តើ​យើង​គួរពិសារ​ទឹកបរិសុទ្ធ​ដែល​គេច្រក​ជាដបៗ​ទៀត​ដែរឬទេ ?​

អ្វីទៅ​ជាទឹក​បរិសុទ្ធ? ​តើវា​គឺពិត​ជាទឹក​បរិសុទ្ធ​មែនឬ​ មិនមែន?​ បើមែន​ តើអ្នក​នឹង​ស្រាវជ្រាវ​ ពិនិត្យ​ និង​អះអាង​ថា​ទឹកដែល​បរិសុទ្ធ​​នោះ​ មានភាព​បរិសុទ្ធក្នុង​កម្រិតណា?​ តើសព្វ​ថ្ងៃមាន​​ក្រុមហ៊ុន​ និងសិប្បកម្ម​ស្របច្បាប់ ​និងមិន​ស្របច្បាប់​ចំនួន​ប៉ុន្មាន​ដែល​កំពុង​ដំណើរ​ការផលិត​ទឹកដែល​គេ​ហៅ​ថាទឹកបរិសុទ្ធ? ​តើទឹក​ដែលអ្នក​តែង​និយម​ប្រើប្រាស់​ជារៀងរាល់​ថ្ងៃក្នុង​គេហដ្ឋាន ​ក្រុមហ៊ុន ​រថយន្ត ​និង​ពិធីផ្សេងៗ​ទៀត​ជាដើម​គឺពិត​ជាទឹក​បរិសុទ្ធឬ​យ៉ាងណា?​ តើការ​ពិសារ​ទឹកបរិសុទ្ធ​ដែល​គេច្រក​ជាដបៗ ​​អាច​នាំឱ្យ​មានផល​ប៉ះពាល់​ចំពោះ​សុខភាព​ និង​បរិស្ថាន​របស់​អ្នក​ដែរឬទេ?​ បើ​ប៉ះ​ពាល់ ​តើ​នៅក្នុង​កម្រិតណា?​​
តើ​យើង​គួរពិសារ​ទឹកបរិសុទ្ធ​ដែល​គេច្រក​ជាដបៗ​ទៀត​ដែរឬទេ ?​
           ទឹកបរិសុទ្ធ ​ឬ​មិនបរិសុទ្ធ​ គឺវាមិន​មែន​អាស្រ័យ​ទៅលើ​ការកែច្នៃ​របស់​អ្នកដទៃ​នៅក្នុង​ទម្រង់​ណាមួយ ​ការអះអាង​ណា​មួយដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់-​ត្រឹមត្រូវ​សមហេតុផល​របស់​អ្នកដទៃ ​ការ​បិទស្លាក​ឈ្មោះ​នៅលើ​ដប​ទឹកថា​ជាទឹក​បរិសុទ្ធ ឬរំពឹង​ទៅលើ​ផលិតកម្ម​នៃម៉ាស៊ីន​ផលិត​​ទឹក​ ​ទើប​ហៅ​​ថាទឹក​បរិសុទ្ធ​​​នោះឡើយ ​។ ​តើទឹក​​បរិសុទ្ធ​ពិត​ប្រាកដ​កើត​នៅទីណា?​ ​ជាការ​ពិត​ណាស់​​ ទឹក​បរិសុទ្ធ​​ពិត​ប្រាកដ​​នៅក្នុង​លោក​នេះ​គឺមិនមែន​​កើតចេញ​មក​ពីទឹក​ដែល​គេយក​​មក​ពី​ទន្លេ​ ស្ទឹង ​​បឹង​ ប្រឡាយ​ ​អាងស្តុក​​ទឹក​ជាដើម​ រួចចម្រោះ​ទៅ​ជាទឹក​ថ្លា​ ឆ្លងកាត់​ការសម្លាប់​មេរោគ​ និងមាន​ការដាក់​លាយ​បញ្ចូល​នូវ​ជាតិ​ និង​ក្លិន​មួយ​ចំនួន​តាម​ការនិយម​ដែល​គេ​ប្រើ​ឈ្មោះ​ថាសារ​ជាតិ​រ៉ែ​នោះ​ឡើយ ។ទឹកបរិសុទ្ធពិត​ប្រាកដ​គឺកើត​មាននៅ​ក្នុងដីរាប់​រយម៉ែត្រ​ចុះទៅ​ក្រោមដែល​គេឱ្យ​ឈ្មោះ​ជាភាសា​អង់គ្លេសថា​ Aquifer ។​ ទឹកបរិសុទ្ធ​ពិតប្រាកដ​ ត្រូវការពេល​វេលាយូរ​អង្វែង​ណាស់​ដើម្បី​ចម្រោះ​ វាហូរឆ្លងកាត់​គ្រប់ដំណាក់​ស្រទាប់​នៃផែនដី​ ខ្យល់​ និងកម្ដៅ ​ដែល​ផលិតកម្ម​នេះហើយ ​ទើបនាំ​ឱ្យទឹកដែល​ជាប់ដក់​នៅក្នុងតំបន់​Aquifer ​គឺពោរពេញ​ទៅដោយ​រ៉ែធម្មជាតិ​សុទ្ធសាធ​ ឬយើងអាច​និយាយ​បានថា​ជាទឹក​អម្រឹត​របស់ធម្មជាតិ​ ព្រោះ​ទឹកទាំង​នោះវាបាន​ហូរកាត់​ដីដែល​មានជាតិរ៉ែ​ជាច្រើន ។​​​
 កាលពីឆ្នាំ​១៩៩០ ​អ្នកវិទ្យាសាស្រ្ត​ជាច្រើន​បាននាំគ្នា​ធ្វើការ​ស្រាវ​ជ្រាវទឹក​នៅតំបន់​Aquifer ​នៅជុំវិញ​ពិភពលោក​ ជាទិន្នន័យ​តំបន់​Aquifer​ ទាំងនោះ​ភាគច្រើន​គឺមាន​នៅក្នុង​តំបន់ត្រជាក់​ដូចជានៅ​ភ្នំAlps,​ តំបន់​ផ្ទាំងទឹកកក​ Andes, Artic,​ ភ្នំ ​Cascades, Himalayas,​ Patagonia,​ Rockies ​និង​តំបន់ផ្សេងៗ​ជាច្រើន​ទៀតដែល​ហ៊ុំព័ន្ធ​ដោយធនធាន​រ៉ែធម្មជាតិ​ និង​ជីវចម្រុះ​ដ៏សម្បូរបែប។​ បច្ចុប្បន្ន ​កំណើន​មនុស្ស​គឺកើន​ឡើង​ជារៀងរាល់ថ្ងៃ ​ដូច្នេះ​តម្រូវការ​នៃការ​ប្រើប្រាស់​ទឹកស្អាត ​និង​ទឹក​បរិសុទ្ធ​គឺពិត​ជា​ក្ដីកង្វល់​សម្រាប់​ពិភពលោក​ទាំងមូល។ ​មនុស្សបន្សល់​ទឹកកខ្វក់​ច្រើន​ជាងកែច្នៃ​ទឹកស្អាត​ត្រឡប់​មកវិញ​ ដូច្នេះ​តើទឹក​បរិសុទ្ធ​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់​មនុស្សមួយ​ពិភព​លោកបាន​ដែរទេ?​ ពិតណាស់​ ចម្លើយ​គឺមិនអាច​ ដូច្នេះ​គឺគេ​មានតែ​កែច្នៃទឹក​ពីទន្លេ ​ស្ទឹង​ បឹង​ជាដើម​ដើម្បី​ផលិត​ជាទឹកដែល​គេហៅ​ថាទឹក​បរិសុទ្ធ​រួចច្រក​ជាដបៗ​ចែកចាយ​លក់ទៅ​លើទី​ផ្សារ​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់មនុស្ស​តែប៉ុណ្ណោះ។​
