ព្រំ រីតា សិល្បៈ​សំខាន់​ជាង​ស្នេហា

​ក្រោយពី​ចេញ​បទ​ចម្រៀង «​អូន​ជា​អ្នកណា​» បានធ្វើ​ឲ្យ ព្រំ រីតា ហៅ វ​ត្តី ដែលជា​ពិ​ធិ​ការ​នី​ក្នុង​វិទ្យុ ហង្ស​មាស FM 104.5mhz ចាប់ផ្តើម​មានមុខ មាន​មាត់ រហូត​ត្រូវបាន​អ្នក​នៅក្រៅ​ប្រទេស​ទាក់ ទង​ចង់​ឲ្យ​នាង​ថត​បទ​ចម្រៀង​នោះ ជា​ខារ៉ាអូខេ​ដើម្បី​ចេញលក់​នៅក្រៅ​ប្រទេស ។ ថ្មីៗ​នេះ ព្រំ រីតា បានដាក់​ពាក្យ​ប្រលង​ក្នុង​កម្មវិធី The Mic Cambodia ដែលជា​កម្មវិធី ប្រកួតប្រជែង​បទ​ចម្រៀង ដែល​និពន្ធ​ថ្មី មិន​ថា បទ​ភ្លេង និង ទំនុកច្រៀង នោះទេ ។

​ថ្វីត្បិតតែ​លទ្ធផល​មិនទាន់​បានបង្ហាញ ប៉ុន្តែ​កញ្ញា ព្រំ រីតា សង្ឃឹមថា តាមរយៈ​កម្មវិធី​នេះ អាច​នឹងធ្វើ​ឲ្យ​នាង​លេចមុខ នៅក្នុង​វិស័យ​សិល្បៈ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ។ ​ស្របពេល​ជាមួយនឹង​ការងារ​ចាប់ផ្តើម​មាន​ផ្លែផ្កា ស្រាប់​តែមាន​បុរស​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន​បាន​ទាក់ទង​សុំ​នាង​ធ្វើជា​គូស្នេហ៍ ប៉ុន្តែ​មិនដឹងថា ស្រី​ស្រស់​រូបនេះ​នឹង​ទទួលយក​បុរស​ណា​ម្នាក់ មក​ធ្វើជា​ម្ចាស់​បេះដូង នៅឡើយ​ទេ ។

​ព្រំ រីតា បានបញ្ជាក់​ប្រាប់ថា កន្លងមក​មាន​បុរស​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន បាន​ចូល​ចែចូវ​នាង តែ​នាង​មិនទាន់​គិតគូ​ពី​រឿងនេះ​ទេ អ្វីដែល​សំខាន់ សម្រាប់​នាង នៅក្នុង​ពេលនេះ​គឺ​ការងារ​សិល្បៈ ដូច្នេះហើយ ទើប​នាង បិទ​បេះដូង មិនទាន់​ទទួលយក​បុរស​ណា​ម្នាក់ មក​ធ្វើជា​ម្ចាស់​ស្នេហ៍​នោះទេ ។ ព្រំ រីតា បានបង្ហាញ​ប្រាប់​អំពី​បុរស ដែល​ស្ថិតនៅក្នុង​បេះដូង​របស់​នាង​ថា ទៅ​ថ្ងៃ​អនាគត នាង​ចង់បាន​បុរស​ម្នាក់ ដែលមាន​ចរិត​ចាស់ទុំ និង​មាន​ការងារ​សមរម្យ​ធ្វើ មិន​ថា មាន​ឬ​ក្រ គឺ​នាង​មិន​ខ្វល់​ឡើយ សំខាន់​គឺ​បុរស​នោះ​នៅ​លីវ ។

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​ស្តាប់​វិទ្យុ​ហង្ស​មាស FM 104.5mhz ភាគច្រើន ច្បាស់​ជា​ស្គាល់ សម្លេង​កញ្ញា ព្រំ រីតា ច្បាស់​ណាស់ ហើយ​ព្រំ រីតា ធ្លាប់​សម្តែង​នៅក្នុង​រឿង មួយចំនួន​ផងដែ​ឬ​។​ហើយ ចុងក្រោយ​នេះ ទស្សនិកជន​កាន់តែ​ស្អា​ល់​នាង​ច្បាស់ ក្រោយពី​នាង​បានចេញ​បទ ចម្រៀង​មួយ ដែលមាន​ចំណងជើង​ថា «​អូន​ជា​អ្នកណា​» ។​នៅក្នុងពេល ឆាប់ៗ​ខាងមុខ​នោះ ព្រំ រីតា គ្រោង​នឹង​ចេញ បទ​ចម្រៀង​ថ្មី ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្ហាញ ក៏ដូចជា​ឲ្យ​ទស្សនិកជន បាន​ស្តាប់​កម្សាន្ត រាល់​បទ​ចម្រៀង ដែល​នាង​គ្រោង​នឹង បង្ហាញ​នោះ សុទ្ធសឹងតែ​ជា​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​ពី​គេ ។ ​អា​លី​ណា