មនុស្ស​ពី​10​ទៅ​13​នាក់​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​មួយ​នៅ​សាកលវិទ្យាល័យ​នៃ​រដ្ឋ​អូ​រី​ហ្គោ​ន​អា​មេ​រិ​ក

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ដកស្រង់​សម្តី​ដោយ​បណ្តាសារ​ព័ត៌មាន​អា​​មេ​រិ​កថា មនុស្ស​រហូត​ដល់​១០​ទៅ​១៣​នាក់​ស្លាប់ និង​ជាង​២០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១ តុលា ដោយសារ​ការ​បាញ់ប្រហារ​មួយ​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​កន្លែង​នៃ​រដ្ឋ​អូ​រី​ហ្គោ​ន សហរដ្ឋ​អា​មេរិ​ក ។ ប៉ូលិស​រាយការណ៍​ពី​ការ​ស្លាប់​របស់​ខ្មាន់កាំភ្លើង​ពេល​បាញ់​តតាំង​ជាមួយ​ប៉ូលិស ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន លោក JOHN HANLIN ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ខ្មាន់កាំភ្លើង​បាន​ស្លាប់​ហើយ ។ លោក​បញ្ជាក់​ថា ពេល​លើក​មក​ដល់​បរិវេណ​សាកលវិទ្យាល័យ ប៉ូលិស​បាន​តាមដាន​ជនសង្ស័យ ហើយ​មានការ​បាញ់​ត​គ្នា ។

អភិបាល​រដ្ឋ​នៅ​ភាគ​ពាយ័ព្យ​សហរដ្ឋអាមេរិក​នេះ លោកស្រី KATE BROWN ក្នុង​សន្និសីទ​សារព័ត៌មាន​មួយទៀត​អះអាង​ថា ឃាតករ​ជា​យុវជន​ម្នាក់​មាន​អាយុ​២០​ឆ្នាំ ។ លោកស្រី​អះអាង​ថា មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់ តែ ពុំ​បញ្ជាក់​ពី​ចំនួន​ឡើយ ។

លោក JOHN HANLIN រៀបរាប់​ថា ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ឆ្លង​ពី​បន្ទប់រៀន​មួយ​ចូល​បន្ទប់រៀន​មួយទៀត​នៃ​សាកលវិទ្យាល័យ UMPQUA ។ សាកលវិទ្យាល័យ​នេះ​ស្ថិត​នៅ​តំបន់​ជនបទ​មួយ​ដែល​រស់​ជា​ពិសេស​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​ឈើ ។ យើង​នៅ​ពុំ​ទាន់​មាន​តុល្យការ​ច្បាស់លាស់​នៅឡើយ ហើយ​ខ្ញុំ​ជឿ​ថា អ្នក​ស្លាប់មាន​យ៉ាងតិច​១០​នាក់ និង​២០​នាក់​របួសធ្ងន់ ។

សាកលវិទ្យាល័យ​នេះ​មាន​និស្សិត​ប្រមាណ​ជា​៣.០០០​នាក់ ហើយ​ក្រោយ​ការ​បាញ់ប្រហារ​ពួក​គេ​ត្រូវ​បាន​ជម្លៀស​ចេញ រួច​បរិវេណ​សាកលវិទ្យាល័យ​ត្រូវ​ប៉ូលិស​ឡោម​ព័ទ្ធ។

ឪពុក​ម្តាយ​និស្សិត​ដែល​មានការ​បារម្ភ​បាន​លើកគ្នា​មក​កាន់​សាកលវិទ្យាល័យ​តាំងពី​លេច​ពាក្យ​ចចាមអារ៉ាម​ដំបូង​ពី​ការ​បាញ់​សម្លាប់​នេះ​មក​ម្ល៉េះ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​ជួយ​សង្គ្រោះ ក្រុង DOUGLAS  លោក RAY SHOUFLER គូសបញ្ជាក់​ថា អ្នក​របួស​១១​នាក់ ដែល​ដឹក​ចេញ​២​នាក់​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ ។

ប៉ូលិស​បាន​ឆែកឆេរ​ពួក​និស្សិត​ពេល​ចេញពី​សាកលវិទ្យាល័យ​តាម​រក​ជនសង្ស័យ​រួមគំនិត និង​រក​អាវុធ ហើយ​បន្ទាប់​មក​ដឹក​ពួក​គេ​ចេញ​តាម​រថយន្ត​បឺស ។

ប៉ុន្មាន​ម៉ោង​ក្រោយ​សោកនាដកម្ម​នេះ ប្រធានាធិបតី​អា​​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ស្នើ​ជា​ថ្មី​ម្តងទៀត​ឱ្យ​មានការ​ត្រួតពិនិត្យ​អាវុធ​ឱ្យ​បាន​ហ្មត់ចត់ ។ ក្នុង​បទ​អន្តរាគមន៍​យ៉ាង​វែង​មួយ ដែល​លោក​ពុំ​លាក់​ពី​កំហឹង លោក​អូ​បា​ម៉ា បាន​បន្ទោស​ដល់​ការ​គ្មាន​សកម្មភាព​ខាង​នយោបាយ របស់​បណ្តា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគច្រើន ហើយ​ប្រឆាំង​លើ​រឿង​រឹតត្បិត​ការ​ប្រើប្រាស់​អាវុធ ។ លោក​បរិហារ​ថា តើ​ការ​បាញ់ប្រហារ​ទាំងនេះ​ជា​ការ​ជ្រើសរើស​ខាង​នយោបាយ​មួយ​ឬ? ក្នុង​ទឹកមុខ​មាំ លោក​អូ​បា​ម៉ា បរិហារ​ថា រឿង​បែប​ទាំងនេះ​ក្លាយទៅជា​រឿង​ធម្មតា​មួយ ហើយ​លោក​រំលឹក​ថា សហរដ្ឋ​អា​មេ​រិ​ក​ជា​ប្រទេស​រីក​ចម្រើន​មួយ ដែល​ព្រឹត្តិការណ៍​បែប​នេះ​បែរជា​កើត​មាន​ញឹកញាប់​បំផុត ៕