​យុវជន​ខ្មែរ ត្រូវមាន​ជំហរ​ដាច់ខាត ចូលរួម​កសាង​ប្រទេសជាតិ និង​រក្សា​តម្លៃ​ផ្ទាល់ខ្លួន ជាតិ​សាសន៍​ទាំងមូល​

ភ្នំពេញ: យុវជន​ទាំងអស់ ឲ្យ​ខិតខំ​ពង្រឹងសមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ប្រទេសជាតិ ទៅ​ថ្ងៃ​អនាគត ។ យុវជន​ខ្មែរ កើត​លើ​ទឹកដី​ខ្មែរ ដែលមាន​វប្បធម៌ អា​រិ​យ្យ​ធម៌ និង​ប្រវត្តិសាស្ត្រ​ច្បាស់លាស់ ត្រូវមាន​ជំហរ​ដាច់ខាត ក្នុងការ​ចូលរួម​កសាង ប្រទេសជាតិ​ឲ្យ​រីកចម្រើន ដើម្បី​រក្សា​តម្លៃ​ផ្ទាល់ខ្លួន និង​ជាតិ​សាសន៍​ទាំងមូល​។ នេះ​ជាការ​លើក ឡើង របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​យុវជន ដែល​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​យុវជន​នាវា​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) ឆ្នាំ​២០១៥ ចំនួន ៣២ រូប នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ជា សុផារ៉ា បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ ដែល​បានឃើញ យុវជន​កម្ពុជា មាន​សមត្ថភាព និង​ភាពក្លាហាន ព្រមទាំង​ទទួលបាន​ឱកាស ចូលរួម​ក្នុង​កម្ម​វី​ធី​យុវជន​អាស៊ាន ជប៉ុន ដែលជា​កម្ម​វី​ធី​ដ៏​មាន​សារៈសំខាន់ សម្រាប់​យុវជន ក៍​ដូចជា​ប្រទេសជាតិ ក្នុង​តំបន់​អាស៊ាន ។

​លោក​រដ្ឋមន្ត្រី បាន​បន្តថា នេះ​គឺជា​សំណាង សម្រាប់​យុវជន នាពេល​បច្ចុប្បន្ន ហើយក៏​ចាត់ទុកជា​សមិទ្ធផល សង្គម​មួយ សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នាំយក​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ ជូន​ប្រទេស​ប្រជា​តិ​ទាំងមូល ។

​លោក បាន​ប្រៀបធៀប​ថា យុវជន​ជំនាន់​មុន​ឆ្នាំ ១៩៩៣ គ្មាន​ឱកាសល្អ​បែបនេះ​ទេ ព្រោះ​ប្រទេស​មាន​សង្គ្រាម រង​សម្ពាធ​សេដ្ឋកិច្ច នយោបាយ​ពី​ប្រទេស​មហាអំណាច និង​ក្រលំបាក​គ្រប់បែបយ៉ាង​។ ប៉ុន្តែ​ទោះជា​លំបាក់​យ៉ាងនោះ​ក្តី រដ្ឋាភិបាល បាន​ខិតខំ​បង្រួបបង្រួម​ជាតិ ស្វែងរក​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ រហូត​ទទួលបាន​លទ្ធផល សុខសាន្ត និង​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ។​

​នៅក្នុង​ឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់ ឲ្យ​ខិតខំ​ពង្រឹង សមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ។ ជាងនេះទៅទៀត យើង​ជា​យុវជន​ខ្មែរ កើត​លើ​ទឹកដី​ខ្មែរ ដែលមាន​វប្បធម៌ អា​រិ​យ្យ​ធម៌ និង​ប្រវត្តិសាស្ត្រ​ច្បាស់ លាស់ ត្រូវមាន​ជំហរ​ដាច់ខាត ក្នុងការ​ចូលរួម កសាង​ប្រទេសជាតិ​ឲ្យ​រីកចម្រើន ។ ដោយឡែក នៅក្នុង​ដំណើរ​បេសកកម្ម​នេះ ត្រូវមាន​ភាពទន់ភ្លន់ រឹងមាំ ប្រកដប្រជា និង​ចេះ​សម្តែង​នូវ​ការគួរសម ចំពោះ​មិត្តភក្តិ​តាម​បណ្តា​ប្រទេស ដែល​បានរួម​ដំណើរ​ជាមួយ ដើម្បី​រក្សា​តម្លៃ​ផ្ទាល់ខ្លួន និង​ជាតិ​សាសន៍​ទាំងមូល ។ លោក​រដ្ឋមន្ត្រី បាន​ជូនពរ​ក្រុមយុវជន ឲ្យ​ធ្វើដំណើរ​ប្រកបដោយ សុវត្ថិភាព ទាំង​ទៅ ទាំង​ត្រឡប់មកវិញ និង​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយចំនួន​ផងដែរ ៕V/S

​យុវជន​ខ្មែរ ត្រូវមាន​ជំហរ​ដាច់ខាត ចូលរួម​កសាង​ប្រទេសជាតិ និង​រក្សា​តម្លៃ​ផ្ទាល់ខ្លួន ជាតិ​សាសន៍​ទាំងមូល​

​យុវជន​ខ្មែរ ត្រូវមាន​ជំហរ​ដាច់ខាត ចូលរួម​កសាង​ប្រទេសជាតិ និង​រក្សា​តម្លៃ​ផ្ទាល់ខ្លួន ជាតិ​សាសន៍​ទាំងមូល​

​យុវជន​ខ្មែរ ត្រូវមាន​ជំហរ​ដាច់ខាត ចូលរួម​កសាង​ប្រទេសជាតិ និង​រក្សា​តម្លៃ​ផ្ទាល់ខ្លួន ជាតិ​សាសន៍​ទាំងមូល​