ក្រុមហ៊ុនកាត់ដេរ​វៀតណាម​ពិបាក​តទល់​ជាមួយ​គូប្រជែង​ធំ​នៅ​ពេល​ធ្វើ​សមាហរណកម្ម

ប្រទេស​វៀតណាម ៖ ប្រធាន​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​ជាតិ (Vinatex) លោក Tran Quang Nghi បាន​ថ្លែង​ថា បណ្តា​ក្រុមហ៊ុន​វាយនភ័ណ្ឌ​និង​កាត់ដេរ​ក្នុងស្រុក​មួយ​ចំនួន​នឹង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ពី​សំណាក់​ដៃគូ​ប្រជែង​ធំ​ៗ​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម ។

លោក​Nghi បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ​ស្តី​ពី​កាលានុវត្តភាព​និង​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​កាត់ដេរ​និង​វាយនភ័ណ្ឌ​ដែល​ផ្តោត​លើ​ការ​ធ្វើ​សមាហរណកម្ម​កាលពី​ម្សិលមិញ​នេះ​ថា កង្វះខាត​នៃ​មូលធន និង​ការ​ដើរ​ថយក្រោយ​នៃ​បច្ចេកវិទ្យា ស្រប​ពេល​ជាមួយនឹង​សមត្ថភាព​គ្រប់គ្រង​ចុះ​ខ្សោយ បាន​បង្កើត​ឲ្យ​មាន​ភាព​ខុស​គ្នា​ចំពោះ​ការ​ធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម ។

លោក​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​វាយនភ័ណ្ឌ​របស់​វៀតណាម​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដើរ​តាម​ក្រោយ​បណ្តា​ប្រទេស​ដទៃ​ទៀត ។

លោក​Nghi ឲ្យ​ដឹង​ទៀត​ថា ៖ «​ហេតុផល​នេះ​អាច​ចាត់​ទុក​ថា​ជា​សម្ពាធ​នៃ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​វាយនភ័ណ្ឌ បន្ទាប់​ពី​វៀតណាម​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ច​កម្ម​សេរី »​។

វៀតណាម​មាន​សហ គ្រាស​ចំនួន​៥​ពាន់​នៅ​ក្នុង​វិស័យ​នេះ ដែល​ភាគច្រើន​គឺជា​សហគ្រាស​ខ្នាត​តូច និង​មធ្យម ជាមួយនឹង​សមាគម​ដែល​មាន​ភាព​ទន់ខ្សោយ ។

លោក Echoing   Nghi, Truong Thi Thanh Ha អគ្គនាយក​ក្រុមហ៊ុន Dong Xuan Knitting បាន​ថ្លែង​ថា បច្ចេកវិទ្យា​របស់​ពួក​គេ​នៅ​តែ​មាន​និន្នាការ​ដើរ​ថយក្រោយ ស្រប​ពេល​ដែល​គ្រឿងចក្រ​មួយ​ចំនួន​ត្រូវ​បាន​ទិញ​ចូល​២០​ឆ្នាំ​មក​ហើយ ។

ជា​ការ​កត់សម្គាល់ បណ្តា​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​នានា​មិន​អាច​វិនិយោគ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចូលរួម​ទទួលយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​វៀតណាម​-​អឺរ៉ុប​និង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

លោក​បាន​បញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ប្រឈម​មុខ​ជាមួយនឹង​ការ​ប្រកួតប្រជែង​ច្រើន​ជាង​កាលានុវត្តភាព ។ នេះ​គឺជា​ហេតុផល​ដែល​រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​គាំទ្រ​ចំពោះ​សហគ្រាស​ទាំងនោះ​នៅ​ក្នុង​ផ្នែក​ជួល​ដី​និង​កាតព្វកិច្ច​ពន្ធ​ជាដើម ។

ដោយឡែក ការ​ផ្គត់ផ្គង់​ទំនិញ​តាម​តម្រូវការ វិញ នៅ​ក្នុង​អំឡុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៥​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ភាព​ជា​ដៃគូរ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ស្មើនឹង​៧០%​នៃ​ទំហំ​ទឹកប្រាក់​នាំ​ចេញ​សរុប​ទាំងអស់​របស់​ខ្លួន ។

