ក្រោយ​សោកនាដកម្ម​នៅ​ក្រុង​ឡា​ម៉ិុច មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ការ​ខឹងសម្បា​មាន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​អាហ្វ្រិក និង​អាស៊ី ចំពោះ​ភាពយឺត​យ៉ាវ​នៃ​ដំណើរការ​កំណត់​អត្តសញ្ញាណ​បណ្តា​អ្នក​ធ្វើ​ធម្ម​យាត្រា​ដែល​ស្លាប់ និង​អ្នក​ធ្វើ​ធម្ម​យាត្រា​ជា​ច្រើន​រយ​នាក់​ទៀត​ដែល​បាត់​ខ្លួន​ក្រោយ​ការ​ជាន់​គ្នា​ស្លាប់​យ៉ាង​រង្គាល​កាលពី​មួ​យស​ប្តា​ហ៍​មុន​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

តុល្យការ​ផ្លូវការ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​ពី​ការ​ជាន់​គ្នា​នោះ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា អ្នក​ស្លាប់មាន​៧៦៩​នាក់ និង​របួស​៩៣៤​នាក់ ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​របស់​ប្រទេស​ជាង​២០ បាន​ប្រកាស​ពី​តួលេខ​ដែល​បន្ថែមចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៩៩០​នាក់ ដោយ​ពុំ​ទាន់​និយាយ​ពី​អ្នក​ធ្វើ​ធម្ម​យាត្រា​ជាង​៦០០​នាក់​ដែល​រដ្ឋាភិបាល​ទាំងនោះ​ចាត់​ទុក​ថា បាត់​ខ្លួន​ចាប់តាំងពី​សោកនាដកម្ម​ថ្ងៃ​ទី​២៤ កញ្ញា ហើយ​ចំនួន​អ្នក​បាត់​ខ្លួន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លាក់​មិន​ព្រម​និយាយ​ឡើយ ។

ប្រទេស​អុ​ី​រ៉​ង់​មាន​ជន​រង​គ្រោះ​ច្រើន​ជាងគេ​បំផុត​ដោយ​រៀបរាប់​កាលពី​ថ្ងៃ​ទី​១ តុលា ពី តួលេខ​ជនជាតិ​អីុ​រ៉​ង់​ស្លាប់​ក្នុង​ការ​ជាន់​គ្នា​នោះ​ថា មាន​ដល់​៤៦៤​នាក់​ទល់​នឹង​តុល្យការ​លើក​មុន​ថា មាន​ត្រឹម​២៣៩​នាក់ ហើយ​អស់​សង្ឃឹមលើ​ការ​រក​ឃើញ​អ្នក​បាត់​ខ្លួន​១៦​នាក់​ទៀត ។

ក្រោយ​សោកនាដកម្ម​នេះ​មានការ​បន្តឹង​សំឡេង​ដាក់​គ្នា​រវាង​អីុរ៉​ង់​ស៊ី​អីុ​ត និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស៊ុន​នី​ត ដោយ​អីុ​រ៉​ង់​រិះគន់​ពី​ការ​ខ្វះ​សមត្ថភាព​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ការ​រៀបចំ​បុណ្យ​ហា​ជិ ហើយ​រារាំង​ដល់​ការ​បញ្ជូន​សព​ជន​រង​គ្រោះ​មក​ប្រទេស​ពួក​គេ​វិញ ៕