ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំទេ – វាសនា

រាជធានី​ភ្នំពេញ៖ នៅ​វេលាម៉ោង ០៨ៈ៤៥នាទី​​ព្រឹក​ ថ្ងៃ​ទី​០២តុលានេះ លោក​ចៅក្រម រស់ ពិ​សិ​ដ្ផ និង លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្តី​លោក​ ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី ពាក់ព័ន្ធ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខ​ហួរ។

នៅ​វេលា​ម៉ោង ​០៩ៈ២៥​នាទីព្រឹកនេះតំណាង​អយ្យការ​បាន​ស្នើ​ឲ្យចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ ​​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទលោក​ ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី ដើម្បីទុក​ឲ្យ​សាលាដំបូង​រាជធានី ​ជំនុំជម្រះ​តាម​ច្បាប់ ដោយសារ​សំណុំរឿង​នេះ​បាន​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ​ធ្វើការ​ជំនុំជម្រះ​រួច​ហើយ។

បន្ទាប់មកនៅ​វេលា​ម៉ោង​ ០៩ៈ​២៥​នាទីក្រុម​ប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ថយ​ទៅ​ពិចារណា​ដើម្បី​ប្រកាស​សាលក្រម​។ នៅ​វេលា​ម៉ោង ​០៩ៈ​៤៥នាទី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម ​សម្រេច​មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី លោក ​ហុង សុខហួរ នៅ​ក្រៅ​ឃុំ​ទេ។ សេចក្ដី​សម្រេច​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញបើក​ផ្លូវ​ឲ្យ​ជន​ជាប់​ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

សូមជម្រាបថា ក្នុងពេលបើកសវនាការនាព្រឹកថ្ងៃនេះក៏មាន​ក្រុមអ្នកតវ៉ាមួយក្រុម​ បាន​លើក​បដា និងរូបថត ស្រែកមេក្រូ ទាមទារដោះលែងសមាជិក​ព្រឹទ្ធសភា​លោកហុង សុខហួរ នៅមុខ​សាលាដំបូងរាជធានីភ្នំពេញ ផងដែរ។​

លោក ជួង ជូងី មេធាវីការពារក្តីឲ្យ​សមាជិក​ព្រឹទ្ធសភាលោក ហុង សុខហួរ ក៏បាន​លើក​ឡើង​ថា​ កូនក្ដី​របស់​លោក​ព្រម​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លាន​រៀល បើ​សាលាដំបូង​រាជធានី​ភ្នំពេញ​​អនុញ្ញាត​ឲ្យ​លោក ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំ។ លោក​មេធាវី​បាន​ទាមទារ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​​អនុវត្ត​តាម​ខ្លឹមសារ​មាត្រា​២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។

គួររម្លឹកថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ សាលាដំបូងរាជធានីភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស ដោយចោទប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ៕វាសនាHong Sokhour1

ក្រុមអ្នកតវ៉ា លើកបដានិងរូបថត ស្រែកមេក្រូ ទាមទារដោះលែងសមាជិក​ព្រឹទ្ធសភាលោក ហុង សុខហួរ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២តុលានេះ

ក្រុមអ្នកតវ៉ា លើកបដានិងរូបថត ស្រែកមេក្រូ ទាមទារដោះលែងសមាជិក​ព្រឹទ្ធសភាលោក ហុង សុខហួរ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២តុលានេះ