CNRP គ្រោងបង្កើត ប្រតិកម្មឆ្លើយតប សម្រាប់គណបក្ស

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ (CNRP) គ្រោងបង្កើតឲ្យមាន អ្នកឆ្លើយតបប្រតិកម្ម ដូចទៅនឹងមន្ត្រី ប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាល សម្រាប់ឆ្លើយតបភ្លាមៗ ទៅនឹងការលើកឡើង ពីគ្រប់មជ្ឈដ្ឋានទូទៅ ដែលនិយាយប៉ះពាល់ គណបក្សរបស់ខ្លួន។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ» នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នាសណ្ឋាគារអ៊ីមភើរៀល អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិត្រូវតែមានអ្នកឆ្លើយតប។

លោកបញ្ជាក់ថា “យើងមិនចាំបាច់ដាក់ឈ្មោះដូចគេប្រតិកម្មរហ័សអីទេ អារហ័សពេកនឹងវាខុស យើងដាក់អ្នក ប្រតិកម្មពិត ឬដាក់ក្រុមអីដាក់ទៅ ស្រេចតែសិក្ខាសាលាគិតទៅ ប៉ុន្តែ ត្រូវតែមានអ្នកបកស្រាយ ឆ្លើយតប”។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានមន្ត្រីមួយក្រុម ដែលឋិតនៅក្រោមឱវាទរបស់ទីស្តីការ គណៈរដ្ឋមន្ត្រី ឈ្មោះថា មន្ត្រីប្រតិកម្មរហ័ស ដែលពួកគាត់ មានតួនាទីឆ្លើយតបទៅនឹងទង្វើ ឬការលើកឡើងពី មជ្ឈដ្ឋាននានា មូលបង្កាច់រាជរដ្ឋាភិបាល និងចោទរាជរដ្ឋាភិបាលគ្មានមូលដ្ឋានច្បាស់លាស់៕

CNRP គ្រោងបង្កើត ប្រតិកម្មឆ្លើយតប សម្រាប់គណបក្ស