ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង នៅតែ​ល្បីល្បាញ​ខាង​កែច្នៃ​គ្រឿង​សង្ហា​រឹម​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​

​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នាពេល​កន្លងមក​នោះ នៅតែ​បន្ត​ល្បីឈ្មោះ​មិន​ថមថយ​ឡើយ​។ ឈ្មួញ​យួន​ម្នាក់នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​អាជ្ញាធរ​នៅក្នុង​ខេត្តស្ទឹងត្រែង ទើប​អាច​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ជាងនេះទៅទៀត​យាយ​ព្រឿង បាន​ជួល​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ឲ្យ​ដឹកជញ្ជូន​គ្រឿង​សង្ហា​រឹម​កែច្នៃ​រួច​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​ទៀតផង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា យាយ​ព្រឿង មាន​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​មួយកន្លែង​នៅ​ភូមិ​កិ​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ហើយ​ទីតាំង​សិប្បកម្ម​នេះ​មិន​ត្រឹមតែ​កែច្នៃ​ឈើ​ប្រណីត​ជា​គ្រឿង​សង្ហា​រឹម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ស្តុក​ឈើ​ប្រណីត​សម្រាប់​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​ទៀតផង​។ សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​ប៉ះពាល់​មុខរបរ​ខុសច្បាប់​របស់​យាយ​ព្រឿង​ទេ ព្រោះ​ឈ្មួញ​យួន​ម្នាក់នេះ បាន​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ជា​ប្រចាំខែ​រួចទៅហើយ ដូច្នេះ​បើ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ប្រាកដជា​ត្រូវ​ស​ភ្នែក​ខ្លួនឯង​។ កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ទៅ​ពី​ក្រសួងកសិកម្ម​ចូល​ឆែកឆេរ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​យាយ​ព្រឿង ត្រូវ​ឈ្មួញ​យួន​រូបនេះ​ប្ដឹង​កងរាជអាវុធហត្ថ​ឲ្យ​ចាប់ឃុំខ្លួន​អស់​រាប់​ម៉ោង​។​

ថ្មីៗ​កន្លងទៅ​នេះដែរ​សមត្ថ​កិច្ច​ចម្រុះ​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​ថ្មបាំង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឃាត់​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​១​គ្រឿង​ដែល​សង្ស័យថា មាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​។ ពេល​ត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​រកឃើញ​ក្នុង​រថយន្ត​ដឹកជញ្ជូន​ស្រា​បៀរ​អង្គរ​នោះ មាន​សុទ្ធតែ​គ្រឿង​សង្ហា​រឹម​ធ្វើ​ពី​ឈើ​ប្រណីត​និង​ឈើ​ប្រណីត​បង្កប់​ពីក្រោម ដែលមាន​ម្ចាស់​ឈ្មោះ​យាយ​ព្រឿង​។ បន្ទាប់ពី​ដឹងថា រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គ​រដឹក​គ្រឿង​សង្ហា​រឹម​និង​ឈើ​ប្រណីត​របស់​យាយ​ព្រឿង ស្រាប់តែ​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​១​រូប​ដកថយ​ទៅវិញ​យ៉ាង​ស្ងប់ស្ងាត់​។ បញ្ហា​នេះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង កំពុង​ប្រើប្រាស់​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ដឹក​គ្រឿង​សង្ហា​រឹម​ធ្វើ​ពី​ឈើ​ប្រណីត​រួច​បង្កប់​ឈើ​ប្រណីត​ពីក្រោម​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​បំផុត​៕

a-dim-500x281 a-dim1-500x281