ពួក​តា​លី​បង់​អះអាង​ពី​ការ​បាញ់​ធ្លាក់​យន្តហោះ C-130 អា​មេ​រិ​ក

ពួក​តា​លី​បង់​អះអាង​កាលពី​ថ្ងៃ​ទី​២ តុលា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​អា​មេ​រិ​ក​១​គ្រឿង​ធុន C-130 ដែល​បើ​យោង​តាម​កងទ័ព​អា​មេ​រិ​កថា ធ្លាក់​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ។

តាម TWITTER អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់​និយាយ​ថា ពួក​មូ​ចា​ហុ​ី​ឌី​ន​របស់​យើង​បាន​បាញ់​ធ្លាក់​យន្តហោះ​ម៉ាស៊ីន​៤ អា​មេ​រិ​ក​១​គ្រឿង​នៅ​ហ្សា​ឡា​ឡា​បា​ដ ។ ទោះបី​យ៉ាងណា បេសកកម្ម​របស់​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​ផ្តល់​ការ​ពន្យល់​លើ​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​នៅឡើយ ។

មុន​នេះ​អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​ប្រទេស​ម្នាក់​របស់​អា​មេ​រិ​ក​ប្រកាស​ថា ការ​ធ្លាក់​យន្តហោះ​ធុន C-130 នោះ​កាលពី​យប់​ថ្ងៃ​ទី​១ មក​ទី​២ តុលា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ ក្នុង​នោះ​មាន​ទាហាន​អា​មេ​រិ​ក​៦​នាក់ ។ វរសេនីយ៍ឯក​នៃ​កងទ័ពជើងគោក​អា​មេ​រិ​ក លោក BRIAN TRIBUS បញ្ជាក់​ថា សមាជិក​ក្រុម​យានិក និង​អ្នកដំណើរ​ទាំងអស់​ត្រូវ​ស្លាប់ ។ លោក​រៀបរាប់​ពី​ការ​ស្លាប់​ទាហាន​អា​មេ​រិ​ក​៦​នាក់ និង​ជន​ស៊ី​វិល​ធ្វើការ​ឱ្យ​កងទ័ព​៥​នាក់ ។ សេចក្តីរាយការណ៍​មុន​នេះ​អះអាង​ពី​ការ​ស្លាប់​មនុស្ស​១២​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​២​នាក់​នៅ​លើ​ដី​ផង ។

ជន​រង​គ្រោះជា​អ្នកចូលរួម​ក្នុង​បេសកកម្ម​អូតង់​មានឈ្មោះ​ថា «​ជួយ​ទ្រទ្រង់​ម៉ឺងម៉ាត់​» សំដៅ​ផ្តល់​ការ​ណែនាំ និង​ជួយ​បណ្តុះបណ្តាល​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ៕