ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ភ្នំពេញ: ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​សប្បាយរីករាយ​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ជា​ប្រពៃណី​នៅ​ទូទាំងប្រទេស នាពេលនេះ សម្តេច​ហ៊ុនសែន បាន​រម្លឹក​ពី​កិច្ចប្រឹងប្រែង​របស់​សម្តេច ក្នុងការ​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​។

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​២​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា "​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ពិតជា​បានដឹង​ច្បាស់​ហើយ នៅពេលដែល​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) បានឈ្នះ​សង្គ្រាម​កាន់កាប់​កម្ពុជា​អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ កាលពី​ឆ្នាំ​១៩៧៥ គឺ​ដោយសារ​ការ​បំផុស​មនោគមន៍វិជ្ជា​អូសទាញ​ពី​គ្រប់​ស្រទាប់​ពល​​រដ្ឋ ជាពិសេស​គឺ​ក្នុងចំណោម​យុវជន ដោយ​ពួកគេ​បាន​និយាយ​បំផុស​អំពី​ការផ្លាស់ប្តូរ ដែល​គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គឺ​អ្វីៗ ត្រូវតែមាន​ភាពស្មើគ្នា​ដោយ​គ្មាន​ប្រកាន់វណ្ណៈ​ទាំងអស់​។ តែ​ការពិត ក្រោយពី​ពួកគេ​បាន​កាន់អំណាច​ពេញដៃ​ ​គឺ​អ្វីៗ​មិន​​ដូច​​ពួកគេ​និយាយ​ឡើយ​។ ប្រជាពលរដ្ឋ​ទូទាំងប្រទេស គឺ​ត្រូវបាន​បង្ខំ​អោយ​ធ្វើការ​ទាំងយប់​ថ្ងៃ គ្មាន​ពេល​សម្រាក គ្មាន​អាហារ​ទទួលទាន គ្មាន​ទីជម្រក គ្មាន​សាលារៀន គ្មាន​មន្ទីរ​ពេទ្យ គ្មាន​វត្ត​អារាម​…​។​ល​។ និយាយ​រួម គឺ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ គឺ​ត្រូវបាន​ដកហូត​ចេញ​ទាំងអស់​។ មិនតែប៉ុណ្ណោះ គឺ​ប្រជាពលរដ្ឋ​បាន​ស្លាប់​ដោយ​អត់បាយ និង​មួយចំនួនទៀត​ធំ​គឺ​ត្រូវបានធ្វើ​ ​ទារុណកម្ម ​និង​សម្លាប់ចោល​ដោយ​គ្មាន​ការ​តវ៉ា​។ នយោបាយ​និង​មនោគមន៍​ ​បំផុស​អោយមាន​​ការផ្លាស់ប្តូរ​​ដោយ​​មេដឹកនាំ​ជំនាន់​នោះ គឺ​ធ្វើអោយ​ប្រជាពលរដ្ឋ​ជាង ៣ លាន​នាក់ ត្រូវបាន​ស្លាប់​យ៉ាង​វេទនា​បំផុត​"​។​

​សម្តេច​ហ៊ុនសែន បានលើកឡើង​បន្តថា "​ខ្ញុំព្រះករុណាខ្ញុំ បានឃើញ​នូវ​សភាពការណ៍​ដ៏​គ្រោះ​នោះ កំពុង​បំផ្លាញ​កម្ពុជា ទើប​នៅពេលនោះ ខ្ញុំ​ចាប់ផ្តើម​ប្រមូល​ក្រុម​អ្នកតស៊ូ ចូល​ព្រៃ​ប្រមូល​កម្លាំង វាយ​រំលំ​រប​វាលពិឃាត​នេះ បានសម្រេច ដែលមាន​ការចូលរួម​សហការ​ពី​ប្រទេស​វៀតណាម​ផងដែរ ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​"​។​

​សម្តេច​ហ៊ុនសែន​បន្តថា "​នៅពេល​រំដោះប្រទេស​បាន​ពី​របប​ខ្មែរក្រហម​ហើយ ក៏​នៅ​មិនទាន់មាន​សន្តិភាព ភាព​ពេញលេញ​នៅឡើយ​ដែរ ព្រោះ​នៅពេលនោះ គឺមាន​ក្រុម​ចលនា​អ្នកតស៊ូ​មួយចំនួន បាន​បោះជំរំ​នៅតាម​ព្រំដែន​ខ្មែរ​ថៃ ដែល​បន្ត​ការវាយ​ប្រហារ​ជាមួយ​ទ័ព​រដ្ឋាភិបាល​របស់ខ្ញុំ​ព្រះករុណា​។ នៅពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាន​យល់ច្បាស់​ណាស់​ថា សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺ​ធំ​ជាង​សេចក្តីសុខ​របស់ខ្ញុំ​។ ដូច​ឃើញ​នៅក្នុង​រូបភាព​ស្រាប់ គឺ​ខ្ញុំព្រះករុណាខ្ញុំ មាន​ឯក​សណ្ឋាន​ជា​ទាហាន​គ្រប់​ពេល ក្នុង​ការដឹក​នាំ​គ្រប់គ្រង​គ្រប់​ស្ថានការណ៍ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​បានគិត​អំពី​សេចក្តីសុខ​ផ្ទាល់ខ្លួន​ឡើយ​"​។​

