ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី លុយពីធនាគារ

បន្ទាយមានជ័យ ៖ ពលរដ្ឋជាង២០គ្រួសារ រស់នៅលើខ្នងបារ៉ែត ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានលើកគ្នាមកតវ៉ា ស្នើសុំអន្តរាគមន៍ ពីលោកអភិបាល ខេត្តដើម្បីសុំនូវបង្កាន់ដៃដីអំណោយសម្បទាន ដែលផ្តល់ឲ្យដោយលោកឈឹម សារឿន ហៅចិនខ្មៅ ព្រោះពួកខ្លួន ត្រូវការវាយកទៅដាក់ខ្ចីលុយពីធនាគារ មកប្រើប្រាស់។

ពលរដ្ឋតវ៉ាម្នាក់ឈ្មោះ លាង សាវុធ ភេទប្រុស អាយុ៥៤ឆ្នាំ បាននិយាយថា ពួកខ្លួនមកតវ៉ាជាង១០គ្រួសារទៅ៣០គ្រួសារ ក្នុងចំណោម៧២គ្រួសារ ដែលរស់នៅលើដីខ្នងបារ៉ែត ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លានេះ គឺពួកគាត់មិនជំទាស់ ទៅនឹងការរុះរើនិងការដោះដូរ អំណោយសម្បទាន របស់លោកឈឹម សារឿន ហៅចិនខ្មៅនិងភរិយានោះទេ ។ តែពួកខ្លួនគ្មានលុយ ត្រូវរុះរើលំនៅឋានចាស់ ទៅសង់លើដីល្វែងថ្មី ដែលជារបបអំណោយក្នុង ១គ្រួសារៗទំហំ ៤ម៉ែត្រគុណនិង១៦ម៉ែត្រនោះឡើយ។

ហេតុនេះស្នើសុំលោកអភិបាលខេត្ត ជួយអន្តរាគមន៍ដល់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្តនិងភូមិបាលក្រុង និងមន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ដើម្បីចេញបង្កាន់ដៃ នៃប្លង់បំបែកក្បាលដី ឲ្យបានឆាប់ផង។ ព្រោះពួកខ្លួនត្រូវការ យកវាទៅដាក់ ដើម្បីខ្ចីលុយពីធនាគារ មកដោះស្រាយបន្ថែមសាងសង់ផ្ទះថ្មីលើដីថ្មីនោះ។

ពលរដ្ឋបន្តថា ពួកខ្លួនបានសុំសួរលោកឈឹម សារឿនហៅចិនខ្មៅ ហើយលោកថា បង្កាន់ដៃប្លង់នោះនៅលើអាជ្ញាធរ និងជំនាញសុរិយោដី។ ដល់ពួកខ្លួនសួរមេភូមិ ចៅសង្កាត់ ពួកគាត់ថា មេខាងលើមិនទាន់ឭប្រាប់ថា ម៉េចដែរ ។

ស្ត្រីម្នាក់ឈ្មោះសិន សារឿនបាននិយាយថា ដោយសារសួរម្ចាស់ដីសម្បទាននិងភូមិ ឃុំ មិនដឹងនោះហើយទើបពួកគាត់ នាំគ្នាមកសួរដល់ខេត្តយ៉ាងដូច្នេះ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និយាយថា បែបបទឯកសារដីសម្បទាន លោកឈឹម សារឿននោះ ត្រឹមសមត្ថកិច្ចលោកជាអភិបាលរង បានចារនិងគោរពជូនសុំការសម្រេច ពីលោកអភិបាលខេត្តនិងបញ្ជូន ចុះឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តចាត់ការតាមជំនាញហើយ។

ឯមន្ត្រីសាលាខេត្តផ្សេងទៀតថា ចាំចាត់មន្ត្រីឲ្យឆែកមើលឯកសារនោះ ថាតើវាបានដើរឬរត់ដល់ណាហើយនោះ ក៏មិនទាន់ដឹងនៅឡើយនោះទេ ៕

ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី លុយពីធនាគារ

ពលរដ្ឋរស់នៅលើ ខ្នងបារ៉ែត ក្រុងសិរីសោភ័ណ តវ៉ាសុំបង្កាន់ដៃដី ដើម្បីបានដាក់ខ្ចី លុយពីធនាគារ