សមត្ថ​កិច្ច​ចម្រុះចាប់​បានរថយន្ត​ដឹក​ឈើ​១គ្រឿង តែ​ត្រូវ​ជន​ល្មើស​ដុត​ចោល

ខេត្ត​ព្រៃ​វែង​ ៖ កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រៃ​វែង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ឃាត់​ចាប់​រថយន្ត​ម៉ាក​សាំង​យ៉ុង​១២​កៅ​អី​មួយ​គ្រឿង​ ពណ៌​ស្លែ​គ្មាន​ស្លាក​លេខ​ដែល​ផ្ទុក​ឈើ​ជ្រុង​​ ពេញ​នៅ​ក្នុង​រថយន្ត​ចេញ​ពី​ខេត្ត​ត្បូង​ឃ្មុំ​តាម​ផ្លូវ​ជាតិ​លេខ​៨ឆ្ពោះ​មក​ខេត្ត​ព្រៃ​វែង​។

លោក​ឃឹម អូន ប្រធាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រៃ​វែង​បាន​ឱ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​​កម្លាំង​ចម្រុះ​របស់​ខេត្ត​ព្រៃ​វែងឃាត់​ចាប់​បាន​រថយន្ត​ដឹក​ឈើ​១​គ្រឿង​នៅ​ចំណុច​ភូមិ​ដូនកឹង​ ឃុំ​ដូន​កឹង​ ស្រុក​កំចាយ​មា ។

ការ​ឃាត់​ចាប់​រថយន្ត​ដឹក​ឈើ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​១ តុលា ២០១៥ រួច​ក៏​នាំ​យក​មក​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កំចាយ​មា ដើម្បី​សាក​សួរ​។ ពេល​នាំ​រថយន្ត​ដែល​ផ្ទុក​ឈើ​មក​ដល់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កំចាយ​មា​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ កម្លាំង​របស់​លោក​បាន​អញ្ជើញ​ម្ចាស់​ឈើ​ចូល​ទៅ​ស្នាក់​ការ​ដើម្បី​សួរ​នាំ​ តែ​ត្រូវ​ក្រុម​ជន​ល្មើស​ដែល​មាន​គ្នា​៣​នាក់​ប្រកែក​មិន​ព្រម​ចូល​ទៅ​ស្នាក់​ការ​ទេ​ បែរ​ជា​យក​សាំង​ទៅ​ចាក់​ស្រោច​ពី​លើ​រថយន្ត និង​ឈើ​រួច​ដុត​ឱ្យ​ឆេះ​ទាំង​រថយន្ត​ និង​ឈើ​សន្ធោ​សន្ធៅ​ទាំង​យប់​ ហើយ​ថែម​ទាំង​នាំ​គ្នា​ស្រែក​ឆោ​ឡោ​ឡើង​ថា ជួយ​ផង​ ជួយ​ផង! ពួក​ព្រៃ​ឈើ​ដុត​រថយន្ត​ប្រជា​ពលរដ្ឋ ។

ហើយ​ពួក​គេ​បាន​ទូរ​ស័ព្ទ​ហៅ​បក្ស​ពួក​មក​មួយ​រថយន្ត​ទៀត​មាន​គ្នា​៤នាក់​ សរុប​៧​នាក់​។ ដោយ​ឃើញ​ពួក​គេ​បង្កការ​អុក​ឡុក​ដោយ​ស្រែក​ឡូឡា​ដាក់​សមត្ថ​កិច្ច​ ហើយ​ដុត​បំផ្លាញ​ភស្តុ​តាង​ដូច​នេះ លោក​ក៏​បាន​ទូរ​ស័ព្ទ​មក​ស្នង​ការ​ខេត្ត​ព្រៃ​វែង​ដើម្បី​សុំ​កម្លាំង​បន្ថែម​មក​ជួយ​ការ​ពារ​ក្រែង​មាន​បញ្ហា​អ្វី​កើ​តឡើង ។

លោក​បន្ត​ថា ក្រុម​ជន​ល្មើស​ទាំង​អស់​នោះ​ហាក់​មាន​ចរិត​កាច​សាហាវ​គ្មាន​ខ្លាច​ញញើត​សមត្ថ​កិច្ច​បន្តិច​ណា​ឡើយ​ មើល​ទៅ​ដូច​ជា​ពួក​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ ពួក​នេះ​មាន​ចេតនា​បំផ្លាញ​ភស្តុ​តាង​រួច​ទម្លាក់​កំហុស​មក​លើ​សមត្ថ​កិច្ច​ថា​ជា​អ្នក​ដុត​ទៅ​វិញ​។

ក្រោយ​ពេល​កម្លាំង​ជំនួយ​ទៅ​ដល់​កន្លែង​កើតហេតុ ស្ថិត​នៅ​មុខ​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កំចាយ​មា​ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​ ឃុំ​គ្រញូង ស្រុក​កំចាយ​មា បាន​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លើង​ឱ្យ​រលត់​​ទៅ​វិញ​នៅ​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១ តុលា ២០១៥ កម្លាំង​សមត្ថ​កិច្ច​បាន​នាំ​យក​រថយន្ត​សាំង​យ៉ុង​១​គ្រឿង​ដែល​ក្រុម​ជន​ល្មើស​បាន​ដុត​ឆេះ​ស្ទើរ​ទាំង​ស្រុង​ រី​ឯ​ឈើ​ជ្រុង​ឆេះ​រោលៗយក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កំចាយ​មា​ដើម្បី​ទុក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​។

ចំណែក​ក្រុម​ជន​ល្មើស​ទាំង៧​នាក់​បាន​នាំ​គ្នា​រត់​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​គេច​ខ្លួន​អស់​៕