អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​កុមារ​ខ្មែរ

ចៅក្រម​អាមេរិកាំង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បាន​ផ្ដន្ទាទោស​ពលរដ្ឋ​អាមេរិកាំង ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​លើ​កុមារា​កម្ពុជា ពីរ​នាក់ ចំពោះ​បទល្មើស​ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​កាល​ពី ៧​ឆ្នាំ​មុន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​ផ្ដន្ទាទោស​នេះ ដោយ​ចាត់​ទុក​ថា គឺ​ជា​សារ​មួយ​ព្រមាន​ដល់​ជនបរទេស​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​មក​កម្ពុជា ដើម្បី​ប្រព្រឹត្ត​បទល្មើស។

មន្ត្រី​ផ្នែក​ច្បាប់​និង​ការពារ​នៃ​អង្គការ ហាហ្គា (Hagar) ប្រចាំ​កម្ពុជា អ្នកស្រី សាប៉ីន ផាក (Sabine Park) ចាត់​ទុក​ថា ការ​ផ្ដន្ទាទោស​នេះ នឹង​អាច​កាត់​បន្ថយ​អំពើ​បៀតបៀន​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា។ ការ​ស្វាគមន៍​របស់​អ្នកស្រី​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ទីក្រុង​ឡូស អែនជឺឡេស (Los Angeles) កាល​ពី​ថ្ងៃ​ទី​៣០ កញ្ញា បាន​កាត់​ទោស​ជនជាតិ​អាមេរិកាំង ម្នាក់​ឈ្មោះ ជេក ឡូអ៊ីស ស្ទូរិច (Jack Louis Sporich) អាយុ ៨១​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស​កុមារា​កម្ពុជា ចំនួន​ពីរ​នាក់ កាល​ពី​ឆ្នាំ​២០០៨។ អាជ្ញាធរ​កម្ពុជា បាន​ឃាត់​ខ្លួន ស្ទូរិច កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ ហើយ​បាន​បណ្ដេញ​លោក​ពី​កម្ពុជា។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ហាហ្គា ដែល​ជា​អង្គការ​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឲ្យ​ដឹង​ថា សកម្មភាព​បៀតបៀន​កេរ្តិ៍​ខ្មាស​កុមារា​ទាំង​ពីរ គឺ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ជនល្មើស តាម​រយៈ​ការ​លួងលោម​ផ្ដល់​របស់​ក្មេង​លេង ម្ហូប​អាហារ និង​លុយ​ដើម្បី​អាច​រំលោភ​បំពាន​កុមារ​ទាំង​នោះ។

​អ្នកស្រី សាប៉ីន ផាក បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ថា ការ​កាត់​ទោស​នេះ ជា​ការ​ព្រមាន​មួយ​ដល់​ជនបរទេស​ទាំង​ឡាយ​ដែល​មាន​បំណង​អាក្រក់​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា ថា​ពួកគេ​មិន​អាច​គេច​ផុត​ពី​ទោសពៃរ៍​ទេ​បាន​ទេ៖ «ការ​កាត់​ទោស​នេះ បាន​ផ្ដល់​ជា​សារ​មួយ​ទៅ​ដល់​ជនល្មើស​ផ្លូវ​ភេទ​ទាំង​ឡាយ​ដែល​ធ្លាប់​គិត​ថា ពួកគេ​អាច​នឹង​រួច​ទោស បើ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ឥឡូវ​ជនល្មើស​ទាំង​នោះ​បាន​ដឹង​ថា ការ​គិត​នោះ​មិន​មែន​ជា​ការ​ពិត​ឡើយ។ ការ​ពិត​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​នៅ​តាម​ប្រទេស​សាមី​របស់​គេ នឹង​ផ្ដន្ទាទោស​ពួកគេ​ចំពោះ​បទល្មើស​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា»

​មន្ត្រី​អង្គការ​អូស្ត្រាលី ការពារ​សិទ្ធិ​កុមារ​រូប​នេះ បន្ត​ទៀត​ថា ជនល្មើស​មួយ​ចំនួន​យក​លុយ និង​ឧបករណ៍​ក្មេង​លេង​ដើម្បី​បោក​បញ្ឆោត​កុមារ​ដើម្បី​មាន​ឱកាស​កេង​ចំណេញ​ផ្លូវ​ភេទ​លើ​ពួកគេ៖ «មាន​ជនល្មើស​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​យក​ឱកាស​រំលោភ​បំពាន​ទៅលើ​ភាព​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​របស់​កុមារ។ ជនល្មើស​ទាំង​នោះ​បាន​លួងលោម​ជន​រងគ្រោះ​ដោយ​ផ្ដល់​របស់​របរ​តិចតួច ប៉ុន្តែ​ជនរងគ្រោះ​គិត​ថា ជា​របស់​ធំដុំ។ ដូច្នោះ​ករណី​នេះ ធ្វើ​ឲ្យ​ជនរងគ្រោះ​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើង​ទៀត»

ចំណែក​នាយករង​អង្គការ​នាយក​អង្គការ អេផល (APLE) ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អំពើ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ លោក ខឹម វ៉ានដូ ឲ្យ​ដឹង​ថា ករណី​ជនល្មើស​បៀតបៀន​លើ​កុមារ​កម្ពុជា ច្រើន​ជាង​គេ គឺ​ជនជាតិ​អាមេរិកាំង បន្ទាប់​មក​គឺ​ជនជាតិ​បារាំង និង​អាល្លឺម៉ង់។ លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៥ នេះ អង្គការ​របស់​លោក​អង្កេត​ឃើញ​ថា មាន​ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស​កុមារ ប្រមាណ ១៦​ករណី ចំនួន​នេះ​ប្រហាក់ប្រហែល​នឹង​ទៅ​ករណី​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤។

លោក​បន្ត​ទៀត​ថា ទោះបី​ចំនួន​ជនល្មើស​ឆ្នាំ​២០១៥ មិន​កើន​ឡើង​ក៏ដោយ ប៉ុន្តែ​មិន​មាន​ន័យ​ថា ករណី​បៀតបៀន​កុមារ​ថយ​ចុះ​នោះ​ទេ ដោយសារតែ​ជនល្មើស​ចេះ​ប្រើប្រាស់​មធ្យោបាយ​ថ្មី ដើម្បី​ប្រព្រឹត្ត​ល្មើស៖ «ការ​ផ្លាស់ប្ដូរ​វិធាន​សាស្ត្រ​លួងលោម​របស់​ជនល្មើស​នោះ គាត់​បាន​ផ្លាស់ប្ដូរ។ ការ​លួងលោម​ពី​មុន​ដូចជា​គាត់​ទំនាក់ទំនង​ជាមួយ​កុមារ​ដោយ​ផ្ទាល់ ប៉ុន្តែ​វិធីសាស្ត្រ​ឥឡូវនេះ​គាត់​តែង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​កុមារ»

​ចំពោះ​ករណី​ជនល្មើស ជេក ឡូអ៊ីស ស្ទូរិច នេះ បន្ទាប់​ពី​ទទួលទោស​ក្នុង​ពន្ធនាគារ ១០​ឆ្នាំ​រួច​ហើយ​តុលាការ​សម្រេច​ដាក់​ជនល្មើស​ឲ្យ​ឋិត​នៅ​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច​ចំនួន ៥​ឆ្នាំ  និង​ត្រូវ​បង់​ពិន័យ​ដល់​ជនរងគ្រោះ​ជា​ទឹកប្រាក់​ចំនួន​ជាង ១២០,០០០​ដុល្លារ​ថែម​ទៀត​ផង៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។