បទល្មើស​កាប់​ឈើ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កើតឡើង​យ៉ាង​អនាធិបតេយ្យ​

​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​អន្លង់​ក្រមួន ដែល​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នោះទេ​។ ហេតុនេះហើយ​ទើប​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​អន្លង់​ក្រមួន​ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលា​ការប្ដឹង​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ឈ្មួញ​ពីបទ​ឃុបឃិត​គ្នា​បង្កើត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ប្រជា​សហគមន៍​ភូមិ​អន្លង់​ក្រមួន បាន​ចោទប្រកាន់​ប្រធានភូមិ​និង​មេឃុំ​ថា ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​អនាធិបតេយ្យ​តាំងពី​ឆ្នាំ​២០១២​។

​តាម​ប្រភពពី​ប្រធាន​សហគមន៍​អន្លង់​ក្រមួន បាន​ឲ្យ​ដឹងថា ការ​ដែរ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដោយសារ​អ្នកមាន​លុយ អ្នកមានអំណាច ជួល​កម្មករ​កាប់​ព្រៃ​សហគមន៍ គឺមាន​ការបើក​ដៃ​ពី​អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​ឃុំ ព្រមទាំង​ឈ្មួញ​២​នាក់ ឈ្មោះ មាស សុខសាន្ត និង​ឈ្មោះ ដេ​ត​។ ហេតុនេះហើយ​ទើប​សហគមន៍​ប្ដឹងទៅ​តំណាង​អយ្យការ​ខេត្តស្ទឹងត្រែង តាំងពី​ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ តំណាង​អយ្យការ​បាន​កោះហៅ​តំណាង​សហគមន៍​ជាដើម​ចោទ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​។ ក៏ប៉ុន្តែ​ដីកាកោះ​នេះ​ត្រូវ​លើក​ពេល​ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ទើប​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​រង់ចាំ​មើល​លទ្ធ​ផង​ដោយ​យកចិត្តទុកដាក់ និង​សង្ឃឹមថា​តុលាការ ចាត់វិធានការ​តាម​នីតិវិធី​ប្រកបដោយ​យុត្តិធម៌​ជាមិនខាន​។​

តំណាង​សហគមន៍​ភូមិ​អន្លង់​ក្រមួន លោក ខៀវ ចាន់ បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​អន្លង់​ក្រមួន គឺជា​ព្រៃ​ស្អិត​ដែល​ពី​ដើមឡើយ​ជនជាតិដើម​ភាគតិច​រស់នៅ និង​អាស្រ័យ​ផល​ព្រៃឈើ​ដោយ​សុខសាន្ត​មិន​បារម្ភ​ពី​ជីវភាព​ប្រចាំថ្ងៃ​ឡើយ​។ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១២ ស្រាប់តែ​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក ហើយ​ព្រៃ​សហគមន៍​អន្លង់​ក្រមួន បានក្លាយ​ទៅជា​វាល​អស់​មួយផ្នែកធំ​ប្រមាណ​៤០០​ហិកតា ចំណែក​មេឃុំ​បាន​ព្រមាន​រំលាយ​សហគមន៍​ចោល​ថែមទៀត​។ ប្រជា​សហគមន៍​អន្លង់​ក្រមួន ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​កួយ បាន​បញ្ជាក់ថា ដោយសារតែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បែបនេះហើយ ទើប​ពួកគាត់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ជា​វិធានការ​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​។ ប្រជា​សហគមន៍​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ លោក កុល សំអុល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​អន្លង់​ក្រមួន ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​បន្តទៀត​៕

1764_140