លោក កឹម សុខា ជំរុញដល់មន្ត្រី CNRP ត្រូវរក្សាសំឡេង គាំទ្រឆ្នាំ២០១៣

ភ្នំពេញ៖ អនុប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានជំរុញ និងអំពាវនាវ ដល់មន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់ CNRP ទាំងអស់ត្រូវរក្សា សំឡេងគាំទ្ររបស់ CNRP ក្នុងឆ្នាំ២០១៣ ឲ្យបានខ្ជាប់ខ្ជួន បើទោះបី ជាមិនបានទទួល សំឡេងបន្ថែមក៏ដោយ។

ការថ្លែងបែបភ័យខ្លាចបាត់បង់ សំឡេងគាំទ្រចំពោះ CNRP ពីសំណាក់ប្រជាពលរដ្ឋខ្មែរបែបនេះ បានធ្វើឡើងក្នុង ឱកាសលោកទៅចូលរួមក្នុងសិក្ខាសាលារបស់ CNRP ស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ» នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នាសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ។

លោក កឹម សុខា បានមានប្រសាសន៍ថា ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតសកលមិនមានពេលវេលា វែងនោះទេ ដូច្នេះ ក្នុងនាមជាអ្នកគណបក្សនយោបាយ ត្រូវតែរៀបចំឲ្យមានឯកសារឲ្យបានច្បាស់លាស់។

កន្លងមក CNRP បានរៀបចំជាកម្មវិធីនយោបាយរួចរាល់ហើយ នៅតែបញ្ចេញជូនទៅឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នាំ ដើម្បីចូលរួមយោបល់ និងដាក់ជូនអង្គសមាជ ធ្វើការអនុម័ត។

អនុប្រធាន CNRP ដដែល បានបន្ថែមថា បច្ចុប្បន្ន CNRP បាននិងកំពុងធ្វើនូវវិធានការផ្ទៃក្នុងជិតរួចរាល់ហើយ សម្រាប់អ្នកតំណាងរាស្ត្រ សម្រាប់ថ្នាក់ដឹកនាំ ដើម្បីពង្រឹងនូវការសាមគ្គីភាពនូវឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធ ក៏បានធ្វើហើយដែរ។ “ប៉ុន្តែ អ្វីដែលខ្ញុំចង់លើកឡើង ហើយសុំឲ្យអង្គសិក្ខាសាលាពិចារណាយកមកពិភាក្សានេះ គឺថាដើម្បីជ័យជំនះ បើយើងរក្សាកម្លាំងចាស់មិនបាន កម្លាំងដែលមានស្រាប់មិនបាន គឺយើងបាត់បង់ ហើយយើង ទៅរកកម្លាំងថ្មីយកមកបូកមិនងាយបានស្មើរបស់ដែលមានស្រាប់នោះទេ អីចឹងសំខាន់ណាស់ ត្រូវតែរក្សាកម្លាំង ចាស់ កម្លាំងចាស់ដែលបានបោះឆ្នោតឲ្យយើងឆ្នាំ២០១៣។ តើមជ្ឈដ្ឋានណាខ្លះយើងរកមើល ដែលបោះឆ្នោត ឲ្យយើង២០១៣ ហើយយើងត្រូវហ៊ាននិយាយពីការពិតតើមានបាត់ទេ? ហើយបាត់ហេតុអី្វ?”។

លោក កឹម សុខា បានបន្ថែមថា បច្ចុប្បន្ននេះ គ្មានគណបក្សណាមួយ ដែលជាគូរប្រកួតជាមួយគណបក្ស សង្រ្គោះជាតិ ក្រៅតែពីគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សដែលទើបបង្កើតថ្មី គ្មានឱកាសមកដណ្តើម ការប្រកួតជាមួយ CNRP នោះទេ ប៉ុន្តែ CNRP មិនបោះបង់ចោលនូវការបេះបោចបន្តិចបន្តួចធ្វើឲ្យបាត់បង់ គេមិន បានកៅអីមែន តែអាចធ្វើឲ្យ CNRP បាត់បង់សំឡេងបាន។

សូមបញ្ជាក់ថា កន្លងមក មានសកម្មជន ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូប បានទៅ ចុះចូលជាមួយគណបក្សកាន់អំណាច និងគណបក្សផ្សេងៗ និងមានខ្លះទៀត បានទៅបង្កើតគណបក្សថ្មី ដូចជា លោកស្រី ឡាក់ សុភាព បានទៅបង្កើតគណបក្សខ្មែរសាមគ្គី ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ២០១៧-២០១៨ខាងនេះផងដែរ ខណៈអតីតមេដឹកនាំអង្គការសង្គមស៊ីវិលនានា (ក្រុមលោក យ៉េង វីរៈ លោក យ៉ង សាំងកុមារនិងក្រុមលោកកែម ឡី) ក៏បានបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានផងដែរ៕

លោក កឹម សុខា ជំរុញដល់មន្ត្រី CNRP ត្រូវរក្សាសំឡេង គាំទ្រឆ្នាំ២០១៣