បឹង​កេ​ត​អង្គរ​អែ​ហ្វ​ស៊ី​រក្សា​បាន​លំដាប់ថ្នាក់​លេខ​រៀង​ទី​២​ក្នុង​តារាង​បន្ទាប់​ពី​លត់​CMAC 3-0

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​ទី​១ តុលា កន្លង​មកនេះ ក្រុម​បឹង​កេ​ត​អង្គរ​អែ​ហ្វ​ស៊ី​រក្សា​បាន​លំដាប់ថ្នាក់​លេខ​រៀង​ទី​២​ក្នុង​តារាង​បន្ទាប់​ពី​លត់​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(CMAC) ក្នុង​លទ្ធផល​៣-០ ។

នៅ​ក្នុង​តង់​ទី​១ បើ​ទោះជា​ក្រុម​បឹង​កេ​ត​អង្គរ​អែ​ហ្វ​ស៊ី​មានឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​មែន ប៉ុ​ន្តែ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​ឡើយ លុះ​ចូល​ដល់​តង់​ទី​២ ទើប​ក្រុម​នេះ​រកបាន​រហូត​ដល់​៣​គ្រាប់​។ កីឡាករ​ឃួ​ន ឡា​បូ​រ៉ា​វី រកបាន​១​គ្រាប់​នៅ​នាទី​ទី​៤៨ ធ្វើ​ឱ្យ​ទម្រង់​លេង​របស់​ក្រុម​បឹង​កេ​ត​អង្គរ​អែ​ហ្វ​ស៊ី​កាន់តែ​ល្អ​ឡើង ។ បន្ទាប់​មក​ខ្សែប្រយុទ្ធ​វ័យក្មេង ចាន់ វឌ្ឍនាការ រកបាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៥៥ ហើយ​ខ្សែការពារ​រស់ សំ​អឿ​ន រកបាន​គ្រាប់់​ទី​៣​ក្នុង​ម៉ោង​បន្ថែម​៩០+៣ ។ ទោះបី​យ៉ាង​ណា ក្រុម​បឹង​កេ​ត​អង្គរ​អែ​ហ្វ​ស៊ី​បាន​ត្រឹម​រក្សា​លំដាប់ថ្នាក់​លេខ​រៀង​ទី​២​ក្នុង​តារាង​ប៉ុ​ណ្ណោះ បើ​ទោះជា​មាន​៤៨​ពិន្ទុ​ដូច​ភ្នំពេញ​ក្រោ​ន​ក៏​ដោយ ដោយសារ​មាន​គ្រាប់​ចំណេញ​តិច​ជាង ។

ដោយឡែក​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ លេង​ចាញ់​ក្រុម​ណា​ហ្គា​វើ​ល ២-០ ។ នៅ​តង់​ទី​១ ក្រុម​ទាំង​២​បញ្ចប់​ទៅ​ដោយ​លទ្ធផល​០-០ លុះ​ចូល​ដល់​តង់​ទី​២ កីឡាករ​ទៀប វឌ្ឍនៈ របស់​ក្រុម​ណា​ហ្គា​វើ​ល​បាន​ទាត់​បាល់​ទម្លុះ​សំណាញ់​ទី​ក្រុម​ក្រសួងការពារជាតិ​បាន​សម្រេច​រហូត​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៧៩ និង​៩០ ។ ការ​យកឈ្នះ​លើ​ក្រុម​ក្រសួងការពារជាតិ​ពេល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ណា​ហ្គា​វើ​ល​ឡើង​មក​ឈរ​នៅ​ក្នុង​លំដាប់ថ្នាក់​លេខ​រៀង​ទី​៤​ក្នុង​តារាង​ដោយ​មាន​៣៥​ពិន្ទុ​។

មួយ​ប្រកួត​ទៀត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ តែ​ពេល​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺ​រ៉ុប​យូ​ណាយ​ធី​ត​ក្នុង​លទ្ធផល​២-១ ។ ការ​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺ​រ៉ុប​យូ​ណាយ​ធី​ត​លើក​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឡើង​មក​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​រៀង​ទី​៥ ជំនួស​ក្រុម​ក្រសួងការពារជាតិ ដោយ​មាន​៣២​ពិន្ទុ ៕