សំណុំរឿង​លោក ហុង សុខ​ហួរ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​ទៅ​ថ្ងៃទី​០៧ ខែតុលា បន្តទៀត​

នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្រោម​ការចោទប្រកាន់​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ ក្រោយពេល​បើកសវនាកា​រ​អស់​ប្រមាណ​ជិត​៣​ម៉ោង​ចៅក្រម​ជំនុំជម្រះ​បានប្រកាស់ថា នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​២​រសៀល​បន្តទៀត​។ ក្រុម​អ្នកសង្កេតការណ៍​បាន​រិះគន់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ហាក់ដូច​ជាមាន​ចេតនា​ពន្យារពេល​សំណុំរឿង លោក ហុង សុខ​ហួរ ក្នុងខណៈដែល​មជ្ឈដ្ឋាន​នានា​រិះគន់ថា សំណុំ​រឿងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​។

ទាក់ទង​ទៅនឹង​សំណុំរឿង លោក ហុង សុខ​ហួរ នោះដែរ កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់ចោល​បទចោទប្រកាន់​ប្រឆាំង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី រឿង​បន្លំ​ឯកសារ​សាធ​រណៈ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើកឡើងថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី លោក ហុង សុខ​ហួរ គឺ​គ្មាន​មូលដ្ឋាន​ឡើយ​។ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី លោក ប្រេដ អាដាម បានចាត់ទុក​ការចាប់ខ្លួន​លោក ហុង សុខ​ហួរ ដោយ​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​រឿង​នយោបាយ​។ លោក ប្រេដ អាដាម បានបញ្ជាក់​ទៀតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចេតនា​បង្ក្រាប​ទៅលើ​បក្សប្រឆាំង ហើយ​លោក ហ៊ុន សែន ក៏​ចង់បង្ហាញ​ឲ្យ​គេ​ឃើញ​ដែរ​ថា លោក​អាច​ចាប់​មនុស្ស​ដាក់គុក​ពេលណា​ក៏បាន​។

សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លាតត្រដាង​ថា វា​មិនមាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា លោក ហុង សុខ​ហួរ បាន​បង្កើត​អត្ថបទ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​ដែល​លោក​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះឡើយ ហើយក៏​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា លោក ហុង សុខ​ហួរ ដឹងថា​ឯកសារ​ដែល​លោក​បង្ហោះ​នោះ ជា​ឯកសារ​មិន​ពិត​ដែរ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានលើកឡើង​ទៀតថា ការដែល​លោក ហុង សុខ​ហួរ បង្ហាញ​ឯកសារ​នោះ​ជា​សាធារណៈ គឺ​មិន​មានបំណង​បង្កបញ្ហា​វឹកវរ​អ្វី​នោះដែរ​។

នៅក្នុង​សេចក្ដី​ថ្លែ​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​បន្ថែមថា ការកាត់ទោស​លោក ហុង សុខ​ហួរ គឺជា​សកម្មភាព​ផ្ទុយទៅនឹង​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុងការ​ធានា​នូវ​សេរីភាព​សម្ដែង​មតិ ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​និង​នយោបាយ ដែល​កម្ពុជា​គឺជា​រដ្ឋ​ភាគី​។ ទន្ទឹមនឹង​ការលើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដូចខាងលើ​នេះ គឺ​កន្លងមក​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​និង​អង្គការ​អន្តរជាតិ​មួយចំនួន​បានលើកឡើង​ថា ការចាប់​ឃុំខ្លួន​មន្ត្រីជាន់ខ្ពស់​និង​សកម្មជន​គណបក្សជំទាស់​សរុប​១៥​នាក់ គឺជា​រឿង​នយោបាយ​។ មានន័យថា​មន្ត្រីជាន់ខ្ពស់​និង​សកម្មជន​គណបក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​នោះ ពួកគេ​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចដែល​រដ្ឋាភិបាល លោក ហ៊ុន សែន និង​តុលាការ​ចោទប្រកាន់​ទាំង​បំពាន​ឡើយ​៕

hongsonghour_150817-2015-08-17លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី e4b61084c1373f3c1e3d40e690054b49លោក ប្រេដ អាដាម