ស្ត្រី​មេ​កន្ទុយលេខ​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌដង្កោ​បញ្ជូនទៅ​តុលាការ​

រាជធានី​ភ្នំពេញ​៖​ប៉ូលិស​ព្រហ្មទណ្ឌ​ដង្កោ​បាន​បញ្ជូន​ស្ត្រី​មេ​ឆ្នោត​២​នាក់​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ក្រោយពី​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ សាកសួរ កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៥ និង​ក៏​សាង​សំណុំរឿង​រួចមក​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ឈឹម ប៊ុន​រ័ត្ន អធិការរង​ខណ្ឌ ដង្កោ​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​។ 

​    ​ស្ត្រី​ជា​មេ​ឆ្នោត​ទាំង​២​នាក់​នោះ​១ ឈ្មោះ ឌឿ​ក រ​ត្ន័ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នក​កត់​កន្ទុយលេខ​នៅ​ផ្សារ​ចំការ​ដូង រស់នៅ​ភូមិ​ថ្មី​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ទី​២ ឈ្មោះ ស​ម្ភ​ស្ស អាយុ ១៥​ឆ្នាំ មុខរបរ​ជា​អ្នក​កត់​កន្ទុយលេខ និង​ស្នាក់នៅ​ជាមួយគ្នា​។ 

​    ​សមត្ថកិច្ច ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០​នឹង ២០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ដឹកនាំ​ដោយ​អភិបាលរងខណ្ឌ​ចំនួន ២ រូប គឺ​លោក តិ​មា សោភា នឹង​លោក ប្រាជ្ញ សីហា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ នឹង​អាវុធហត្ថ​ខណ្ឌ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ដុះ​ស្លែ​ធំៗ​២​កន្លែង នៅ​ផ្សារ​ចំការ​ដូង ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​បាន ស្ត្រី ២​នាក់​ខាងលើ រួមជាមួយ​វត្ថុតាង សម្ភារៈ​សម្រាប់​កត់​ជាច្រើន​ផងដែរ ។ 

​    ​សមត្ថកិច្ច​ប្រាប់​បន្ត​អោយដឹងថា មុនពេល​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ទាំង ២​កន្លែង​ខាងលើនេះ ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​នៅ​ផ្សារ​ចំការ​ដូង​ថា រាល់ថ្ងៃនេះ​មាន​ទីតាំង​កត់​កន្ទុយលេខ ២ កន្លែង​កំពុងបើក​អាជីវកម្ម​យ៉ាង​ចំហ ដោយ​មិន​ខ្លាចញញើត អាជ្ញាធរ នឹង​សមត្ថកិច្ច​បន្តិច​ណា​ឡើយ ។ ដោយ​មួយថ្ងៃៗ​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ​ផ្សារ​ចំការ​ដូង សម្រុកចូល​ចាក់​ដង្ហែរ​គ្នា ដូចជា​ឈរ​ដំ​រង់ចាំ​ទទួល​អំណោយ​អញ្ចឹង ដោយ​ក្នុង​មួយថ្ងៃៗ អាច​កត់​បាន​លុយ​រាប់លាន​រៀល ។ 

​    ​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​បែបនេះ ភ្លាមនោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​បញ្ជា​អោយ​អភិបាលរងខណ្ឌ​ចំនួន ពីររូប ចុះបង្ក្រាប​ទីតាំង​ខាងលើនេះ​តែម្តង ឃាត់​បាន​ស្ត្រី​មេ​កន្ទុយលេខ​២​នាក់​ខាងលើ រួមទាំង​វត្ថុតាង​សម្ភារៈ​សម្រាប់​កត់​ឆ្នោត​មួយចំនួនធំ នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​។ 

​     ជាមួយនេះដែរ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​កំពុងតែ​តាមដាន និង​ពិនិត្យមើល តើ​វាសនា​ស្ត្រី​មេ​ឆ្នោត​ទាំង​២​នាក់ អាច​ជាប់ពន្ធនាគារ​ព្រៃ​ស ដែរឬទេ ? ដោយ​ក្នុង​មួយថ្ងៃៗ​ស្ត្រី​ទាំង​២​នាក់ អាច​កត់​កន្ទុយលេខ​បាន​លុយរាប់​លាន​រៀល ។ 

​    ​ដោយឡែក ស្ត្រី​ម្នាក់ ដែល​រស់នៅ សង្កាត់​ពងទឹក គឺ​គាត់​ជិះ​កត់​ឆ្នោត​មួយថ្ងៃៗ​បាន​លុយ​តែ​ជាង​១០​ម៉ឺន​រៀល ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បញ្ជូនទៅ​តុលាការ​ដាក់គុក​ព្រៃ​ស រហូតមកដល់​ពេលនេះ ចោល​ម្តាយ​ស្ត្រី​មេម៉ាយ​ឈឺ​រាល់ថ្ងៃ​៕

ស្ត្រី​មេ​កន្ទុយលេខ​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌដង្កោ​បញ្ជូនទៅ​តុលាការ​
ស្ត្រី​មេ​កន្ទុយលេខ​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌដង្កោ​បញ្ជូនទៅ​តុលាការ​