អូបាម៉ា រិះគន់ធ្ងន់ៗ លើសភា ដែលបរាជ័យ អនុម័តច្បាប់គ្រប់គ្រង កាំភ្លើងដ៏តឹងរឹង ស្របពេល នៃការបាញ់ សម្លាប់មនុស្ស ១០នាក់ នៅសាលារៀនអូរ៉េហ្គន

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ បានធ្វើការរិះគន់ធ្ងន់ៗ ទៅលើសភាអាមេរិក ដែលបានទទួលបរាជ័យ ក្នុងការអនុម័តច្បាប់ គ្រប់គ្រង់អាវុធ ឲ្យបាន តឹងរឹងបន្ទាប់ពីការបាញ់ ប្រហារទៅលើសាលារៀន មួយកន្លែងក្នុងរដ្ឋអូរ៉េហ្គន បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង ២០នាក់រងរបួស នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា ការបាញ់ប្រហារនៅរដ្ឋ អូរ៉េហ្គន បានបណ្តាល ឲ្យមនុស្ស ១០នាក់ស្លាប់ និង ២០នាក់រងរបួស ដែលភាគច្រើនជាសិស្ស សាលាវិទ្យាល័យ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលិសក្នុងតំបន់បានអះអាងទៀតថា ខ្មាន់កាំភ្លើង គឺជាបុរសវ័យ ២០ឆ្នាំ ម្នាក់ ដែលបានបង្កការសម្លាប់រង្គាល សិស្សសាលា រួចហើយក៏បាន ធ្វើការបាញ់តបត ជាមួយនឹងប៉ូលិសថែមទៀត។

ចៅសង្កាត់ ដួក្លាស់ លោក ចន ហានលីន បានប្រាប់អ្នកសារព័ត៌មាននានាថា ក្នុងការបាញ់ ប្រហារទាំងពីរករណី ដែលមានរយៈពេល ៣ម៉ោងខាងលើនេះ រួច ទើបជនបង្កត្រូវបាន ប៉ូលិសបាញ់ សម្លាប់ នៅនឹងកន្លែងកើតហេតុ ក្នុងសាលារៀន រ៉ូសប៊ឺក នោះតែម្តង។ សម្រាប់ ព័ត៌មានផ្សេងទៀត បានចេញផ្សាយថា មនុស្សស្លាប់មានចំនួន ១៣នាក់ឯណោះ ស្របពេលដែលអ្នករងរបួសមាន ២០នាក់។

យ៉ាងណាក៏ដោយ ប៉ូលិសរដ្ឋ អូរ៉េហ្គន កំពុងស៊ើបអង្កេតរកមូលហេតុ នៃការបាញ់ប្រហារ យ៉ាងឃោឃៅ ដែល តែងតែ កើតមានឡើង ជារឿយៗនៅអាមេរិកនេះ ស្របពេលដែល សភាជាតិ អាមេរិក ក៏បានទទួលបរាជ័យ ថែមទៀត ក្នុងការអនុម័តច្បាប់គ្រប់គ្រង អាវុធ ដូចបានព្រាងទុក ដែលនាំឲ្យលោក អូបាម៉ា រងភាពក្តៅក្រហាយ ជាខ្លាំង៕

អូបាម៉ា រិះគន់ធ្ងន់ៗ លើសភា ដែលបរាជ័យ អនុម័តច្បាប់គ្រប់គ្រង កាំភ្លើងដ៏តឹងរឹង ស្របពេល នៃការបាញ់ សម្លាប់មនុស្ស ១០នាក់ នៅសាលារៀនអូរ៉េហ្គន