ចោរ​ជំនាញ​ខាង​ឆក់ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ស្រុក​រលា​ប្អៀរដេញ​​ចាប់​បាន​ទាំង​ព្រឹក

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរដេញ​ស្ទាក់​ចាប់​បាន​ទាំង​ព្រឹក​ព្រលឹម ក្រោយ​ពី​បាន​ធ្វើ​សកម្មភាពឆក់​កាបូប​របស់​ប្រជាពលរដ្ឋ ។

ហេតុការណ៍ដេញចាប់​ចោរឆក់​នេះ​គឺ​ធ្វើ​ឡើង​កាលពី​វេលាម៉ោង​៧ និង​១៥​នាទីព្រឹក​ ថ្ងៃ​ទី​២ ​តុលា ​២០១៥ នៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ​។

លោកវ​រៈ​សេនីយ៍​ត្រី ទឹម ចាន់​ធី អធិការ​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា ជនសង្ស័យដែល​ចាប់​បាន​មានឈ្មោះ ចាន់ សុទ្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ពុក ឃុំ​តា​ពុក ស្រុក​ពុក​ឬ​ស្សី ខេត្តកណ្តាល ជាមុខសញ្ញា​ចោរឆក់ខ្យែ.​ក ឆក់​កាបូប និងកាច់​សោ.ក​ម៉ូតូ​ដ៏​សកម្ម ។

ក្រោយ​ពី​ចាប់​បាន​ជន​សង្ស័យ សមត្ថកិច្ច​បាន​រក​ឃើញ​​វត្ថុ​តាង​មានម៉ូតូ​ហុងដា​សេ​១២៥ ឆ្នាំ​២០១៥ មួយ​គ្រឿង សោ​ខ្សៀ​សម្រាប់​កាច់ក​ម៉ូតូ​១ ដង្កាប់​១ និង​កាបូប​មួយ​ផង​ដែរ ។

មុន​ពេល​កើតហេតុ​នៅ​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​សេ​១២៥​ឌុ​ប​គ្នា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​រលាប្អៀរ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូ​ប​ប្រជាពលរដ្ឋម្នាក់ រួច​បើក​ម៉ូតូ​គេចខ្លួន​ តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្រែក​ឱ្យ​ជួយ ហើយ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​ដេញ​តាម​ស្ទាក់​រហូត​ដល់​វាលស្រែក្នុងភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ទើប​ចាប់​បាន​តែ​ម្តង​។

ក្រោយ​ពី​សាកសួរ​រួច សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ បាន​កសាង​សំណុំ​រឿ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង និងស្រុក​រលាប្អៀរ នា​ពេល​កន្លង​មកនេះ សកម្មភាព​កាច់ក​ម៉ូតូ និងឆក់​កា​​បូ​ប​ប្រជាពលរដ្ឋ​ហាក់បីដូចជា​មាន​សកម្មភាព​ឡើង​វិញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ទោះបីជា​សមត្ថកិច្ច​បាន​ចេញ​ល្បាត​តាម​មូលដ្ឋាន​យ៉ាងណា​ក៏ដោយ ៕