ឃាត់ខ្លួនជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់ និង​​​ក្មេង​តូច​២​នាក់​ស្នាក់​នៅ​ខុស​ច្បាប់​ក្នុង​ក្រុង​សៀម​រាប

ខេត្តសៀមរាប ​៖ ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​​ប្រុស​ស្រី​ចំនួន​៣​នាក់​ និង​ក្មេង​តូច​ចំនួន​២​នាក់​ជា​កូន​ដែល​ឆ្លង​ដែន​ចូល​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប​​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោកវរសេនីយ៍ឯក ចៅ ម៉ៅវី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់​នៅ​ និង​បំរើ​ការងារ​ខុសច្បាប់​នៅ​តាម​បណ្តា​ទីតាំង​រោង​សិប្បកម្ម​ឈើ​ និង​តាម​ផ្ទះ​ជួល​នានា​ក្នុង​ក្រុង​សៀមរាប​។

ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទីរសៀល​ ​ថ្ងៃ​ទី​០១​ តុលា ​២០១៥ ​ស្ថិត​នៅ​ចំណុច​តាម​រោង​សិប្បកម្ម​ និង​ផ្ទះ​ជួល​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀម​រាប​។       

លោកវរសេនីយ៍ឯក ចៅ ម៉ៅវី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២​ ​តុលា​នេះ​ថា ​​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​មាន​ទី​១-​ឈ្មោះ យ៉ ធី​ឡឺ​យ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ ​លួច​ចូល​មក​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០០២​បាន​រយៈពេល​១៣​ឆ្នាំ តាម​ច្រក​ជ្រៃ​ធំ​(​ឡុ​ង​ប៊ិ​ន​)​ហើយ​លួច​មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខ្នារ​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប រហូត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​(​ដោយ​គ្មាន​ការ​ជំរឿន​ពី​គណៈ​ក​ម្មា​ការ​ និង​គ្រប់​គ្រប់​ជនបរទេស​ក្រុមការងារ​ចម្រុះ​ទី​១៨)​​​២-​ឈ្មោះ អាង ធី​ថា​ន់ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​មុខរបរ​អ្នកទិញ​អេ​ត​ចាយ ​ស្នាក់​នៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ជា​ជនជាតិ​វៀតណាម​ (​បាន​កើត​នៅ​ខេត្តពោធិ៍សាត់នៃ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨១ ប៉ុន្តែ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​វិញ​នៅ​ឆ្នាំ​២០០១ ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​នៅ​វៀតណាម​បាន​រយៈពេល​២​ឆ្នាំ ក៏​ត្រឡប់​មក​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០០៣ តាម​ច្រក​ឡុ​ង​ប៊ិ​ន រហូត​មក​ស្នាក់​នៅ​ខេត្តសៀមរាប​ដល់​ថ្ងៃ​ចាប់ខ្លួន​(​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​អ្វី​ទាំងអស់​)​ និង​ទី​៣-​ឈ្មោះ ឌី​ញ ង៉ុ​ក​ទុន ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ​មុខរបរ​ជាង​លាបថ្នាំ​ឈើ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ខែកក្កដា​ឆ្នាំ​២០១៥ តាម​ច្រក​ឡុ​ង​ប៊ិ​ន​(​គ្មាន​ឯកសារ​សម្គាល់​ខ្លួន​អ្វី​ទាំងអស់ ហើយ​ពុំ​បាន​ជំរឿន​ជាមួយ​សមត្ថកិច្ច​ទេ​)​។

​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ​​ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ​៕​