ឃី​ម បូ​រ៉ា និង ផា​ន់ គ្រាន់ ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ប្លេ​ក​ខេត

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កីឡាករ​ឃី​ម ឌី​ម៉ា ជា​បង​ត្រូវ​ប្រកួត​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កីឡាករ​ឃី​ម បូ​រ៉ា ជា​ប្អូន​ក៏​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​ប្លេ​ក​ខេត​» នៅ​វេលា​យប់​ថ្ងៃអាទិត្យ ទី​៤ តុលា ស្អែក​ដែរ ។ កីឡាករ​ផា​ន់ គ្រាន់ ក៏​ត្រូវ​គេ​ឱ្យ​ប៉ះ​កីឡាករ​ថៃ​ដែល​ជា​គូបដិបក្ខ​របស់ ឃី​ម ឌី​ម៉ា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​បន្ទាប់​ពី​ប្ដូរ​ឲ្យ ឃី​ម ឌី​ម៉ា ប៉ះ​កីឡាករ​ថៃ​ផ្សេង​ជា​ជំនួស ព្រោះតែ​ហេតុផល​បច្ចេកទេស ។

ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ប្អូនបង្កើត​របស់ ឃី​ម ឌី​ម៉ា ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ជំនួប​របស់​ពួក​គេ​គឺជា​ការ​ប៉ះ​គ្នា​លើក​ដំបូង ប៉ុន្តែ​កីឡាករ​ថៃ​មានការ​បញ្ជាក់​ថា​គឺជា​កីឡាករ​វ័យក្មេង​ម្នាក់​ដែល​មាន​កម្រិត​វាយលុក​ខ្លាំងក្លា ។ បើ​ទោះជា​ក្នុង​បញ្ជី​កីឡាករ​ជួរ​មុខ​របស់​ប្រទេស​ថៃ​មិន​មានឈ្មោះ​កីឡាករ ផា រ៉ា​វី  ក៏​មាន​គេ​កោតសរសើរ​ច្រើន​ថា កីឡាករ​រូប​នេះ​មាន​ថ្វីដៃ​ល្អ​ដែរ ។ លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺជា​អ្នក​ដែល​បាន​ចេញ​មុខ​ប្រកាស​ថា គូប្រកួត​របស់ ឃី​ម បូ​រ៉ា យប់​ស្អែក​ជា​កីឡាករ​មិនធម្មតា​ម្នាក់ ។ លោក​អះអាង​ថា នៅ​ក្នុង​ប្រទេស​ថៃ​ជើង​ខ្លាំង​វ័យក្មេង​រូប​នេះ​ចេញ​ប្រកួត​ឡើង​ស៊ាំ​សង្វៀន​អស់​ទៅ​ហើយ ដោយ​កីឡាករ​ជើង​ចាស់​ក៏​មិន​តិច​រូប​ដែរ​ដែល​បាន​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​របស់​គេ ។ ជាមួយនឹង​ការ​អួត​ថា​ខ្លាំង​កែង ម៉ាត់ និង​ទាត់ លោក​ហាក់​មាន​ជំនឿ​ថា ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​ប្លេ​ក​ខេត​» ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៨​យប់​ស្អែក កីឡាករ​កម្ពុជា​នឹង​យ៉ាប់​សម្រាប់​ការ​ក្ដោប​ក្ដាប់​ជ័យជម្នះ ។ លោក​ថ្លែង​ដោយ​មាន​ជំនឿ​ចិត្ត​ថា ៖ «​អា​រ៉ា​វី​ហ្នឹង​អត់​មាន​ខ្សែក្រវាត់​អី​ទេ ប៉ុន្តែ​ចាំ​មើល​វា​វ៉ៃ​បានដឹង ស្រួល​មិន​ស្រួល​ឃី​ម បូ​រ៉ា ទប់​មិន​ជាប់​ទេ បើ​តាម​ខ្ញុំ​កត់សម្គាល់​ថ្វីដៃ​២​នាក់​ហ្នឹង​!»