ក្រោយ​ភ្លៀង​ធ្លាក់ ស្រូវវស្សា​នៅ​ខេត្តតាកែវ អនុវត្តបាន​លើស​ផែនការ តែ​ប្រជាពលរដ្ឋ​ថា ផល​ធ្លាក់ចុះ​

តាកែវ: ក្រោយ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ខេត្តតាកែវ ស្រូវវស្សា​របស់​ប្រជាពលរដ្ឋ អនុវត្តបាន​លើស​ផែនការ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ និយាយថា ផលដំណាំ​ស្រូវវស្សា អត់​បាន​គ្រប់​ទេ ព្រោះ​អត់​ទឹកភ្លៀង​ធ្លាក់ កាលពី​ដើមរដូវ​។

​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តតាកែវ បានអោយដឹងថា គិត​ត្រឹម​សប្តាហ៍​ទី​៤ ខែកញ្ញា​នេះ ខេត្តតាកែវ ទទួលបាន​ទឹកភ្លៀង​មធ្យម 616.46 ម​ម ជាមួយគ្នានេះដែរ ការងារ​បង្កបង្កើនផល​ស្រូវ រដូវវស្សា បាន​ដំណើរការ និង​ការងារ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​បង្កើន​រដូវ ត្រូវ​បញ្ចប់​។ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៤ ឃើញថា ឆ្នាំនេះ ទឹកភ្លៀង​មាន​កំរិត​ច្រើនជាង 52.53​ម​ម ឯ​ផ្ទៃដី​អនុវត្ត​ច្រើនជាង 14,653​ហ​ត ជាក់ស្តែង​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៥-២០១៦ ផែនការ 170,000 ហិកតា​។ ការងារ​បង្ករ​បង្កើន​ផល​រដូវវស្សា​ឆ្នាំ​២០១៥-២០១៦ ផែនការ 170,000 ហិកតា  ប៉ុន្តែ​ប្រជាពលរដ្ឋ​អនុវត្តបាន 191,927​ហិកតា ស្មើ 112,90​ភាគរយ លើស​ផែនការ​ដោយ​ក្នុងនោះ​ផ្ទៃដី​ពង្រោះ​សរុប​ចំនួន 184,932​ហិកតា ស្មើ 96,36​ភាគរយ ចំណែក​ផ្ទៃដី​សន្ទូង សរុប​មាន​ចំនួន 6,995​ហិកតា ស្មើ 3,64​ភាគរយ រីឯ​ផ្ទៃដី​ដែល​ខូចខាត សរុប​មាន​ចំនួន 1,252​ហិកតា​។

​លោក​ប្រធាន​មន្ទីរ កសិកម្ម បាន​អោយដឹងទៀតថា ចំពោះ​ការងារ​ច្រូតកាត់​ប្រមូល​ផល​ស្រូវស្រាល​បង្កើន​រដូវ​វិញ ត្រូវបាន​បញ្ចប់​អស់ហើយ​នៅលើ​ផ្ទៃដី ចំនួន 33,703 ហិកតា​។ ទន្ទឹម​និង​ការងារ​បង្ករ​បង្កើន​ផល​ស្រូវវស្សា ប្រជាពលរដ្ឋ​ក៏មាន​ដាំ​ដំណាំ​រួមផ្សំ​ដែរ ដោយ​ដាំ​បាន​ផ្ទៃដី​សរុប​មាន​ចំនួន 5,013 ហិកតា ក្នុងនោះ​មាន​ដំឡូង​ម៉ី ដំឡូងជ្វា សណ្តែកដី ពោត ល្ង អំពៅ និង​បន្លែ​គ្រប់មុខ​ថែមទៀត ។ លោក តឹក តុង​លីម អភិបាលស្រុក​ត្រាំកក់ បានអោយដឹងថា ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ស្រូវ​រដូវវស្សា នៅក្នុង​ស្រុក​ត្រាំកក់​កំពុងមាន​សន្ទុះ ខៀវ​ស្រ​ង៉ា​ត់ ស្ទើ​តែ​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​ក៏មាន​កន្លែង​ខ្លះ​ពិបាក​ស្តារឡើងវិញ​ដែរ​។

​ក្នុង​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នេះដែរ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​បញ្ជាក់ថា ទន្ទឹម​និង​មាន​ភ្លៀង​ធ្លាក់ បានធ្វើអោយ​ស្រូវ​រដូវវស្សា​មាន​សន្ទុះ​លូតលាស់ អាច​បាន​ទទួលផល បាន​ស្មើ​ដូច ឆ្នាំមុន ប៉ុន្តែ​ក៏មាន​កន្លែង​ខ្លះ ក៏បាន​ផល​តិចជាង​មុន​ដែរ ដោយសារតែ​បញ្ហា​របស់​ធម្មជាតិ​ដែល​ធ្វើ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​។

​លោក ឆាយ ញ៉េ​ង រស់នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ បាន​និយាយថា ចំពោះ​រូបគាត់​ផ្ទាល់​មាន​ផ្ទៃដី​ស្រែវស្សា​ចំនួន ២​ហិកតា គាត់​មានសង្ឃឹម​តិច​ណាស់​ថា បាន​ស្រែ​របស់គាត់ បាន​ផល​ស្មើ​ឆ្នាំមុន ព្រោះ​ឆ្នាំនេះ មាន​ទឹកភ្លៀង​ចុងរដូវ​៕

ក្រោយ​ភ្លៀង​ធ្លាក់ ស្រូវវស្សា​នៅ​ខេត្តតាកែវ អនុវត្តបាន​លើស​ផែនការ តែ​ប្រជាពលរដ្ឋ​ថា ផល​ធ្លាក់ចុះ​