សព្វថ្ងៃ​សម្រាប់​ក្រុមហ៊ុន​បរទេសល្បីៗ​ជាច្រើន​ គេហ៊ានចំណាយ​ពេលវេលា ​ថវិកា​ និងធនធានមនុស្ស​អស់ជាច្រើ​នដើម្បី​ទៅរុករក​ និងដឹក​ជញ្ជូនទឹក​បរិសុទ្ធ​ពីតំបន់​Aquifer ​មកចែកចាយ​ទៅកាន់​ទីផ្សារ​ជុំវិញ​ពិភពលោក ​ហើយទឹក​បរិសុទ្ធ​ដែលគេ​បានមកនោះ​គឺត្រូវ​ឆ្លងកាត់​បទដ្ឋានគុណ​ភាព​ ​និងអនាម័យ​ខ្ពស់ទើប​អាចដាក់​ចេញលក់​បាន។ ​ទឹក​បរិសុទ្ធ​ពិតប្រាកដ​ពីធម្មជាតិ ​គឺមានត​ម្លៃខ្ពស់​ជាងទឹក​ដែលអ្នក​កំពុងនិយម​ពិសារពី​២០ទៅ៥០​ដងឯណោះ ។​
           នៅ​ក្នុងស្ថានភាព​មានជីវភាព​ក្រីក្រ ​ឬខ្វះខាត ​គឺយើងមិន​អាចទៅ​រកទឹក​នៅតំបន់​Aquifer ​ឬទឹកបរិសុទ្ធ​ពិតប្រាកដ​មកពិសារ​បានទេ​ ព្រោះ​វាមាន​តម្លៃថ្លៃ​ខ្លាំងណាស់​ ដូច្នេះ​ប្រការគួរ​សម្រាប់​បងប្អូន​ជនរួមជាតិ ​ដើម្បី​បង្កើន​ការសន្សំ​សំចៃ​ក្រៅពីការ​ទិញ​ទឹកដែល​គេច្រក​ជាដបៗគឺលោកអ្នក​គួរចាប់ផ្ដើម​ជីវិតថ្មី​សម្រាប់ខ្លួនឯង ​និង​ក្រុមគ្រួសារ​ប្រកបដោយ​សុវត្ថិភាព ​សុខុមាលភាព ​និងអនាម័យ ​លោកអ្នកគួរ​តែពិសារ​ទឹកដែល​ដាំឱ្យ​បានពុះក្រោយ​ពេលច្រោះ​ដោយក្រណាត់​ចេញពីក្បាល​រ៉ូប៊ីណេ​ ឬ​ប្រើឧបករណ៍​ចម្រោះ​ទឹកស្អាតដែល​មានការ​ទទួលស្គាល់​ត្រឹមត្រូវ ​និងអនុញ្ញាតិឱ្យ​ប្រើប្រាស់​ពីក្រសួង​សុខាភិបាល ។​​
 ប្រការ​គួរចងចាំ៖ ​ការពិសារ​ទឹកដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ និង​ពេញចិត្ត​ដោយខ្លួន​ឯង​ស្របតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ​និង​អនាម័យ ​វាប្រសើរ​ជាងពិសារ​ទឹកដែល​អ្នកមើល​មិនឃើញ ​ដឹង​មិនដល់ ​ឬជឿ​តាមការ​បំផុស​បំផុល​នៃ​ពាក្យសម្ដី​ ការផ្សាយ​ពាណិជ្ជកម្ម​អំពីផលិតផល​ដប ឬ​កំប៉ុងទឹក ។​
 កាត់បន្ថយ​ការទិញ​ទឹកច្រកដប​ គឺសន្សំ​សំចៃ​ថវិកា​ មាន​សុខភាពល្អ ​សុវត្ថិភាព​ អនាម័យ​ និងមិន​បំពុល​ដល់បរិស្ថាន ។”​

ដោយ៖ ឈូក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​