កិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស​ទាំងពីរ មិនបានប្រកាស លទ្ធផលទេនឹងពិភាក្សាបន្តទៀត នៅសប្តាហ៍ក្រោយ – នេន តូច

រាជធានីភ្នំពេញ៖ ​កិច្ចប្រជុំ​របស់លោក​ស ខេង ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគច្រើន និង​លោក​សម រង្ស៊ី ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច នៅក្នុង​រដ្ឋសភា ​បានបញ្ចប់ហើយនៅម៉ោង​ជិត១៩ៈ០០នាទីយប់​ថ្ងៃ​ទី​០១តុលានេះ តែមិនបានប្រកាស លទ្ធផលទេ ដោយបញ្ជាក់ថា កិច្ចប្រជុំមា​នលក្ខណៈល្អប្រសើរ ហើយនឹងពិភាក្សាបន្តទៀត នៅសប្តាហ៍ក្រោយ។

កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះបាន​ពិភាក្សា​លើ​ចំណុច​សេសសល់​នៃ​ការកែប្រែ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​។ប៉ុន្តែមិនត្រូវបានលើកបញ្ហាសេសសល់ចំនួន ៥ចំណុច នៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឃុំសង្កាត់មក ពិភាក្សានោះទេ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះលោក ប៉ែន ​បញ្ញា តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង ​ឆៃអ៊ាង តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​នៃ​កិច្ចប្រជុំ នៅ​ព្រលប់​ថ្ងៃទី០​១​តុលា​នេះ នៅ​រដ្ឋសភា​។

លោក ប៉ែន​ បញ្ញា បានថ្លែងថា មិនមានចំណុចណាមួយ ដែលនាំឱ្យមានភាពតានតឹង ក្នុងការពិភាក្សាគ្នានោះទេ ហើយលទ្ធផលនឹងត្រូវប្រកាសនៅពេលណាមួយ បន្ទាប់ពីមានការសម្រេចរួម។លោកថា «យើងគ្មានអ្វីខ្វែងគំនិតគ្នាធំដុំទេ ខ្ញុំគិតថាពេលវេលា វានឹងមកដល់នៅពេលដែលយើងសម្រេចគ្នា ហើយខ្ញុំនឹងបញ្ជាក់ជូនលទ្ធផលនៅពេលហ្នឹងតែម្តង»។
លោក អេង ឆៃអ៊ាង តំណាងគណបក្សសង្រ្គោះជាតិ បានថ្លែងដែរថា នៅក្នុងកិច្ចប្រជុំល្ងាចនេះ មិន​តឹងតែង​នោះទេ តែ​ក៏​មិនមាន​ការសម្រេច​អ្វី​ជា​ដុំកំភួន​លើ​ការកែប្រែ​ច្បាប់​ទាំងពីរ​នោះដែរ​។លោកថា «មានចំណុចដែលយើងឯកភាពគ្នា​ច្រើន ប៉ុន្តែយើងមិនអាចយកមកធ្វើអត្ថាធិប្បាយអស់ទេ ហើយចំណុចដែលសេសសល់ហ្នឹង មិនមែនជាចំណុចដែលហៅថា តានតឹងទេ មិនមែនទេ និយាយឱ្យខ្លីទៅបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាហ្នឹង វាខុសគ្នានឹងច្បាប់បោះឆ្នោតឃុំសង្កាត់»៕នេន តូច

លោក ប៉ែន បញ្ញា និងលោកអេង ឆៃអ៊ាង ធ្វើសន្និសីទកាសែតរួមគ្នា ក្រោយពេលចប់កិច្ចប្រជុំ នាព្រលប់ថ្ងៃទី០១តុលា

លោក ប៉ែន បញ្ញា និងលោកអេង ឆៃអ៊ាង ធ្វើសន្និសីទកាសែតរួមគ្នា ក្រោយពេលចប់កិច្ចប្រជុំ នាព្រលប់ថ្ងៃទី០១តុលា