លោក ​កឹម សុខា បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់​សំឡេងគាំទ្រ នៅ​ឆ្នាំ​២០១៨

ភ្នំពេញ: លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បើ​រក្សា​សំឡេង​អ្នកគាំទ្រ ដែល​បាន​បោះឆ្នោតអោយ កាលពី​ឆ្នាំ​២០១៣ មិន​បានទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាត់បង់​សំឡេង ហើយ​មិន​ងាយ​រក​សំឡេង​ថ្មី​បានទេ​។

​លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស ដែល​ទើប​បង្កើត​ថ្មី គ្មាន​ឱកាស​ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨ តែ​វា​អាចធ្វើអោយ​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​សំឡេង​។​

​ការ​ថ្លែង​របស់លោក កឹម សុខា ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ស្តីពី ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ អ៊ី​ម​ភើ​រៀល ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​តំណាងរាស្ត្រ​ទាំង ៥៥ រូប និង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត រួមទាំង​ប្រធាន អនុប្រធាន​ក្រុមការងារ​ទូទាំងប្រទេស​ថា គោលបំណង​នៃ​សិក្ខាសាលា គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត រួមទាំង​អ្នកតំណាងរាស្ត្រ ជួបជុំគ្នា ដើម្បី​ឯកភាពគ្នា​ជាគោលការណ៍​នូវ​សារ​នយោបាយ ឬ​យុទ្ធសាស្ត្រ និង​ដើម្បី​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ឲ្យ​ស្របតាម​ស្ថានភាព​នយោបាយ​ជាក់ស្តែង​បច្ចុប្បន្ននេះ គឺ​ឆ្ពោះទៅរក​ជ័យជំនះ​ក្នុងការ​បើ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ក្នុងទិសដៅ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក​បាន​បន្តថា ចំណុច​សំខាន់ៗ ដែល​គួរ​លើក​យកមក​ពិភាក្សា និង​ពិនិត្យ និង​ដើម្បី​ធ្វើការ​កសាង​សារ​នយោបាយ យុទ្ធសាស្ត្រ​នយោបាយ និង​ផែនការ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​ពិនិត្យ​ស្ថានភាព​ផ្ទៃ​ក្នុងនៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​បរិយាកាស​ខាងក្រៅ ដែល​រួមមាន​គណបក្សនយោបាយ​ដែលជា​គូរ​ប្រកួត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ផ្សេងទៀត ព្រមទាំង​ស្ថានការណ៍​ជាតិ និង​អន្តរជាតិ ផងដែរ​។
​ដូច្នេះ​​លោក​​សូម​ស្នើ​លើកយក​ចំណុច​មួយចំនួន ដើម្បី​ពិនិត្យ និង​ពិភាក្សា រួមមានៈ ការរក្សា និង​ពង្រឹងកម្លាំង​ដែលមាន​ស្រាប់ ត្រូវ​វរ​ក្សា​ទាំង​រូបភាព​នយោបាយ ទាំង​គោលជំហរ​នយោបាយ ដែល​ធ្លាប់​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​បានទទួល​ការគាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពីមុនៗ​មក កុំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឬ​ទន់ជ្រាយ​ជាដាច់ខាត ត្រូវ​រក្សា​ឲ្យ​បាន និង​រឹតតែ​ទូលំទូលាយ​នូវ​ការរួបរួម​សាមគ្គី​គ្នា​ជាពិសេស​រវាង​សកម្មជន​ថ្នាក់ដឹកនាំ ដែល​ចេញ​មកពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​ពង្រឹង​ការ​ឯកភាពគ្នា​ផ្ទៃក្នុង​។ ការទាក់ទាញ និង​ការពង្រីក​កម្លាំង​ថ្មី​បន្ថែម ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​កុំ​រើសអើង កុំ​ប្រកាន់​បក្ខពួក ដើម្បី​ឲ្យ​អ្នកដទៃ​គេ​កក់ក្តៅ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​...​។​

​លោក​កឹម សុខា បាន​លើកឡើងថា ការកំណត់​នូវ​ចំណុចខ្លាំង ឬ​ចំណុចខ្សោយ​របស់​គូរ​ប្រកួត ត្រូវ​រក​ចំណុច​ឆ្លើយតប​លុបបំបាត់​ឬ​កាន់​បន្ថយ​នូវ​ចំណុចខ្លាំង​របស់​គូរ​ប្រកួត និង​លើកយក​ចំណុចខ្សោយ​របស់​គូរ​ប្រកួត​មក​បង្ហាញ​ជា​សាធារណៈ​... ដើម្បី​ធ្វើ​ឲ្យ​សារ​នយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ទទួលបាន​ជោគជ័យ គណបក្ស​សង្គ្រោះ​ជាតិ គួរ​ពិចារណា ដូចជា​ការបង្កើត​ឲ្យ​មាន​ក្រុម​គិត​វិភាគ និង​ផ្តល់​យោបល់ ការបង្កើត​ក្រុម​បកស្រាយ​ព័​ត៍​មាន ឬ​ប្រតិកម្ម​តប បង្កើត​យន្តការ​តាមដាន និង​វាយតម្លៃ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​៕​

លោក ​កឹម សុខា បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់​សំឡេងគាំទ្រ នៅ​ឆ្នាំ​២០១៨

លោក ​កឹម សុខា បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់​សំឡេងគាំទ្រ នៅ​ឆ្នាំ​២០១៨

លោក ​កឹម សុខា បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់​សំឡេងគាំទ្រ នៅ​ឆ្នាំ​២០១៨

លោក ​កឹម សុខា បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់​សំឡេងគាំទ្រ នៅ​ឆ្នាំ​២០១៨