បទ”សុបិន​អាក្រក់​នៅ​បាត់ដំបង” រឿង​ពិត​បុរស​អភ័ព្វ​ម្នាក់

បទ”សុបិន​អាក្រក់​នៅ​បាត់ដំបង” រឿង​ពិត​បុរស​អភ័ព្វ​ម្នាក់

បទ “សុបិន​អាក្រក់​នៅ​បាត់ដំបង” ជា​រឿងរ៉ាវ​ពិត​បុរស​មាន​ជំងឺ​មហារីក​អភ័ព្វ​ម្នាក់ ដែល​មិន​អាច​សម្រេច​បំណង​សំខាន់​ក្នុង​ជីវិត​ចុង​ក្រោយ ពោល​គឺ​ជួប​នារី​ម្ចាស់​ស្នេហ៍ ដើម្បី​ប្រាប់​ការ​ពិត​មុន​ចាក​ឆ្ងាយ​ពី​ជីវិត​របស់​នាង។ បើ​តាម​ការ​លើក​ឡើង​របស់​កវី កែវ សាស្ត្រា អ្នក​និពន្ធ​បទ​ចម្រៀង​នេះ។

 

បទ”សុបិន​អាក្រក់​នៅ​បាត់ដំបង” រឿង​ពិត​បុរស​អភ័ព្វ​ម្នាក់

 

លោក​រៀបរាប់​ថា បុរស​នោះ​ឈ្មោះ សុផាត ជា​អ្នក​កំពង់ឆ្នាំង ដែល​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់​រស់​នៅ​ខេត្ត​បាត់ដំបង ហើយ​អ្នក​ទាំង​ពីរ​បាន​សាង​ភាព​ផ្អែមល្ហែម​ដូច​គូ​ដទៃ​ទៀត​ដែរ។ បន្ទាប់​ពី​បាន​ដឹង​ថា មាន​ជំងឺ​កំណាច​នេះ ធ្វើ​ឱ្យ​លោក​លែង​មាន​ក្ដី​សង្ឃឹម​ចំពោះ​ស្នេហា​ទៀត​ឡើយ ប៉ុន្តែ​ព្យាយាម​លាក់លៀម​រូប​នាង។

 

កែវ សាស្ត្រា និយាយ​ថា៖”ទី​បំផុត សុផាត សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ស្កាត់​ទៅ​ជួប​ខាង​ស្រី ដើម្បី​ប្រាប់​ការពិត​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់ ព្រោះ​ដឹង​ថា មិន​អាច​រស់​បាន​យូរ​ទៀត​ទេ”។ លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា ក្ដី​រំពឹង​មិន​សម​បំណង ព្រោះ​គាប់ជួនវេលានោះ នាង​ក៏​បាន​ស្កាត់​មក​លេង​មិត្ត​នៅ​ភ្នំពេញ​ឯណេះ​វិញ ដោយ​សន្យា​ត្រឡប់​មក​ជួប​បុរស​អភ័ព្វ​នៅ​ថ្ងៃ​បន្ទាប់។

 

ប៉ុន្តែ​ការ​រង់ចាំ​តាំង​ពី​ព្រលឹម​រហូត​យប់​ជ្រៅ ក៏​នៅ​តែ​មិន​ឃើញ​នាង​មក​ជួប​តាម​សន្យា ធ្វើ​ឱ្យ​បុរស​អភ័ព្វ​ខាង​លើ សម្រេច​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​សង្សារ ហើយ​រស់​នៅ​លាក់​ខ្លួន​អោប​ទុក្ខ​ម្នាក់​ឯង។ ដោយ​សារ​ការ​វិវត្តន៍​ជំងឺ​មហារីក ការ​ឈឺ​ចិត្ត និង​អស់​កម្លាំង​ចិត្ត​ដើម្បី​រស់​លោក សុផាត បាន​លាចាក​លោក​ត្រឹម​តែ ២ សប្ដាហ៍​ក្រោយ៕

 

សូម​ស្ដាប់​បទ”សុបិន​អាក្រក់​នៅ​បាត់ដំបង” ច្រៀង​ដោយ​លោក យឹង យន

 

អត្ថបទ៖ សំ ជំនាញ