ភ្ញៀវ​ទេស​ចរ​បរ​ទេស​តាម​ទូក​កើន​ឡើង​ក្នុង​រយៈ​ពេល​៩ខែ​ ឆ្នាំ២០១៥ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង

កំពង់ឆ្នាំង៖  កំ​ពង់​ឆ្នាំង គឺ​​ជា​​ខេត្ត​​មួយ​​ជាប់​​បឹង​​ទន្លេ​សាប​​ក្នុង​​ចំ​ណោម​​ខេត្ត​​ចំ​នួន​​៦ របស់​​ប្រ​ទេស​​កម្ពុ​ជា។ ខេត្ត​​នេះ​​មាន​​កប៉ាល់​ទេស​ចរណ៍​​ឆ្លង​​កាត់​​ជា​ច្រើន​​គ្រឿង​​ក្នុង​​មួយ​​ឆ្នាំៗ ជា​ពិ​សេស​​នៅ​​រដូវ​​វស្សា​​ទឹក​​ទន្លេ​​ឡើង។ ប្រ​ធាន​​មន្ទីរ​​ទេស​ចរណ៍​​អះ​អាង​​ថា ក្នុង​​រយៈ​ពេល ៨​​ខែ​ ​ឆ្នាំ​​២០១៥ មាន​​ភ្ញៀវ​​ទេស​ចរ​​បរ​ទេស​​តាម​​ទូក​ទៅ​​កម្សាន្ត​​ទី​តាំង​​សំ​ខាន់ៗ​ក្នុង​​ខេត្ត​​ជាង ៩​​ពាន់​​នាក់។ តើ​​ភ្ញៀវ​​បរ​ទេស​​ទាំង​​នោះ ចាប់​​អារម្មណ៍​​លើ​​អ្វី​​ខ្លះ? ភ្ញៀវ​​ទេស​ចរ​បរ​ទេស​​ដែល​​មាន​​ដំ​ណើរ​​កម្សាន្ត​​តាម​​ក​ប៉ាល់​​ពី​​រាជ​ធា​នី​​ភ្នំ​​ពេញ ទៅ​​សៀម​រាប​​អង្គរ ឬ​​ទៅ​​មក​​រាជ​ធា​នី​ភ្នំ​ពេញ​-ប្រ​ទេស​​វៀត​ណាម បាន​​ចំ​ណាយ​​ពេល​​ខ្លី​​ក្នុង​​ការ​​ចុះ​​សម្រាក ឬ​​កម្សាន្ត​​នៅ​​តំ​បន់​​ចំ​នួន​​បី​​នៃ​​ខេត្ត​​កំ​ពង់​ឆ្នាំង គឺ​​នៅ​​ភូមិ​កំ​ពង់​ត្រ​ឡា​ច​ក្រោម ភូមិ​​អណ្ដូង​ឫ​ស្សី និង​​នៅ​​ក្រុង​​កំ​ពង់​ឆ្នាំង។ តំ​បន់​​ក​ម្សាន្ត​​ទាំង​​បី​​មាន​​លក្ខណៈ​​ពិ​សេស​​ខុសៗ​​នា សម្រាប់​​ទាក់​ទាញ​អារ​ម្ម​ណ៍​​ភ្ញៀវ​​ទេស​ចរ។ នៅ​​ភូមិ​​កំ​ពង់​ត្រ​ឡាច​ក្រោម ឋិត​​នៅ​​ស្រុក​​កំ​ពង់​ត្រ​ឡាច ភ្ញៀវ​​បរ​ទេស​​ភាគ​​ច្រើន​​ចាប់​​អារ​ម្មណ៍​​លើ​​ការ​​ជិះ​​រទេះ​​គោ និង​​ទ​ស្ស​នា​វត្ត​​ដែល​​មាន​​អា​យុ​​កាល​​ចំ​ណាស់​​មួយ​​ឈ្មោះ ពោធិ៍​​រុក្ខា​រាម។ ចំ​ពោះ​​ភ្ញៀវ​​ជិះ​​រទេះ​​គោ ក្នុង​​ម្នាក់​​ត្រូវ​​ចំ​ណាយ​​លុយ ១​​ដុល្លារ​ស​ម្រាប់​​ជិះ​​ម្ដង ឬ​​ត្រូវ​​ចំ​ណាយ​​ច្រើន​​ ជាង​​​នេះ​​ទៅ​​តាម​​តម្លៃ​​ចរ​ចា​​ត្រូវរ៉ូវ​​គ្នា បើ​​ភ្ញៀវ​​ចង់​​ជិះ​​ចម្ងាយ​​ឆ្ងាយ។ អ្នក​​ភូមិ​​មាន​​រទេះ​​សរុប​​ជិត ៨០​​គ្រឿង រង់​ចាំ​​បម្រើ​​ភ្ញៀវ។ ​ចំ​ពោះ​​នៅ​​តំ​បន់​​ទេស​ចរណ៍​​ភូមិ​​អណ្ដូង​ឫស្សី ឋិត​​នៅ​​ឃុំ​​ស្រែ​ថ្មី ស្រុក​​រ​លា​ប្អៀរ មាន​​ភ្ញៀវ​​ភាគ​​ច្រើន​​ចាប់​​អារម្ម​ណ៍​​លើ​​ការ​​ទស្ស​នា​ស​កម្ម​ភាព​​សូន​​ក្អម​​ឆ្នាំង ឬ​​ផ​លិត​​កុ​លាល​ភា​ជន៍ និង​​ស​កម្ម​ភាព​​ឡើង​​ត្នោត។ ក្រុម​​អ្នក​​សូន​​ក្អម​​ឆ្នាំង និង​​ក​សិ​ករ​ឡើង​​ត្នោត ទទួ​ល​​បាន​​ប្រាក់​​កម្រៃ​​តាម​​រយៈ​ការ​​បង្ហាញ​​សកម្មភាព​​ផលិត​​របស់​​ខ្លួន​ជូន​​ភ្ញៀវ​​ទ​ស្ស​នា ហើយ​​មាន​​ភ្ញៀវ​​ខ្លះ​​ចាប់​​អារម្មណ៍​​ទិញ​​វត្ថុ​អ​នុ​ស្សា​វ​រីយ៍​​ពួក​​គាត់​​ដែរ។ ចំ​ណែក​​នៅ​​ក្រុង​​កំ​ពង់​ឆ្នាំង ភ្ញៀវ​​បរ​ទេស​​ភាគ​​ច្រើន​​ទស្ស​នា​​ផ្ទះ​​បណ្ដែត​​ទឹក ភ្នំ​​នាង​​កង្រី និង​​សកម្ម​ភាព​​លក់​​ដូរ​​សេ​រី ​​របស់​អា​ជី​វក​រ​​ផ្សារ​​ក្រោម។ ក្រៅ​​ពី​​នេះ មាន​​ភ្ញៀវ​​ខ្លះ​​ជួល​​រ៉ឺ​ម៉ក​​កង់​​បី […]