ទោះជា​យ៉ាងណា​លោក Phan Chi Dung ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ធុន​ស្រាល​ក្រោម​ចំណុះ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា មាន​សហគ្រាស​មួយ​ចំនួន​បាន​និង​កំពុង​ផលិត​នៅ​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​គិត​ចាប់ពី​កប្បាស​រហូត​ដល់​ផលិតផល​សម្រេច ។​ជា​ពិសេស បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ពឹងផ្អែក​យ៉ាងច្រើន​លើ​ការ​នាំ​ចូល​វត្ថុធាតុដើម​ដែល​គួប​ផ្សំ​ជាមួយនឹង​ផលិតភាព​ខ្សោយ ហេតុ​ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​លំបាក​នៅ​ក្នុង​ការ​ក្រេបជញ្ជក់​គុណប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ។

លោក​Dung បាន​បន្ថែម​ថា ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​តែ​មាន​កម្រិត​ដដែល បើ​ទោះជា​អត្រាកំណើន​មាន​កម្រិត​ខ្ពស់​ប្រមាណ​ជា​១៥%​ទៅ​២០%​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ ។ ជាង​នេះ​ទៅ​បណ្តា​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​ក្នុងស្រុក​ពុំ​បាន​អភិវឌ្ឍន៍​ទីផ្សារ​និង​ផលិតផល​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ឡើយ​ដែល​ជា​ការ​បង្ក​កំហុសឆ្គង​មួយ​សម្រាប់​វិស័យ​នេះ ។

យោង​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​វិស័យ​កាត់ដេរ​និង​វាយនភ័ណ្ឌ​នៅ​នៅ​ឆ្នាំ​២០២០​ដែល​បាន​អនុម័ត​ដោយ​ក្រសួង​សាមី ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​នឹង​សម្រេច​បាន​៣៥​ប៊ី​លាន​ដុល្លារ និង​កើនឡើង​ដល់​៦០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣០​។

ជាង​នេះ​ទៅ​ទៀត លោក​អនុរដ្ឋមន្ត្រី Do Thang Hai បាន​ថ្លែង​ថា ការ​វិនិយោគ​នៅ​ក្នុង​ផ្នែក​សម្ភារ​និង​ការ​គាំទ្រ​ឧស្សាហកម្ម​នឹង​ផ្តល់​នូវ​ខ្លឹមសារ ជា​ពិសេស​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួតប្រជែង​របស់​ពួក​គេ ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សមាគម​ក្នុង​ចំណោម​សហគ្រាស​ក្នុង​វិស័យ​នេះ អាច​នឹង​បង្កើត​នូវ​មូលដ្ឋាន​ដើមទុន​ធំ​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​នៃ​ការ​គ្រប់គ្រង ក៏​ដូច​ជា​បច្ចេកវិទ្យា​ដែល​អាច​សម្រេច​បាន​នូវ​កត្តា​ទាំងនោះ​សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ប្រឡងប្រណាំង​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​គូប្រកួត​ប្រជែង​នានា ។

ចំណែក​មូលនិធិ​សម្រាប់​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​វិញ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​និង​វិនិយោគ​វៀតណាម (BIDV) លោក Tran Bac Ha បាន​សន្យា​ផ្តល់​នូវ​ឥណទាន​ចំនួន​២​ប៊ី​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ។ មួយវិញទៀត​លោក​បាន​កត់​សម្គាល់ថា កាលានុវត្តភាព​ចំពោះ​សហគ្រាស​ទាំងនោះ​នឹង​អាចយ​កមក​ថ្លឹងថ្លែង​បាន​ដែល​រាប់​បញ្ចូល​រលក​នៃ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​កាត់ដេរ​និង​វាយនភ័ណ្ឌ ស្បែកជើង​ស្បែក​សុទ្ធ កា​តាប គ្រឿង​អេ​ឡិច​ត្រូ​និក និង​វិស័យ​អាហារ​គ្រឿង​សមុទ្រ​ក្នុង​ប្រទេស​វៀតណាម ។

លោក​បាន​បន្ថែម​ថា « កាលានុវត្តភាព​ដែល​ជា​សេចក្តី​ត្រូវការ​សម្រាប់​បណ្តា​សហគ្រាស​ទាំងនោះ នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួតប្រជែង​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម » ៕