ជនជាតិ​អីុ​ស្រា​អែ​ល​2​នាក់​ត្រូវ​ពួក​ប៉ា​ឡេ​ស្ទី​ន​បាញ់​ស្លាប់

ជនជាតិ​អីុស្រា​អែ​ល​២​នាក់​ត្រូវ​បាន​ពួក​ប៉ា​ឡេ​ស្ទី​ន​បាញ់​ស្លាប់​កាលពី​ថ្ងៃ​ទី​១ តុលា ពេល​ពួក​គេ​កំពុង​ជិះ​រថយន្ត​នៅ​ជិត​ក្រុង​ណា​ប្លូ​ស តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ក្រោម​ការ​កាន់កាប់​របស់​អីុ​ស្រា​អែ​ល ។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​អីុ​ស្រា​អែ​ល​ថា កុមារ​៤​នាក់​ដែល​ស្ថិត​ក្នុង​រថយន្ត​នេះ​ដែរ​រង​របួសស្រាល​ដោយសារ​ការ​វាយប្រហារ​នេះ ដែល​កើត​មាននៅ​ចន្លោះ​តំបន់​និគមជន​អីុ​ស្រា​អែ​ល ITAMAR និង EILON MORE​។ កុមារ​ទាំងនេះ​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ស្លាប់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ ។ កងកម្លាំង​សន្តិសុខ​អីុ​ស្រា​អែ​ល​បាន​ឡោម​ព័ទ្ធ​តំបន់​នោះ ហើយ​កងទ័ព​បាន​ធ្វើ​ប្រតិបត្តិការ​មួយ​តាម​រក​ខ្មាន់កាំភ្លើង ។

ឧប្បត្តិ​ហេតុនេះ​កើត​មាន​ប៉ូ​ន្មា​ន​ម៉ោង​ប៉ុ​ណ្ណោះ​បន្ទាប់​ពី​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ នៅ​មុខ​មហាសន្និបាត អ​.​ស​.​ប ដោយ​ពេល​​នោះ​លោក​អះអាង​ថា អីុស្រា​អែ​ល​ត្រៀមខ្លួន​ធ្វើ​ឡើង​វិញ​ភ្លាម​ៗ​នូវ​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​ប៉ា​ឡេ​ស្ទី​ន​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន ។

ក្រោយ​ការ​បាញ់ប្រហារ​នេះ លោក​មន្ត្រី​អប់រំ​អីុ​ស្រា​អែ​ល លោក NAFTALI BENNETT ថ្លែង​ថា ពេលវេលា​នៃ​ការ​ចរចា​ជាមួយ​ពួក​ប៉ា​ឡេ​ស្ទី​ន​បញ្ចប់​ហើយ ។ លោក​បន្ត​ថា នៅ​សល់​តែ​ពេលវេលា​ធ្វើ​សកម្មភាព​តបត​វិញ​។ ប្រជាជន​មួយ​ដែល​បណ្តា​មេដឹកនាំ​គាំទ្រ​ការ​សម្លាប់​មនុស្ស​នឹង​ដាច់ខាត​ពុំ​មាន​រដ្ឋ​ឡើយ ៕