រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ដោយសារ​លោក ឡាយ ម៉ា​រី​វ៉ូ មាន​ខ្នងបង្អែក​រឹងមាំ​

​មន្ត្រីរាជការ​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ករណី​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​ក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា កំពុងមាន​ភាពស្ងប់ស្ងាត់​ដោយសារ លោក ឡាយ ម៉ា​រី​វ៉ូ មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បង្កើត​ក្រុមអធិការកិច្ច​ដើម្បី​ស៊ើបអង្កេត​ករណី​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នោះ គឺជា​រឿង​ឥតន័យ​គួរ​ឲ្យ​អៀនខ្មាស​។ ដោយហេតុថា​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ ដើម្បី​ឲ្យ​រួច​ផុតពី​រឿង​ពុករលួយ​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នោះ​យ៉ាង​រំភើយ​។​

​ប្រភពពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា លោក ឡាយ ម៉ា​រី​វ៉ូ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​កំពុង​ប្រើ​វិធី​ទម្លាក់កំហុស​ទៅលើ​កូនចៅ​ក្រោម​ឱវាទ​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ ដោយ​ពុំមាន​ការទទួលខុសត្រូវ​នោះទេ​។ គេ​បាន​ឲ្យ​ដឹង​ទៀតថា លោក ឡាយ ម៉ា​រី​វ៉ូ មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ស្និទ្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហេតុនេះហើយ​សូម្បីតែ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក ឡាយ ម៉ា​រី​វ៉ូ ដែរ​។ ដូច្នេះហើយ​ទើប លោក ឡាយ ម៉ា​រី​វ៉ូ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​និង​ព្យាយាម​ប្រើ​វិធី​ទម្លាក់កំហុស​ទៅលើ​មន្ត្រីក្រោមឱវាទ​យ៉ាង​ទទឹងទិស ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​ធ្វើជា​ខ្នងបង្អែក​។

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​បង្ហើប​ឲ្យ​ដឹងថា តាម​ឯកសារ​ផ្សេងៗ​និង​ការតវ៉ា​របស់​បុគ្គលិក​ទូរគមនាគមន៍​កម្ពុជា​នាពេល​កន្លងមក គឺ​លោក ឡាយ ម៉ា​រី​វ៉ូ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​។ ក្នុងនោះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏​ជា​អ្នកទទួលខុសត្រូវ​មួយផ្នែក​ផងដែរ ព្រោះ​គាត់​ជា​អ្នក​តែងតាំង​លោក ឡាយ ម៉ា​រី​វ៉ូ ឲ្យ​ធ្វើជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា និង​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ឥឡូវនេះ​ក្រុមអធិការកិច្ច​ដែល​លោក ប្រាក់ សុខុន បង្កើតឡើង​សម្រាប់​ស៊ើប​អ​ងេ្ក​ត​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ គឺជា​រឿង​លេងសើច​យ៉ាងច្បាស់​ក្រឡែត ព្រោះ​លោក ឡាយ ម៉ា​រី​វ៉ូ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដើម្បី​ជួយ​ឲ្យ​ផុតពី​ការទទួលខុសត្រូវ​ក្នុង​រឿង​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​រួចទៅហើយ​៕

prak-sokhon1លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 7100​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​    ​