អាស៊ាន​តែ​មួយ​​រួម​គ្នា​ដោះស្រាយ​គ្រោះ​មហន្តរាយ​

អាស៊ាន​តែ​មួយ​​រួម​គ្នា​ដោះស្រាយ​គ្រោះ​មហន្តរាយ​

ប្រទេស​កម្ពុជា​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន​ឆ្នាំ​ ២០១៥ បាន​សហការ​ជាមួយ​លេខាធិការ​អាស៊ាន​ និង​ អង្គការ​ដៃគូ​ផ្សេង​ទៀត ដើម្បី​រៀប​ចំ​ប្រារព្ធ​ទិវាអាស៊ាន​ស្ដី​ពី​ការ​គ្រប់គ្រង​ គ្រោះ​មហន្តរាយ​ និង​ ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ក្រោម​ប្រធានបទ « អាស៊ាន​ធន់​នឹង​គ្រោះ​មហន្តរាយ​តែ​មួយ» នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃ​ទី​ ៩-១០ ខែ​តុលា​ខាងមុខនេះ។​

 

អាស៊ាន​តែ​មួយ​​រួម​គ្នា​ដោះស្រាយ​គ្រោះ​មហន្តរាយ​

 

ឯកឧត្ដម​ រស់ ​សុវណ្ណ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និងជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ានបាន​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​​ប្រារព្ធ​ទិវា​នេះ​ឡើង​ គឺ​ដើម្បី​លើក​កម្ពស់​​ការ​យល់​ដឹង​អំពី​អាស៊ាន​ស្ដី​ពី​សហគមន៍​តែ​មួយ​ធន់​នឹង​គ្រោះ​មហន្តរាយ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ តាម​រយៈ​ការ​លើក​កម្ពស់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​គម្រោង​សុវត្ថិភាព ​តាម​សាលា​រៀន​និង​ ការ​បង្កើន​ការ​ឆ្លើយ​តប​របស់​អាស៊ាន​ស្ដី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។

 

ឯកឧត្ដម​បង្ហាញ​ថា​ តាមកា​រ​វាយ​តម្លៃ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​ទាក់​ទង​នឹង​ គ្រោះ​មហន្តរាយ​​មាន​ប្រហែល ៦០%​ ហើយ ដូច្នេះ​គណៈកម្មាធិការ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ បញ្ជ្រាប​ចំណេះ​ដឹង​​ ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ប្រទេស ប៉ុន្តែ​​ដោយ​សារ​ការ​ផ្សព្វផ្សាយ​មិន​អាច​​ធ្វើ​ក្នុង​ពេល​តែ​មួយ​បាន​ គណៈកម្មាធិការ​សម្រេច​​ជ្រើស​រើស​ ប្រជាពលរដ្ឋ​អាទិភាព​ ​ ពោល​គឺ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​មូលដ្ឋាន​​ដែល​ងាយ​ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ជាង​គេ។

 

 

 

អាស៊ាន​តែ​មួយ​​រួម​គ្នា​ដោះស្រាយ​គ្រោះ​មហន្តរាយ​

 

«គ្រប់​វិស័យ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​ វិស័យ​ សុខាភិបាល​ វិស័យ​អប់រំ​ វិស័យ​កសិកម្ម​ និង​ វិស័យ​ផ្សេង​ទៀត​ត្រូវ​មាន​ភាព​ធន់​​ទៅ​នឹង​គ្រោះ​មហន្តរាយ គ្រោះ​មហន្ត​​ជា​ផ្នែក​មួយ​នៃ​ជីវិត​ របស់​យើង ហើយ​យើង​រស់​នៅ​ជា​មួយ​គ្រោះ​មហន្តរាយ​ យើង​ត្រូវ​តែ​ដឹង​​អំពី​របៀប រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព ភាព​ធន់​ជា​មួយ​នឹង​គ្រោះ​មហន្តរាយ»។ ឯកឧត្ដម​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ។

​បន្ថែម​ពី​លើ​នេះ ឯកឧត្ដម​បាន​លើក​ឡើង​ទៀត​​ថា​ ការ​យល់​ដឹង​អំពី​គ្រោះ​មហន្តរាយ​ ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ អាច​រក្សា​បាន​សុវត្ថិភាព​ ស្ថិរភាព ​និង​ និរន្តរភាព​ សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​ ជា​ពិសេស​នៅ​ពេល​ដែល​​អាស៊ាន​ធ្វើ​សមាហរណកម្ម។

 

បើ​យោង​តាម​របាយ​ការណ៍​ហានិភ័យ​ឆ្នាំ​ ២០១៤ របស់​អង្គការ​សហប្រជាជាតិ​​បាន​បង្ហាញ​ថា​ កម្ពុជា​ជា​ប្រទេស​ទី ៩ ដែល​ងាយ​រង​គ្រោះ​ជាង​គេ​ ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក។ នៅ​ក្នុង​ឆ្នាំ ២០១៤​នេះ​ដដែល​ ទឹក​ជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ចំនួន​ ១៦៥ ៥១៦​នាក់​ ក្នុង​នោះ​៤៩ នាក់​បាន​បាត់​បង់​ជីវិត៕

 

អត្ថបទ៖ ណេង ណេង