​។ លោក​អះអាង​បែប​នេះ​គឺ​បន្ទាប់​ពី​កត់សម្គាល់​ឃើញ​កីឡាករ​របស់​ខ្លួន​ជា​ជើង​ខ្លាំង​កំពុង​ស្ទុះ​ឡើង​កូដ ហើយ​កីឡាករ​ខាង​កម្ពុជា​ហាក់​មាន​ភាព​ញញើតញញើម​នៅឡើយ គ្រប់ពេល​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ដែល​ហ៊ាន​ជាង​ខ្លួន ។ លោក​ថា ឃី​ម បូ​រ៉ា មាន​សមត្ថភាព​ខ្ពស់ និង​ពោរពេញ​ដោយ​ថាមពល​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​គូប្រកួត ប៉ុន្តែ​គេ​មាន​ចំណុចខ្សោយ​ត្រង់​ចាំ​ត្រង​ស្នៀត​របស់​គូប្រកួត​ច្រើន​ជាង ខណៈ​ដែល​ការ​វាយបក និង​វាយ​ទប់​ក្លាយជា​ទម្លាប់​ដែល​មិនសូវ​ឲ្យ​ចូល​ចិត្ត​វាយ​សន្ធាប់​មុន ។ យ៉ាងណា​ក៏​ដោយ លោក​ថា ឃី​ម បូ​រ៉ា អាច​នឹង​ឈ្នះ​ដោយ​ស្រួល​ក៏​ថា​បាន បើ​ការ​ប្រកួត​ជាក់ស្ដែង​ស្រាប់តែ​កីឡាករ​របស់​ខ្លួន​ក្លាយជា​អ្នក​ចាញ់​ច្រាប ហើយ​កីឡាករ​កម្ពុជា​បែរជា​ប្ដូរ​យុទ្ធសាស្ត្រ​ឈប់​ចាំ​ទប់​តែ​ម្យ៉ាង ដោយ​ការ​វាយ​សម្រុក​នាំមុខ​វិញ ។ មានការ​ព្យាករ​ថា ឃី​ម បូ​រ៉ា មិន​អាច​ប្រើ​ទម្លាប់​ចាស់​ដែល​ធ្លាប់​ធ្វើ​ឲ្យ​គេ​បាក់មុខ​កាល​មុន​ទៀត​ទេ ដោយសារ​តែ​តិច​និក​ចាំ​ឆ្មក់ ឬ​ការ​វាយបក​តែ​ម្យ៉ាង បាន​ធ្វើ​ឲ្យ​គេ​របូត​ខ្សែក្រវាត់​អស់​២​ទៅ​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​កន្លង​មក ។ អ្នកគាំទ្រ​សុទ្ធតែ​ទទួលស្គាល់​ពី​ចំណុចខ្លាំង​របស់​កីឡាករ​រូប​នេះ ប៉ុន្តែ​ក៏​បាន​សម្ដែង​ការ​ខកចិត្ត​ដែល​គេ​ខ្វះ​ភាព​ក្លាហាន និង​មិនសូវ​ចេញ​ស្នៀត​ឲ្យ​បាន​មុន​គូប្រកួត​គ្រប់ពេល​ឡើង​រេញ ដោយ​ក្នុង​នោះ​ទម្លាប់​វាយ​ថយ​ក៏​ជា​ចំណុចខ្សោយ​មួយ​ដែរ​។ ការ​ប៉ះ​ប្រកួត​លើក​នេះ ឃី​ម បូ​រ៉ា មិន​អាច​ចាញ់​បាន​ទេ ដើម្បី​ការពារ​មុខមាត់​ដែល​បាន​បាក់​ស្រុត បន្ទាប់​ពី​ត្រូវ​របូត​ខ្សែក្រវាត់​អស់​២​បន្តបន្ទាប់​គ្នា​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ អ្នកគាំទ្រ​ដូច​គ្នា​បាន​លើក​ឡើង​ថា បើ​កីឡាករ​កម្ពុជា​រូប​នេះ​វាយ​សន្ធាប់​ដោយ​កណ្ដាប់ដៃ និង​កែង​នោះ​មិន​ងាយ​មាន​អ្នក​ណា​ទប់​ជាប់​នោះ​ទេ បើ​ទោះជា​គេ​រាង​អន់​ជើង​ក្រោម​បន្តិច​ក្ដី ។ ម្យ៉ាងទៀត ឃី​ម បូ​រ៉ា ត្រូវការ​ទីផ្សារ​ឡើង​រេញ​អន្តរជាតិ​ឲ្យ​បាន​ញឹកញាប់​នោះ​ផង ទើប​គេ​ជឿជាក់​ថា ចំពោះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ប្លេ​ក​ខេត​នៅ​យប់​ស្អែក គឺ​ដាច់ខាត​គេ​ត្រូវ​តែ​ប្រឹង​ឲ្យ​ឈ្នះ ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ។ អ្នកគាំទ្រ​ភាគច្រើន​ត្រូវ​គេ​មើលឃើញ​ថា​ចាប់អារម្មណ៍​គូ​នេះ ដោយសារ​តែ​ចង់​ដឹង​ថា តើ​កីឡាករ​ខាង​កម្ពុជា​នឹង​ចេះ​កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ធ្លាប់​មាននៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ផា រ៉ា​វី ឬ​ក៏​អត់ ។ បើ​នៅ​តែ​ដដែល ហើយ​ភ្លាត់​ឲ្យ​ចាញ់​កីឡាករ​ថៃ​នៅ​យប់​ស្អែក គឺ​ពិតជា​ត្រូវ​ថ្នោ​ង​មហាជន​ដោយ​មិន​សំចៃមាត់​ជាក់​ជា​មិន​ខាន​ឡើយ ។

