ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​​៤០​នាក់​ត្រូវបានបញ្ជូន​ចេញពី​កម្ពុជា​តាម​ច្រក​បាវិត​

​ដោយ៖ធារ៉ា

ខេត្តស្វាយរៀង​៖​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​៤០​នាក់​ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​កំណើត​វិញ​តាម​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង ។ ពិធី​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ក្រោម​វត្តមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង លោក​វរសេនីយ៍ឯក ខាត់ សារ៉ាត់ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ខុសច្បាប់​ទាំង​៤០​នាក់​ដែល​ធ្វើការ​បញ្ជូនទៅ​ប្រទេស​កំណើត​នៅពេលនេះ​គឺ​សមត្ថកិច្ច​យើង​ចាប់​ប្រមូល​មកពី​បណ្តាល​ខេត្ត​ទូទាំងប្រទេស​ក្នុងនោះ​២៤​នាក់​(​ស្រី​២​នាក់​)​មាន​ត្រឹមតែ​លិខិតបើកផ្លូវ​តែប៉ុណ្ណោះ​ចំណែក​១៦​នាក់​(​ស្រី​៣​នាក់​)​មាន​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​តែប៉ុណ្ណោះ​ដែល​ត្រូវ​នាយកដ្ឋាន​អនុវត្ត​នីតិវិធី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ហត្ថ​ពលករ​ក៏ដូចជា​ការត្រួតពិនិត្យ​មើល​ជនបរទេស​ដែល​គ្មាន​លិខិតស្នាម​ឯកសារ​ផ្សេងៗ​ហើយ​សមត្ថកិច្ច​យើង​បាន​បញ្ជូន​ដំណឹង​ទៅ​ស្ថានទូត​ដើម្បី​ធ្វើការ​សម្ភាសន៍​ព្រមទាំង​បានចេញ​លិខិតបើកផ្លូវ​ដល់​ជនអន្តោប្រវេសន៍​ទាំងនោះ​ដើម្បី​ធ្វើការ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​មានប្រសាសន៍​បន្តទៀតថា ក្រោយពេល​ធ្វើការ​ប្រមូល​ផ្តុំ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ហើយ​សមត្ថកិច្ច​យើង​បាន​ស្នើសុំ​គោលការណ៍​ដើម្បី​ប្រកាស​បណ្តេញចេញ​ពីព្រោះ​ពួកគាត់​ប្រើតែ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគាត់ ខ្វះ​មានតែ​លិខិតបើកផ្លូវ​។ ប៉ុន្តែ​ពួកគាត់​ធ្វើដំណើរ​ដល់​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​នានា​ផ្សេងទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ធ្វើជា​កម្មករ​ដូច​ច្នេះ​យើង​ត្រូវអនុវត្ត​វិធានការ​ត្រួតពិនិត្យ​លើ​ជនបរទេស​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​​៤០​នាក់​ត្រូវបានបញ្ជូន​ចេញពី​កម្ពុជា​តាម​ច្រក​បាវិត​
ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​​៤០​នាក់​ត្រូវបានបញ្ជូន​ចេញពី​កម្ពុជា​តាម​ច្រក​បាវិត​
ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​​៤០​នាក់​ត្រូវបានបញ្ជូន​ចេញពី​កម្ពុជា​តាម​ច្រក​បាវិត​