លោក ផៃ ស៊ីផាន ៖ CNRP យកគំរូតាមឧទ្ទាម ដែលនាំឲ្យមានសង្រ្គាម

ភ្នំពេញ ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា គណបក្សសង្រ្គោះជាតិ (CNRP) ធ្វើគំរូតាមក្រុមឧទ្ទាម ដែលនាំឲ្យមានសង្រ្គាម ខុសប្លែកពីគណបក្សប្រជាជនកម្ពុជា មិនដែលនាំមាន សង្រ្គាម គឺនាំមកនូវសន្តិភាព។

ការថ្លែងបញ្ចេញប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ីបានលើកឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ថា អ្នកដែលនិយាយថា ពេលគណបក្សសង្រ្គោះជាតិ ឡើងកាន់នាំឲ្យមានសង្រ្គាម អ្នកនោះប្រហែលជាមានអនុស្សាវរីយ៍ ច្រើនជាមួយរបបខ្មែរក្រហម។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គណបក្សប្រជាជនកម្ពុជា នាំមកនូវសុខសន្តិភាពនៅក្នុងប្រទេស ជាក់ស្តែងនៅអំឡុងឆ្នាំ១៩៩៧ គណបក្សប្រជាជន បានបំបាក់ពួកក្បត់ ជាតិនិងពហុបក្សដែលនាំឲ្យមានការផ្ទុះអាវុធ ដែលបាននាំពួកខ្មែរក្រហមមកប្រើប្រាស់។

លោកបញ្ជាក់ថា “ដូច្នេះមានតែសម រង្ស៊ីដែលជាជនផ្តាច់ការ ។ សមរង្ស៊ី ដែលនាំឲ្យមានសង្រ្គាម”៕