យន្តហោះ ដឹកទំនិញរបស់ អាមេរិកធ្លាក់ បណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់

កាប៊ុល៖ យន្តហោះដឹកទំនិញ មួយគ្រឿង របស់សហរដ្ឋអាមេរិក បានធ្លាក់នៅឯ អាកាសយានដ្ឋានទីក្រុង ហ្សាឡាឡាបាដ នៃខេត្ត ណាងហ្គាហា ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃ ព្រហស្បតិ៍ មកម្ល៉េះ ដោយក្នុងនោះបណ្តាលឲ្យអ្នកជិះ នៅលើយន្តហោះ នោះទាំងអស់១២នាក់ បាត់បង់ជីវិត។

នេះបើតាមមន្ត្រីក្នុងតំបន់ ប្រាប់សារព័ត៌មាន ស៊ិនហួ ដោយអាណាមិក នៅថ្ងៃសុក្រ ទី០២ ខែសីហា នេះ។
មន្ត្រីខាងលើនេះ បានបញ្ជាក់ដូច្នេះថា “យន្តហោះ C-130 របស់អាមេរិក បានធ្លាក់នៅឯ អាកាសយានដ្ឋានទីក្រុង ហ្សាឡាឡាបាដ កាលពីពេលកណ្តាលយប់។ យោធាអាមេរិក ចំនួន ៥នាក់ គឺស្ថិតនៅក្នុងចំណោម អ្នកស្លាប់ ទាំងអស់។ ចំពោះមូលហេតុ នៃការធ្លាក់យន្តហោះ នោះនៅមិនទាន់មាន នរណាដឹងឡើយ។”

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន យន្តហោះប្រភេទ C-130 ម៉ាស៊ីនបួនដដែលនេះ ក៏ធ្លាប់ជួបបញ្ហាម៉ាស៊ី និង ធ្វើការចុះចតជាបន្ទាន់ផងដែរ នៅភាគខាងលិច អាហ្វហ្គានីស្ថាន ប៉ុន្តែមិន បានបណ្តាលឲ្យនរណាម្នាក់ បាត់បង់ ជីវិត ឬ របួសនោះឡើយ៕

យន្តហោះ ដឹកទំនិញរបស់ អាមេរិកធ្លាក់ បណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់