កីឡាករ​ថៃ ផា រ៉ា​វី ធ្លាប់​ប្រកួត​បាន​៥៥​ដង ឈ្នះ​៤៩​ដង និង​ចាញ់​៦​ដង ដោយឡែក​កីឡាករ​ឃី​ម បូ​រ៉ា ធ្លាប់​ប្រកួត​បាន​៧៦​ដង ឈ្នះ​៦៤​ដង ចាញ់​១១​ដង និង​ស្មើ​ម្ដង ។ គ្រូបង្វឹក​របស់​កីឡាករ​រូប​នេះ គឺ​លោក ហេង ប៊ុ​ន​ឃី​ម ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ដ៏​ឆ្នើម​នៅ​ក្នុង​ពិភព​ប្រដាល់ ។

មួយគូ​ប្រកួត​អន្តរជាតិ​ទៀត កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឈាង ក្រៃ ក្រោយ​ពី​មានការ​ដោះ​ដូរ​ជា​បន្ទាន់​កើតឡើង ។ ជា​ការ​ពិត​កីឡាករ​ឈាង ក្រៃ ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ឃី​ម ឌី​ម៉ា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​មួយ​ចំនួន​ទើប​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ ដើម្បី​កុំ​ឲ្យ​ព្រឹត្តិការណ៍​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​មិន​អាច​ដំណើរការ​បាន​រលូន ។ មានការ​បញ្ជាក់​ថា កីឡាករ​ថៃ​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ផា​ន់ គ្រាន់ មាន​ទម្ងន់​ជាក់ស្ដែង​ខុស​គ្នា​ដាច់​ឆ្ងាយ​នឹង​គេ​ខ្លាំង​ពេក ទើប​បង្វែរ​ឲ្យ​ទៅ​ប្រកួត​ជាមួយ​ឃី​ម ឌី​ម៉ា នៅ​ព្រឹក​នេះ​វិញ ហើយ​ប្ដូរ​គូប្រកួត​របស់ ឃី​ម ឌី​ម៉ា ឲ្យ​មក​ប្រកួត​ជាមួយ ផា​ន់ គ្រាន់ ដោយសារ​តែ​ទម្ងន់​ជាក់ស្ដែង​របស់​ពួក​គេ​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា ។ ការ​ដោះ​ដូរ​នេះ​ធ្វើ​ឲ្យ​គេ​មើលឃើញ​ភ្លាម​ថា​កីឡាករ​ផា​ន់ គ្រាន់ ពិតជា​ពិបាក​ស៊ី​គូប្រកួត ដោយសារ​តែ​កីឡាករ​ឈាង ក្រៃ​កាល​ប្រកួត​លើក​ទី​១ គេ​ចាញ់​កីឡាករ​ឯម វិចិត្រ ដោយសារ ឯម វិចិត្រ ស៊ី​ឡាក់ និង​ការ​ប្រកួត​លើក​ទី​២ គឺ​គេ​បាន​ឈ្នះ​ប្រៀប​ទៅ​លើ
ឃី​ម ឌី​ម៉ា ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការ​ឲ្យ​ស្មើ​ដើម្បី​កុំ​ឲ្យ ឃី​ម ឌី​ម៉ា ជា​ម្ចាស់ផ្ទះ​បាក់មុខ​។ យ៉ាងណា​ក៏​ដោយ កីឡាករ​ផា​ន់ គ្រាន់ នៅ​តែ​មាន​អ្នក​ជឿ​ថា​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ស​ន្ទ​ស្សន៍​ច្រើន​ជាង​កីឡាករ​ថៃ​រូប​នេះ​ប៉ះ​ជាមួយ​ឃី​ម ឌី​ម៉ា ។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​ផា​ន់ គ្រាន់ ច្បាស់​ស្នៀត​ជាង ឃី​ម ឌី​ម៉ា ហើយ​បើ​និយាយ​ពី​កម្លាំង​ក៏​នៅ​ម៉ឺង​មិន​ទាន់​ធ្លាក់ដៃ​ដូច​ឃី​ម ឌី​ម៉ា នោះ​ដែរ​។ កីឡាករ​ឈាង ក្រៃ ធ្លាប់​ប្រកួត​បាន​៧៩​ដង ឈ្នះ​៥៩​ដង ចាញ់​១៨​ដង និង​ស្មើ​២​ដង ចំណែក​កីឡាករ​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៩​ដង ចាញ់​១០​ដង និង​ស្មើ​១​ដង ។

នៅ​ថ្ងៃអាទិត្យ​នេះ​ដែរ ក៏​មានការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចំនួន​២​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ផង​ដែរ ដោយ​ការ​ប្រកួត​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៨ និង​ពេល​រសៀល​ចាប់ពី​ម៉ោង​២ ។ នៅ​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ជម្រុះ​គួរ​ឲ្យ​ជក់ចិត្ត​ផង​ដែរ ដោយ​កីឡាករ​៤​នាក់​ក្នុង​ចំណោម​១៦​នាក់ នឹង​ត្រូវ​ប្រកួត​គ្នា​ជម្រុះ​៨​នាក់​ចោល​ដើម្បី​ទុក​តែ​៨​នាក់​ឡើង​ទៅ​វគ្គ​បន្ត ។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​ល្ងាច​ស្អែក​តទៅ​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ជ្រោយចង្វា ៕