លោកសម រង្ស៊ី រក្សាឧត្ដមគតិ ដើម៤ចំណុច របស់បក្សហ្វ៊ុនស៊ិនប៉ិច សំរាប់ការ បោះឆ្នោតឆ្នាំ២០១៨

ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) បានថ្លែងថា គណបក្សរបស់លោក នឹងប្រើប្រាស់ ឧត្ដមគតិដើម៤ ចំណុច របស់បក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៣ ឡើងវិញ ដោយលោកយល់ថា ឧត្ដមគតិដើម៤ ចំណុចធ្វើឲ្យបក្សនឹងជាប់ឆ្នោត នៅគ្រាដែលម្ចាស់ដើម បានបោះបង់ចោល ទៅហើយនោះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សម រង្ស៊ីធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បី នាំមកនូវការផ្លាស់ប្តូរ»នៅ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ដែលលោកថា ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ លោក នឹងប្រកាន់ខ្ជាប់នូវ និន្នាការ កំលាំង នយោបាយ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ ១៩៩៣ ដើម្បីទាញយក គាំទ្ររបស់ប្រជាជនកម្ពុជា ឲ្យបានច្រើន ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច បានកែប្រែ និងលះបង់ឧត្ដមគតិដើមរបស់ខ្លួនដែលប្រជារាស្ដ្រស្រលាញ់គាំទ្រនោះ។

ឧត្ដមគតិដើមរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចទាំងបួននោះមាន ទី១ ប្រឆាំងបរទេសឈ្លានពាន, ទី២ប្រឆាំងកម្មុយ នីសផ្ដាច់ការ, ទី៣ ប្រឆាំងអំពើពុករលួយ និងទី៤ ការពារអ្នកក្រីក្រ ការពារអ្នកទន់ខ្សោយ ការពារអ្នករងគ្រោះ ដើម្បីផ្ដល់យុត្ដិធម៌ជូនដល់ប្រជារាស្រ្ដ ។

ប្រធានគណបក្សរូបនេះ បានពន្យល់ថា “ហ្វ៊ុនស៊ិនប៉ិចបានផ្ដួចផ្ដើម បានប្រកាសគោល ជំហរទាំងបួនទ្បើង តែជាក់ស្ដែង ទៅធ្វើការក្នុងរាជរដ្ឋាភិបាល ទៅដឹកនាំប្រទេសជាមួយគេ ភ្លេចអស់ៗ បោះបង់ចោល ចឹងហើយ បានគណបក្សសមរង្ស៊ីដែលចូលជាតំណាងរាស្រ្ដតាំងពីដើម មុនគេចេញមុខប្រឆាំងជាមួយរដ្ឋសភា ថាអត់ត្រូវទេ ដែលលះបង់ឧត្ដមគតិហ្នឹង បានយើងរៀបចំគណបក្សជាតិខ្មែរ និងគណបក្សសមរង្ស៊ី ដែលមានសម រង្ស៊ី ជាប្រធានឥលូវនេះ ដើម្បីប្រកាសថា ឧត្ដមគតិនេះនឹង ផ្សាភ្ជាប់ហើយគាំទ្រ គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពី អាណត្ដិទី១ មកគាំទ្រសមរង្ស៊ីវិញ”។

លោក ថ្លែងបែបនេះ ដោយលោកយល់ឃើញថា ការបោះឆ្នោតដែលត្រឹមត្រូវ ពិតប្រាកដ និងយុត្ដិធម៌គឺមានតែ មួយគត់កាលពី ឆ្នាំ ១៩៩៣ ដែលគណបក្សឈ្នះឆ្នោត ហ្វ៊ុនស៊ិនប៉ិច ទទួលបានគាំទ្រពីប្រជារាស្ដ្រ ច្រើនមែនទែន ដែលប្រកាន់នូវគោលជំហរ ៤របស់ខ្លួននោះ៕.