ​ទី ​៤ ​កញ្ញា​ ប៉ែន​ម៉ារីយ៉ាន​​​​និយាយ​ថា ​សិក្ខាសាលា​ខាង​លើ​ជួយ​ឲ្យ​នាង​យល់​កាន់​តែ​ច្បាស់​ពី​សក្ដានុពល​ដែល​យើង​មាន។ ​កញ្ញា​និយាយ​ថា ​«ខ្ញុំ​រៀន​បាន​ច្រើន​ពី​សិក្ខា​សាលា​នេះ​ដូចជា​ដឹង​ថា ​ដើម្បី​ឲ្យ​ទេសចរណ៍​យើង​​កាន់​តែ​ល្អ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ជា​ច្រើន​ផ្នែក​ទាំង​សហគមន៍ ​រដ្ឋ និង​ឧស្សាហកម្ម​ផ្ទាល់»៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា