ក្រុង​ប៉ា​រីស​ត្រៀម​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជួយ​ជម្រុញ​ការ​រៀប​ចំ​ប្រព័ន្ធ​ចរាចរ និង​លូ​ក្នុង​រាជ​ធានី​ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​ស្រី​ជា​ភរិយា​ កាល​ពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​១ តុលា ២០១៥ បាន​ដឹក​នាំ​ប្រតិ​ភូ​សាលា​រាជ​ធានី​ភ្នំពេញ​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ផ្លូវ​ការ​ និង​ចុះ​ហត្ថ​លេខា​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​។

លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​រយៈ​ពេល​៦​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៦ តុលា ២០១៥ ។ ក្នុង​ពេល​បំពេញ​ទស្ស​ន​កិច្ច​នោះ​ប្រតិ​ភូ​នឹង​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​លោក​ស្រី​អភី​បាល​ក្រុង​ប៉ារីស​ដែល​ទើប​តែ​មក​កាន់​តំណែង​ថ្មី​ និង​ការ​ពិភាក្សា​គ្នា​ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទំនាក់​ទំនង​រវាង​សាលា​រាជ​ធានី​ភ្នំពេញ​និង​សាលា​ក្រុង​ប៉ា​រីស​។

សាលា​ក្រុង​ប៉ារីស​បាន​ជួយ​ច្រើន​ណាស់​មក​សាលា​រាជ​ធានី​ភ្នំពេញ​ទាក់​ទង​នឹង​ការ​ងារ​នគរូប​នីយ​កម្ម​ ការ​ងារ​សាធារណ​ការ​ ការ​ងារ​លូ​ជា​ដើម​ ហើយ​កន្លង​មក​យើង​បាន​បង្កើត​ BAU (ប្លង់​គោល​រាជ​ធានី) ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​ដើម្បី​អនុ​ម័ត​នា​ពេល​ខាង​មុខ​នេះ​ក៏​សាលា​ក្រុង​ប៉ារីស​បាន​ជួយ​ដែរ​។

លោក​បន្ត​ថា ការ​ទៅ​បំពេញ​ទស្សន​កិច្ច​នព គឺ​ក្នុង​បំណង​ចង​សម្ព័ន្ធ​មេត្រី​ភាព​ ហើយ​យើង​អាច​នឹង​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​ជា​សេចក្តី​ប្តេជ្ញា​ចិត្ត​ណា​មួយ​ដើម្បី​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​គ្នា​តទៅ​ទៀត​ ហើយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ប្រតិ​ភូ​កម្ពុជា​នឹង​ទៅ​ទស្សនា​ទី​តាំង​មួយ​ចំនួន​ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​ជញ្ជូន​សេវា​យើង និង​សិក្សា​អំពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ចរាចរ ការ​សិក្សា​អំពី​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​សាធារណៈ​តាម​ដង​ផ្លូវ​ផង​ដែរ​ ។

លោក​ឡុង ឌីម៉ង់ បាន​បន្ត​ថា ក្រោយ​ពី​បញ្ចប់​ទស្សន​កិច្ច និង​ចុះ​ហត្ថ​លេខា​ចង​សម្ព័ន្ធ​មេត្រី​ភាព​រួច ប្រតិ​ភូ​កម្ពុជា​នឹង​បន្ត​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ​នៅ​ទី​ក្រុង​ទុយ​នីស នៃ​ប្រទេស​ទុយ​នី​ស៊ី​ ដោយ​ទី​នោះ​គេ​បាន​រៀប​ចំ​មហា​សន្និ​បាត​លើក​ទី​៣៥នៃ​សមា​គម​អភិ​បាល​ក្រុង​និយាយ​ភាសា​បារាំង​ Association Internationale des Maires Francophones (A.I.M.F) និង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កណ្តាល​របស់ A.I.M.F ដោយ​ហេតុ​ថា ភ្នំពេញ​មិន​ត្រឹម​តែ​ជា​សមា​ជិក​សាមញ្ញ​របស់​សមា​គម​នេះ​ប៉ុណ្ណោះ​ទេ តែ​ភ្នំ​ពេញ​ក៏​ជា​សមា​ជិក​របស់​គណៈ​កម្មា​ធិការ​កណ្តាល​របស់​សមា​គម​ដែរ ហើយ​កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៩ តុលា ២០១៥៕