បុរសចំណាស់​ជនជាតិអូស្រ្តាលី​ដួលស្លាប់លើកប៉ាល់​ទេសចរណ៍

រាជធានីភ្នំពេញ ៖ ​បុរសចំណាស់ម្នាក់​ជនជាតិអូស្រ្តាលីបាន​ដួលស្លាប់លើកប៉ាល់ទេសចរណ៍ ​នៅចំណុចចំណតកប៉ាល់ផែថ្ម ​ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ម៉ោងជិត៥និង៣០នាទី​ល្ងាចថ្ងៃទី០១ តុលា ២០១៥​ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ​DAVID WILLIAM អាយុ៦៧ឆ្នាំ ​បានដួលស្លាប់ក្នុងបន្ទប់លេខ ​៣០៩ នៅលើកប៉ាល់​ ឈ្មោះ AMALOTUS ​ដែលជាកប៉ាល់ទេសចរណ៍មកពីប្រទេសវៀតណាម ។

បើតាមភរិយាជនរងគ្រោះ​ មុនពេលកើតហេតុ​ ជនរងគ្រោះនិងប្រពន្ធឈ្មោះ​ ALISON JEAN អាយុ៥៩ឆ្នាំ​ ជនជាតិអូស្រ្តាលី ​បានដេកនៅលើគ្រែ​ជាមួយជនរងគ្រោះ (ប្តី ) បន្ទាប់មកប្តីរបស់​គាត់បានក្រោកដើរចូលបន្ទប់ទីក​ ប្រហែល ២ ទៅ ៣នាទី​ គាត់ក៍លឺសូរសំឡេងក្តាំង ​ក៍រត់ចូលទៅមើល​ហើយក៍ឃើញប្តីរបស់​គាត់ដកចង្ការមាន់ ហើយ​ស្លាប់តែម្តង ។

បើតាមភរិយាដដែល​កន្លងមក ជនរងគ្រោះ ​កើតជំងឺទឹកនោមផ្អែម ​និងជំងឺបេះដូង ​បច្ចុប្បន្នខាងប៉ូលិស​បច្ចេកទេសកំពុងធ្វើកោសល​វិច្ច័យ​ និងតំណាងស្ថានទូត ​កំពុងនៅ​ពិនិត្យសពបន្តនៅ​កន្លែងកើតហេតុ ៕