​សម្តេច​ហ៊ុនសែន បាន​បញ្ជាក់ថា "​ខ្ញុំព្រះករុណាខ្ញុំ បានសម្រេច​ថា​ត្រូវតែ​បង្រួប​ង្រួ​ម​ចរចា​ជាមួយ​គ្រប់ភាគី​ទាំងអស់ ដើម្បី​បញ្ចប់សង្គ្រាម​ ​កុំអោយ​មានការ​បង្ហូរ​ឈាម​​ខ្មែរ​តទៅទៀត​។ ព្រោះ​យើង​ទើបបាន​រួច​ជីវិត​ផុតពី​របប​ខ្មែរក្រហម​ថ្មីៗ​ក្តៅៗ​នៅឡើយ​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា "​មុននឹង​ឈានដល់​ដំណាក់​ការចរចា និង​ចុះហត្ថលេខា​ជា​ផ្លូវការ ដើម្បី​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ខ្ញុំព្រះករុណាខ្ញុំ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​អតីតព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ នៅ​ទីក្រុង​ប៉ារីស​។ អ​តី​ព្រះមហាក្សត្រ ក៏​ព្រះអង្គ សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ពេញចិត្ត​ខ្លាំងណាស់ ចំពោះ​គោល​ល​បំណង​សន្តិភាព ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។ ទើប​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ យើង​សម្រេចបាន​នូវ​ការចុះហត្ថលេខា​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ផ្លូវការ ដែលមាន​ភាគី រដ្ឋ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ភាគី​លោកតា​សឺ​ន​សាន និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ចូលរួម​។ ក្រោយមក ទើប​យើង​រៀបចំ​ដឹកជញ្ជូន​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសសឹក ដោយសារ​សង្គ្រាម​ទាំងអស់ ពី​តាម​ជំរំ​នៅតាម​ព្រំដែន​ ​វិល​ចូលមក​រួមរស់​នៅក្នុង​ប្រទេសជាតិ​វិញ​។ ជា​បន្តបន្ទាប់ គឺ​យើង​បាន​ឈានទៅដល់​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​លើក​ដំបូង នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​១៩៩៣ ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បាន​ប្រើ​ប្រាស់​​សិទ្ធិសេរីភាព​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការសហប្រជាជាតិ​ (UNTAC) លើកដំបូង​នៅ​កម្ពុជា​"​។​

​សម្តេច​តេ​ជោ បន្តថា ទោះបី​មានការ​បោះឆ្នោត​កើតឡើង​រួចហើយ ក៏​នៅមាន​មាន​បញ្ហា​មួយចំនួនទៀត​ ​នៅ​បន្ត​កើតមានឡើង​នៅ​តំបន់ ដែល​ផ្តាច់ខ្លួន និង​គ្រប់គ្រង​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​។ នៅ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៨ ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេច​ជ្រើសរើស​នយោបាយ​ឈ្នះ ឈ្នះ ចុងក្រោយ​ក្នុងការ​បង្រួបបង្រួម និង​ធ្វើ​សមាហរណកម្ម ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងអស់ អោយបាន​វឹល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ​វិញ ដែល​យើង​បានបញ្ចប់​សង្គ្រាម​កម្ពុជា​ទាំងស្រុង​ជា​ស្ថាពរ​។ គឺ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​សន្តិភាព គឺជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​ទាំង​ក្នុងការ​រស់នៅ និង​ក្នុង​ការកសាង​ប្រទេស​។ សន្តិភាព​បាន​ផ្តល់ឱកាស​ដល់​កម្ពុជា បានរៀបចំ​ការបោះឆ្នោត​រៀងរាល់​​អាណត្តិ ហើយ​រាជរដ្ឋាភិបាល មាន​ពេលវេលា ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ សន្តិភាព គឺ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ញញឹម ប្រកប​ដោយ​ក្តីសង្ឃឹម​ទាំងអស់គ្នា ក្នុងការ​អភិវឌ្ឍន៍​ស​ង្គ​ម​ក្រុមគ្រួសារ​អោយ​រីកចម្រើន​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្តថា "​មកទល់​ថ្ងៃនេះ សន្តិភាព​បានធ្វើអោយ​ប្រទេស​យើង​កាន់តែ​រីកចម្រើន​បោះជំហាន​ទៅមុខ​។ សន្តិភាព​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ជួបជុំ​សុខ​សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ និង និង​មានឱកាស​ធ្វើ​បុណ្យទាន​ទៅ​តាម​ប្រពៃណី​ ទំនៀមទម្លាប់ ដូច​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅពេលនេះ ជាដើម​។ សន្តិភាព ដែល​យើង​បានទទួល​ពេញលេញ មកទល់ពេលនេះ គឺមាន​ការលះបង់ និង​ពលី​អាយុជីវិត​មនុស្ស​ច្រើនណាស់ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​ចូលរួម​បន្ត​ថែរក្សា និង​ការពារ​សន្តិភាព​អោយបាន​រឹងមាំ​ល្អ ដើម្បី​ប្រទេសជាតិ​យើង កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​គ្មាន​ការសប្បាយរីករាយ​ណា ដែល​ចេញ​មកពី​សង្គ្រាម អស្ថិរភាព និង​ការប្រឈមមុខ​នោះទេ​។ ត្រូវ​រួមគ្នា​ការពារ​នៅ​អ្វីដែល​យើង​កំពង់មាន ពិសេស​គឺ​សន្តិភាព​"៕​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ សម្តេច​ហ៊ុនសែន រម្លឹក​ពី​កិច្ចប្រឹងប្រែង​ចរចា​កសាង​សន្តិភាព នៅ​កម្ពុជា​
រូបភាពពីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែន